អន្តរជាតិ
អ្នកវិទ្យាសាស្ត្រអឺរ៉ុប៖ ២០២៣ ទំនងជាឆ្នាំក្តៅខ្លាំងបំផុតក្នុងរយៈពេល ១០ម៉ឺនឆ្នាំចុងក្រោយ
10, Jan 2024 , 10:24 am        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
ឆ្នាំ២០២៣ ជាពេលដែលភពផែនដីក្តៅបំផុតក្នុងកំណត់ត្រា ហើយទំនងជាពេលដែលក្តៅបំផុត របស់ពិភពលោកក្នុងរយៈពេល១០ម៉ឺនឆ្នាំចុងក្រោយ។ នេះបើតាមគម្រោងឃ្លាំមើល អាកាសធាតុរបស់សហភាពអឺរ៉ុប Copernicus Climate Change Service (C3S) នាថ្ងៃទី៩ ខែមករា។

 
អ្នកវិទ្យាសាស្ត្រជាច្រើនបានរំពឹងទុកចំពោះអាកាសធាតុក្ដៅបំផុតបន្ទាប់ពីកំណត់ត្រាអាកាសធាតុត្រូវបានបំបែកម្តងហើយម្តងទៀត។ ចាប់តាំងពីខែមិថុនាមក រាល់ខែគឺជាខែដែលក្តៅ បំផុតនៅលើពិភពលោកក្នុងកំណត់ត្រា បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំ ២០២២។
 
«(ឆ្នាំមុន) គឺជាឆ្នាំដែលខុសពីឆ្នាំផ្សេងៗ ទាក់ទងនឹងអាកាសធាតុ​ ឆ្នាំមុនគឺនាំមុខ ទោះធៀប នឹងឆ្នាំដែលមានកំដៅក្ដៅខ្លាំងផ្សេងៗទៀតក៏ដោយ»។ ប្រធាន C3S លោក Carlo Buontempo សង្កត់ធ្ងន់បែបនេះក្នុងរបាយការណ៍ខាងលើ។
 
C3S បានបញ្ជាក់ផងដែរថាឆ្នាំ ២០២៣ ជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រាសីតុណ្ហភាពសកល ដូចឆ្នាំ១៨៥០។ នៅពេលពិនិត្យនឹងកំណត់ត្រាទិន្នន័យ palaeoclimatic ពីប្រភពដូចជារង្វង់ ដើមឈើ និងពពុះខ្យល់នៅក្នុងផ្ទាំងទឹកកក លោក Buontempo សម្គាល់ថា ទំនងជាឆ្នាំក្តៅ បំផុតក្នុងរយៈពេល ១០ ម៉ឺនឆ្នាំចុងក្រោយនេះ។
 
ជាមធ្យមនៅឆ្នាំ ២០២៣ ភពផែនដីមានកំដៅក្ដៅជាង ១,៤៨ អង្សា ធៀបនៅសម័យមុន ឧស្សាហកម្មឆ្នាំ ១៨៥០-១៩០០ នៅពេលដែលមនុស្សចាប់ផ្តើមដុតឥន្ធនៈហ្វូស៊ីលតាមខ្នាតឧស្សាហកម្ម ដោយបញ្ចេញកាបូនឌីអុកស៊ីតទៅក្នុងបរិយាកាស។
 
គួរបញ្ជាក់ថា​ ទោះបីជាមានការរីកសាយភាយនៃគោលដៅអាកាសធាតុរបស់រដ្ឋាភិបាល និងក្រុមហ៊ុនក៏ដោយ ការបំភាយឧស្ម័នកាបូនិចនៅតែមានកម្រិតខ្ពស់ដដែល។ ការបំភាយឧស្ម័ន កាបូនិចរបស់ពិភពលោកពីការដុតធ្យូងថ្ម ប្រេង និងឧស្ម័នបានឈានដល់កម្រិតកំណត់ត្រា ក្នុងឆ្នាំ ២០២៣។
 
ទន្ទឹមនឹងការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស សីតុណ្ហភាពនៅឆ្នាំ ២០២៣ ត្រូវបានជំរុញដោយបាតុភូតអាកាសធាតុ El Nino ដែលធ្វើឱ្យផ្ទៃទឹកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតក្ដៅជាងមុន និងរួមចំណែកធ្វើឱ្យសីតុណ្ហភាពពិភពលោកកាន់តែកើនឡើង។
 
ផលប៉ះពាល់នៃកម្ដៅក៏មានច្រើនរាប់មិនអស់ផងដែរតាំងពីរលកកំដៅដ៏សាហាវ ភ្លៀងខ្លាំង បង្កជាទឹកជំនន់ និងព្រមទាំងការប៉ះពាល់ដល់ ទិន្នផលកសិកម្ម​ និងសេដ្ឋកិច្ចជាដើម៕

© រក្សាសិទ្ធិដោយ thmeythmey.com