ជាតិ
ពន្យល់ពាក្យ
ក្រុម​ប្រឹក្សាជាតិភាសាខ្មែរ អនុម័តមេពាក្យ «រាជាណាចក្រ​ភ្នំ» និង «នគរគោកធ្លក»
11, Jan 2024 , 7:29 am        
រូបភាព
កាលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិភាសាខ្មែរ បាន​អនុម័ត​មេពាក្យចំនួន​២របស់គណៈកម្មការប្រវត្តិវិទ្យា គឺ «រាជាណាចក្រភ្នំ» និង «នគរគោកធ្លក» ជាមួយនឹងសេចក្តីពន្យល់​បច្ចេកសព្ទ​ទាំងនោះ។

 
កិច្ច​ប្រជុំពិនិត្យ ពិភាក្សា និង​អនុម័ត​បច្ចេកសព្ទ ដែលដឹកនាំដោយ​បណ្ឌិត ជួរ គារី ទីប្រឹក្សា​រាជបណ្ឌិត្យ​សភាកម្ពុជាបានពន្យល់​ពាក្យ «រាជាណាចក្រភ្នំ» ដែលភាសាអង់គ្លេសហៅថា «Kingdom of Phnom» ឬ «Royaume de Phnom» ជាភាសាបារាំង។ «រាជាណាចក្រភ្នំ» គឺរដ្ឋខ្មែរដែលមានអត្ថិភាពចាប់ពីស.វ.ទី១ដល់ទី៦នៃគ.ស.។  អតីតរាជាណាចក្រនេះមានព្រំប្រទល់ខាងជើងជាប់នឹងប្រទេស ចិន ខាងកើតជាប់នឹងប្រទេសចម្ប៉ា ខាងត្បូងជាប់នឹងឈូងសមុទ្រ ខ្មែរ និងខាងលិចជាប់នឹងប្រទេសមន។
 
រាជាណាចក្រនេះមាន រដ្ឋបុរីចំណុះជាច្រើន និងមានរាជធានីឈ្មោះ វ្យាធបុរៈ។ រាជាណាចក្រ ភ្នំប្រើភាសាខ្មែរបុរាណ សំស្ក្រឹត បាលី និងគោរពព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។ ដោយផ្អែកតាមកំណត់ហេតុរបស់អ្នក ការទូតចិន កាំង តៃ និង ជូ យីង បញ្ជាក់ថា បឋមក្សត្ររាជាណាចក្រ ភ្នំគឺព្រះនាង លីវ យី និង ព្រះបាទ ហ៊ុន ទៀន។ ព្រះមហាក្សត្រ ចុងក្រោយគឺព្រះបាទរុទ្រវរ្ម័ន។
 
រីឯ «នគរគោកធ្លក» គឺ «Kauk Thlork Kingdom» ជាភាសាអង់គ្លេស និង «Royaume de Kauk Thlok» ជាភាសាបារាំង។ តាមព្រះរាជពង្សាវតារភាគតំណាល ឆ្នាំ១៨៦៩ នគរគោកធ្លក ជារដ្ឋប្រជាជាតិខ្មែរដំបូង ជាព្រះរាជាណាចក្រមួយ ដែលចាប់ផ្ដើម ដោយរាជវង្សព្រះថោង និងនាងនាគ នៅឆ្នាំ២៦៧មុនគ.ស.។ នគរគោកធ្លកឬកោះគោកធ្លក ដែលជាទីកំណើតនៃអរិយធម៌ខ្មែរនោះ លាតសន្ធឹងពីតំបន់មាត់មហាសាគរប៉ាស៊ីហ្វិកនៅភាគ ខាងត្បូង (អូរកែវ-អង្គរបុរី) ទៅដល់នគររាជសីមានិងទន្លេមូល (ថៃហៅថា ទន្លេមូន) នៅភាគខាងជើង។
 
កំណាយបុរាណវត្ថុវិទ្យានាឆ្នាំ១៩៩៦-១៩៩៩ ដោយអ្នកបុរាណវត្ថុវិទ្យានៃសាកលវិទ្យាល័យហាវ៉ៃ (ស.រ.អា.) និងសាកល វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរកឃើញថា រដ្ឋដំបូងៗនៅតំបន់អង្គរបុរី មានអត្ថិភាពតាំងពី៥០០ឆ្នាំមុនគ.ស.។ នេះជាភស្តុតាង ដ៏រឹងមាំមួយទៀត បញ្ជាក់អំពីនគរគោកធ្លក ដែលមានចំណាស់ច្រើនសតវត្សរ៍មុនគ.ស.៕

© រក្សាសិទ្ធិដោយ thmeythmey.com