កីឡាអន្តរជាតិ
អន្តរជាតិ
EFL Cup៖ Pochettino និយាយលែងចេញ ក្រោយ Chelsea ចាញ់ Middlesbrough វគ្គ១/២ ជើងទី១
10, Jan 2024 , 10:59 am        
រូបភាព
Chelsea ភ្លាត់ស្នៀតចាញ់ Middlesbrough ក្រុមកម្រិតទី២អង់គ្លេស Championship ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតពានរង្វាន់ EFL Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័តរ។ លោក Mauricio Pochettino អ្នកចាត់ការតោខៀវ ថាកូនក្រុមខ្ជះខ្ជាយឱកាសមាសច្រើនលើក។

 
ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EFL Cup ដែលធ្វើឡើងនៅរាត្រីថ្ងៃទី៩ ខែមករា ក្រុមភ្ញៀវ Chelsea បានវាយសម្រុក Middlesbrough លើសលុប ទាំងការគ្រប់គ្រងបាល់ និងស៊ុតដល់ទៅ១៨ជើង ក្នុងនោះស៊ុតចំគោលដៅ៥លើក។ Cole Palmer បានខ្ជះខ្ជាយឱកាសមាសដល់ទៅ៣លើកសម្រាប់ក្រុមលោក Mauricio Pochettino។
 
យ៉ាងណាក៏ដោយនៅនាទី៣៧ Hayden Hackney ជាអ្នករកបានគ្រាប់បាល់ជ័យជម្នះឱ្យ Middlesbrough ដែលសព្វថ្ងៃស្ថិតក្រោមការដឹកនាំរបស់លោក Michael Carrick អតីតកីឡាករ និងជំនួយការ Manchester United។ 
 
អ្នកចាត់ការទូទៅតោខៀវ លោក Pochettino បានប្រាប់កាសែតក្រោយចប់ការប្រកួតថា លោកនិយាយលែងចេញ ជុំវិញការលេងរបស់កូនក្រុម។
 
«យើងបានបង្កើតឱកាសច្រើន ប៉ុន្តែយើងខ្វះការសម្រេចទី។ ពាក់កណ្តាលរដូវកាលនេះ យើងបានបង្កើតប្រព័ន្ធលេងល្អហើយ ប៉ុន្តែយើងមិនទទួលបានលទ្ធផលគាប់ប្រសើរទេ»។ នេះជាការអះអាងរបស់អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន។
 
Chelsea ដែលឈរនៅលេខរៀងទី១០ ក្នុងតារាងលីគកំពូលអង់គ្លេស Premier League បច្ចុប្បន្ន ត្រូវបានអ្នកវិភាគស្ថិតិ Opta បង្ហាញចំនួនខកឱកាសធំៗដល់ទៅ៤០ ដែលខ្ពស់បំផុតទីពីរបន្ទាប់ពី Liverpool ដែលមាន៤១លើក។
 
Chelsea នឹងត្រូវទទួល Middlesbrough នៅជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ EFL Cup នៅថ្ងៃទី២២ ខែមករា ដើម្បីកាត់ក្តីរកមួយក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ។ 
 
ដោយឡែកជំនួបមួយក្រុមទៀត Liverpool ត្រូវទទួល Fulham នៅជើងទី១ វគ្គ១/២ផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃទី១០ ខែមករា និងជើងទី១ នៅដី Fulham នៅរាត្រីថ្ងៃទី២៣ ខែមករា។ សម្រាប់ជំនួបផ្តាច់ព្រ័ត្រ EFL Cup រដូវកាល ២០២៣-២៤ នឹងធ្វើនៅកីឡដ្ឋាន Wembley នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ៕

Tag:
 EFL Cup
© រក្សាសិទ្ធិដោយ thmeythmey.com