កីឡាអន្តរជាតិ
អន្តរជាតិ
វត្តមាន Messi បង្ខំក្លិបមួយចំនួននៅ MLS ប្តូរកីឡដ្ឋានពីតូចទៅធំ
10, Jan 2024 , 4:59 pm        
រូបភាព
វត្តមានខ្សែប្រយុទ្ធ Lionel Messi ក្នុងក្រុម Inter Miami បានបង្ខំក្លិបគូប្រជែងនៃលីគបាល់ទាត់កំពូលអាម៉េរិក (MLS) ផ្លាស់ប្តូរទីតាំងកីឡដ្ឋានពីតូចទៅធំ ដែលអាចផ្ទុកអ្នកទស្សនាផ្ទាល់រាប់ម៉ឺននាក់។ ការប្តូរទីតាំងនេះ ជាការទាញយកប្រយោជន៍ដល់ក្លិបរបស់ពួកគេរៀងខ្លួននៅពេលប៉ះក្រុម Inter Miami នៅរដូវកាលថ្មី។



ចាប់តាំងពីទៅដល់ Inter Miam កាលពីពាក់កណ្តាករដូវកាល ២០២២  ប្រធានក្រុម Messi បានជះឥទ្ធិពល យ៉ាងខ្លាំងទៅលើក្របខណ្ឌបាល់ទាត់ប្រទេសអាម៉េរិក។ តម្លៃលក់សំបុត្រការប្រកួតដែលមានវត្តមាន Messi មានការកើនឡើងទាំងបរិមាណ និងតម្លៃ ព្រោះមានមនុស្សជាច្រើនចង់ឃើញការលេងរបស់កីឡាករវ័យ ៣៦ឆ្នាំ ខណៈការលក់សម្ភារកីឡាដូចជាអាវ ក៏បានកើនឡើង។ 
 
ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ លេងបានត្រឹមតែ ១៤ប្រកួតប៉ុណ្ណោះសម្រាប់ក្រុម Miami ដោយគេរកបាន ១១គ្រាប់ និងជួយដល់ក្រុមដែលមានលោក David Beckham ជាម្ចាស់មួយរូប ឈ្នះពាន  ​League Cup លើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប។ 
  


សម្រាប់រដូវកាលថ្មី វត្តមាន Messi នៅតែជាដើមចមក្នុងការទាក់ទាញចំណាប់អារម្មណ៍ ដោយការប្រកួតថ្ងៃបើកឆាកនៃលីគ MLS រដូវកាល ២០២៣-២៤ ទល់ក្រុម Sporting Kansas City ត្រូវបានផ្លាស់ប្តូរកីឡដ្ឋានប្រកួត។
 
ដំបូងការប្រកួតទល់នឹងក្រុម Miami ត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន Children’s Mercy Park ដែលកីឡដ្ឋានផ្ទុកអ្នកទស្សនាបានត្រឹមតែ ១៨,០០០នាក់ប៉ុណ្ណោះ តែយ៉ាងណាក្លិប Sporting Kansas City សម្រេចចិត្តប្តូរទីតាំងទៅកាន់កីឡដ្ឋាន Arrowhead ជាទឹកដីរបស់ក្រុមបាល់ឱប Kansas City របស់លីគ NFL ស្ថិតក្រោមម្ចាស់តែមួយ ដែលផ្ទុកអ្នកទស្សនាបាន ៧៦,០០០នាក់។
 
ការប្តូរកីឡដ្ឋានផ្តល់ភាពងាយស្រួលសម្រាប់អ្នកគាំទ្រដែលមានបំណងចង់ទស្សនាការប្រកួត ដែលមានវត្តមានរបស់តារាបាល់ទាត់សញ្ជាតិអាហ្សង់ទីន ខណៈជាផលប្រយោជន៍មួយសម្រាប់ក្រុម Kansas City ថែមទៀត។
 
«ការប្រកួតនេះបានបង្កើតនូវចំនួនការចាប់អារម្មណ៍ មិនធ្លាប់មានពីមុនមក ចាប់តាំងពីកាលវិភាគរបស់ Major League Soccer ត្រូវបានផ្សព្វផ្សាយកាលសប្តាហ៍មុន។ យើងជឿថាព្រឹត្តិការណ៍ដ៏ធំក្នុងទីក្រុង Kansas នឹងធ្វើឱ្យយើងនិងដៃគូសហការ រួមតាំងការប្រកួតក្នុងកីឡដ្ឋាន Arrowhead នឹងមានមោទកភាព ព្រមទាំងទទួលបានបទពិសោធន៍ដ៏អស្ចារ្យទៅកាន់អ្នកគាំទ្ររបស់យើង និងក្រុមយើង។ ទទួលបានឱកាសរៀបចំការប្រកួត ដែលមានវត្តមាន​ Messi ក្នុងក្របខណ្ឌ MLS លើកដំបូង ជារឿងពិសេស ខណៈដែលប្រទេសអាម៉េរិកបានត្រៀមខ្លួនសម្រាប់ធ្វើម្ចាស់ផ្ទះ Copa America និង FIFA World Cup ឆ្នាំ ២០២៦។»។ នេះបើតាមសម្តីរបស់លោក Jake Reid ប្រធាន និងនាយកប្រតិបត្តិក្លិប Sporting Kansas City៕

Tag:
 Lionel Messi
  Major League Soccer
© រក្សាសិទ្ធិដោយ thmeythmey.com