ជាតិ
សេដ្ឋកិច្ច
២០២៤ ជាឆ្នាំជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាអគារជាប់គាំង
10, Jan 2024 , 9:59 pm        
រូបភាព
ទិដ្ឋភាពរួមនៃទីក្រុងព្រះសីហនុ
ទិដ្ឋភាពរួមនៃទីក្រុងព្រះសីហនុ
ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត នឹងប្រកាសដាក់អនុវត្តនូវកម្មវិធីគោលនយោបាយដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ នៅថ្ងៃទី៣១ មករា ឆ្នាំ២០២៤ ។  នេះ ជាកម្មវិធីនយោបាយថ្មីមួយក្នុងឆ្នាំ២០២៤ ដែលផ្តោតសំខាន់លើការជំរុញឱ្យមានការវិនិយោគ នៅក្នុងខេត្តជាប់សមុទ្រមួយនេះ។

 
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានកោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករ-និយោជិត ប្រមាណ១,១ម៉ឺននាក់ នៅខេត្តកោះកុង​ នាថ្ងៃទី៨មករា សម្តេច ហ៊ុន ម៉ាណែត​ បាននិយាយថា ៖ «២០២៤ គឺជាឆ្នាំដែលត្រូវជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ​ដើម្បីដោះស្រាយបញ្ហាជាប់គាំងសំណង់»។​​
 
បើតាមលោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ កម្មវិធីគោលនយោបាយពិសេសដែលរដ្ឋាភិបាលត្រៀមប្រកាសឱ្យអនុវត្តនៅចុងខែមករានេះ ក្រៅពីជួយជំរុញការដោះស្រាយបញ្ហាជាប់គាំងអគារហើយនោះ ក៏ជួយដល់សកម្មភាពវិនិយោគណាមួយទៀត ដែលមិនពាក់ព័ន្ធទៅនឹងអគារជាប់គាំង រួមទាំងជួយ អ្នកវិនិយោគក្នុងការពង្រីកសកម្មភាពរបស់ខ្លួន នៅខេត្តព្រះសីហនុ​ ផងដែរ។ 
 
លោកបញ្ជាក់ថា កម្មវិធីគោលនយោបាយនេះ មានលក្ខណៈពិសេស​ច្រើន ជាមួយកញ្ចប់លើកទឹកចិត្តនានា សម្រាប់វិនិយោគិន ទាំងផ្នែកពន្ធដារ​ និងមិនមែនពន្ធដារ ខណៈខេត្តនេះមានសក្កានុពលខ្ពស់ក្នុងការវិនិយោគ។ 
 
ខេត្តព្រះសីហនុ មានសក្កានុពលខ្លាំងទាំងផ្នែកទេសចរណ៍ និងផ្នែកដឹកជញ្ជូន ដែលរដ្ឋាភិបាល កំពុងរៀបចំផែនការ ប្រែក្លាយឱ្យទៅជាតំបន់ឧស្សាហកម្មយ៉ាងសកម្ម ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងជាមជ្ឈមណ្ឌលនៃទីផ្សារហិរញ្ញវត្ថុ​អន្តរជាតិ​ នាពេលអនាគត។ 
 
«លក្ខណៈទាំងនេះ យើងមើលឃើញថា​ ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចពិសេសពហុបំណងដ៏សំខាន់ ដែលការអភិវឌ្ឍខេត្តព្រះសីហនុ គឺស្មើនឹងការរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាមួយទាំងមូល»។ លោកអភិបាលរងខេត្តព្រះសីហនុ​ថ្លែងបែបនេះ មកកាន់សារព័ត៌មានថ្មីៗ(ThmeyThmey) នាថ្ងៃទី១០មករា ដោយបានបន្ថែមថា​ សក្កានុពលទាំងអស់នេះ ជាភាពទាក់ទាញអ្នកវិនិយោគឱ្យចាប់ផ្តើមធ្វើសកម្មភាពវិនិយោគរបស់ខ្លួន នៅក្នុងឆ្នាំ២០២៤ លើទឹកដីខេត្តព្រះសីហនុ។​
 
កម្មវិធីគោលនយោបាយពិសេសរបស់រដ្ឋាភិបាល ដើម្បីការជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ត្រូវបានរំពឹងខ្ពស់ក្នុងការទាក់ទាញវិនិយោគិនចម្រុះជាតិសាសន៍។ សម្រាប់លោក ឌីម៉ង់ អ្នកវិនិយោគដែលបោះទុនរកស៊ីនៅខេត្តព្រះសីហនុក្នុងឆ្នាំ២០២៤នេះ គឺមិនមានត្រឹមតែជាជនជាតិចិន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឬអ្នកវិនិយោគិនក្នុងតំបន់ប៉ុណ្ណោះទេ តែអាចមានទាំងវិនិយោគិនជនជាតិអឺរ៉ុប និងអាម៉េរិក ផងដែរ។  
 
លោកអភិបាលរង​ខេត្តបន្តនិយាយយ៉ាងដូច្នេះ៖ «យើងជឿជាក់ថា សូម្បីតែអ្នកវិនិយោគជនជាតិអឺរ៉ុប និងអ្នកវិនិយោគជនជាតិអាម៉េរិកក៏មានការចាប់អារម្មណ៍ខ្លាំង ព្រោះកន្លងមកយើងបានធ្វើកិច្ចការងារចម្រុះជាមួយសភាពាណិជ្ជកម្មបារាំង ជាមួយសភាពាណិជ្ជកម្មអឺរ៉ុប និងសភាពាណិជ្ជកម្មអាម៉េរិក ជាដើម។ អ្នកវិនិយោគទាំងនោះបានឃើញអំពីសក្កានុពលរបស់ខេត្តជាមួយនឹងគោលនបាយពិសេសដែលសម្តេច ហ៊ុន ម៉ាណែត នឹងប្រកាសនៅចុងខែមករានេះ គឺវាធ្វើឱ្យអ្នកវិនិយោគទាំងនោះកាន់តែមានទំនុកចិត្តថែមទៀត»។  
 
ជាមួយគ្នានេះ លោក​​បណ្ឌិត ឆេង គីមឡុង អ្នកជំនាញសេដ្ឋកិច្ច និងជានាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) មើលឃើញថា ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល នឹងជំរុញសេដ្ឋកិច្ចខេត្តព្រះសីហនុនេះ ឱ្យមានភាពរស់រវើកឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងវិបត្តិផ្សេងៗនៅលើពិភពលោក តាមរយៈការទាក់ទាញអ្នកវិនិយោគ។ 
 
លោក បន្តនិយាយថា កម្មវិធីនយោបាយពិសេសសម្រាប់ខេត្តព្រះសីហនុ ក៏នឹងស្រូបទាញអ្នកវិនិយោគ មកពីប្រទេសជប៉ុនបានមួយចំនួនផងដែរ ខណៈបច្ចុប្បន្នវិនិយោគិនជប៉ុនមួយចំនួន ទទួលបានសិទ្ធិអភិវឌ្ឍលើកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ 
 
«ការទាក់ទាញអ្នកវិនិយោគពីគោលនបាយថ្មីរបស់រដ្ឋាភិបាល នឹងធ្វើឱ្យខេត្តព្រះសីហនុមានភាពក្លាវក្លាឡើងវិញ​ ហើយក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសនៅជាប់សមុទ្រដែលមានភាពអំណោយផលទាំងសម្រាប់ការតភ្ជាប់សេដ្ឋកិច្ចទៅខេត្តជាប់សមុទ្រឯទៀត​ និងរាជធានីភ្នំពេញ។ លើសពីនោះទៀត គឺសម្រាប់តភ្ជាប់អ្នកទេសចរតាមកប៉ាល់ ឬនេវាពីអន្តរជាតិនានា»។  នេះជាការលើកឡើងរបស់លោក ឆេង គីមឡុង។ 
 
នារយៈពេលជាង៣ឆ្នាំ នៃការចាកចេញរបស់វិនិយោគិនចិន ព្រោះតែការបិទហ្គេមអនឡាញ និងវិបត្តិកូវីដ-១៩ បានបន្សល់នូវការជាប់គាំងការដ្ឋានសំណង់តូច-ធំជាច្រើនកន្លែង ដែលរាយប៉ាយជុំវិញខេត្តព្រះសីហនុ។ រូបភាពនេះ​ វាបានបង្ហាញពីភាពអសកម្មរបស់ខេត្តជាប់សមុទ្រមួយនេះ មកទល់បច្ចុប្បន្ន​។ 
 
តាមរបាយការណ៍ពីមន្ទីរដែនដី និងនគរូបនីយកម្មខេត្តព្រះសីហនុ បានបង្ហាញថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ អគារនៅខេត្តព្រះសីហនុមានចំនួន១០៦៩អគារ។ ក្នុងនោះមាន៤៧៥អគារ ត្រូវបានសាងសង់រួច​និងដំណើរការ ខណៈមានអគារសាងសង់រួចចំនួន១៧៧​មិនបានដំណើរការអាជីវកម្ម។ ជាមួយគ្នានេះ អគារដែលត្រូវបានផ្អាកការសាងសង់មាន៣៦៤អគារ និងអគារកំពុងសាងសង់មាន៥៣អគារ៕ 

Tag:
 សំណង់អគារ
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com