ជាតិ
សេដ្ឋកិច្ច
ពលរដ្ឋខ្មែរម្នាក់ មានចំណូលមធ្យម​ ២ ០៧១ដុល្លារ ក្នុងឆ្នាំ២០២៤
10, Jan 2024 , 8:39 pm        
រូបភាព
រូបតំណាង៖ សកម្មភាពទិញ-លក់របស់ប្រជាពលរដ្ឋនៅផ្សារបឹងត្របែក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១មករា ឆ្នាំ២០២៤។
រូបតំណាង៖ សកម្មភាពទិញ-លក់របស់ប្រជាពលរដ្ឋនៅផ្សារបឹងត្របែក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១មករា ឆ្នាំ២០២៤។
តាមការព្យាករសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤ នឹងងើបឡើងវិញក្នុងកំណើន៦,៦ភាគរយ។​ ការណ៍នេះ ធ្វើឱ្យប្រាក់​ចំណូល​ជាមធ្យម​របស់​ពលរដ្ឋខ្មែរ​ម្នាក់​ៗ​រំពឹងឡើងដល់ ២​ ០៧១​​ដុល្លារ កើន​​ជាង៨​ភាគ​រយ​ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០២៣ មាន១ ៩១៧ដុល្លារ។ នេះ​បើតាមរបាយការណ៍ថវិកា​សង្ខេប​ឆ្នាំ២០២៤ (Budget in Brief, Fiscal Year 2024)។

 
ឯកសារ​ថវិកា​សង្ខេប​ប្រចាំ​ឆ្នាំ​​២០​២៤​ចេញផ្សាយដោយក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបង្ហាញ​​ថា សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២៤ នឹង​សម្រេច​បាន​កំណើន​ក្នុង​រង្វង់៦,៦​ភាគ​រយ ​ដែល​នឹង​ធ្វើ​ឱ្យ​ផលិត​ផល​ក្នុងស្រុក​សរុប​ (ផ.ស.ស) ​​បច្ចុប្បន្ន ​​ស្ថិត​នៅក្នុង​រង្វង់ ១៤២ ៩៥៧​ពាន់​លាន​រៀល​ (ប្រមាណ ​៣៥ ១៦៨​លាន​ដុល្លារ​អាម៉េរិក)។ ជាមួយគ្នានេះ ផ.ស.ស សម្រាប់មនុស្សម្នាក់ៗ​រំពឹង​​​កើន​ដល់ ២ ០៧១​ ដុល្លារ​។
 
បើតាម​លោក​​បណ្ឌិត ឆេង គីមឡុង អ្នកជំនាញសេដ្ឋកិច្ច និងជានាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ការព្យាករកំណើន​​ប្រាក់​​ចំណូល​របស់​ប្រជាជន​ខ្មែរនេះ ​គឺ​​​​មាន​ការអង្កេត​ និង​សិក្សា​ច្បាស់​លាស់ដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ច និងប្រាក់ចំណូលប្រជាជន។ លោកបានបញ្ជាក់ថា ការព្យាកររបស់រដ្ឋាភិបាលលើប្រាក់ចំណូលពលរដ្ឋជាមធ្យម២ ០៧១ដុល្លារសម្រាប់ឆ្នាំ២០២៤នេះ បានឆ្លុះបញ្ចាំងពីភាពក្លាវក្លាឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ​តាមរយៈប្រភពចំណូលក្នុងស្រុក ដែលបានពីការប្រមូលពន្ធដារ និងពន្ធគយ។ 
 
ក្រៅពីនេះ លោកបណ្ឌិតឆេង គីមឡុង សង្កេតឃើញសកម្មភាពវិនិយោគមួយចំនួនក្នុងស្រុក ក៏មានការកើនឡើង​ លើផ្នែកផលិតកម្មក្នុងវិស័យកសិកម្ម ឧស្សាហកម្ម  និងសេវាកម្ម ផងដែរ។  « ជាពិសេស គឺយើងឃើញថា វិស័យឧស្សាហកម្មទេសចរណ៍បានងើបឡើងវិញ។ ចំនួនទេសចរដែលមកកម្ពុជា ក៏កើនឡើង។ ដូច្នេះហើយ! យើងឃើញថាស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ចយើងនេះ ហាក់មានសន្ទុះកើនឡើងវិញដែលធ្វើឱ្យចំណូលពលរដ្ឋម្នាក់ៗជាមធ្យមក្នុងឆ្នាំ២០២៤នេះ មានការកើនឡើងរហូតដល់ជាង២០០០ដុល្លារ ដែលជាការព្យាកររបស់រដ្ឋាភិបាល»។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានរៀបរាប់បែបនេះមកកាន់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) នារសៀលថ្ងៃទី៩មករា។ 
 
ជាមួយគ្នានេះ លោកបណ្ឌិតឆេង គីមឡុង មាន​សុទិដ្ឋិ​និយមខ្ពស់​ចំពោះ​ការ​បោះ​ជំហាន​ទៅ​មុខ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដែលធ្វើឱ្យប្រាក់​ចំណូល​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​​កើន​ឡើង​​ជា​បន្ត​បន្ទាប់ ​ស្របទៅតាមចក្ខុវិស័យរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕

Tag:
 ចំណូល
  ពលរដ្ឋ
 
© រក្សាសិទ្ធិដោយ thmeythmey.com