កីឡាអន្តរជាតិ
អន្តរជាតិ
លីគបាល់ទះ តេជោលីគ ទទួលស្គាល់ពីសហព័ន្ធអាស៊ី និង FIVB ដោយរៀបចំតាមស្តង់ដារពិភពលោក
11, Jan 2024 , 8:39 am        
រូបភាព
លីគបាល់ទះប្រវត្តិសាស្ត្ររសប់កម្ពុជា«តេជោលីគ» ត្រៀមបង្ហាញរូបរាងនៅថ្ងៃបើកកម្មវិធីថ្ងៃទី១២ ខែមករា ដោយមានក្រុមអាជីពចំនួន ៨ ចូលរួម។ លោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា អះអាងថាលីគបាល់ទះលើកដំបូងនេះ ទទួលស្គាល់ពីសហព័ន្ធកីឡាបាល់ទះអាស៊ី (AVC) និងអន្តរជាតិ (FIVB) និងរៀបចំប្រកួតតាមស្តង់ដារលីគអាជីពកម្រិតពិភពលោក។



«តេជោលីគ ក៏ត្រូវបានទទួលស្គាល់ពីសំណាក់ FIVB និង AVC រួមជាមួយសមាគមបាល់ទះក្នុងតំបន់អាស៊ីអាគ្នេយ៍ (SAVA)។»។ នេះបើតាមសម្តីរបស់លោក អាំង សេរីពិសិដ្ឋ ប្រាប់កសារព័ត៌មានឌីជីថលថ្មីៗ តាមរយៈបណ្តាញសង្គមតេឡេក្រាម។
 
ក្លិប និងសមាគមបាល់ទះក្នុងប្រទេសកម្ពុជាចំនួន ៨ កំពុងត្រៀមខ្លួនប្រកួតប្រជែងក្នុងលីគដែលមានរយៈពេលជាង ១ខែ ដែលការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី១២ ខែមករា រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ​ ក្នុងសាលកីឡាបាល់ទះវិមានអូឡាំពិក។ ក្រុមមួយចំនួន ដែលចូលរួមប្រកួតប្រជែងក៏មានសមាសភាពកីឡាករបរទេសចូលរួម​ផងដែរ។
  


ចាប់កំណើតលើកដំបូងក្នុងនាមជាលីគបាល់ទះអាជីពប្រចាំកម្ពុជា ដែលមាន៨ក្រុម លោក សេរីពិសិដ្ឋ​ បានអះអាងដូច្នេះថា៖ «ពាក់ព័ន្ធចំនួនក្លិបលីគបាល់ទះ ក្រៅពីលីគជាតិ (National League) ភាគច្រើនដូចជាប្រទេសជិតខាងយើង ឡាវ មាន ៦ក្រុម, ថៃ មាន ៨ក្រុមដូចយើងដែរ ហើយតៃវ៉ាន់ មាន ៦ក្រុម អ៊ីចឹងភាគច្រើនក្លិបគេត្រូវជ្រើសយកក្លិបខ្លាំងចំនួនចាប់ពី ៦ ទៅ ៨ ដើម្បីប្រកួតប្រជែងស្របតាមស្តង់ដាការប្រកួត លើកលែងតែលីគជាតិដែលមានក្រុមកើនឡើងដល់ ១៨ ឬ ២០ក្រុម។»។
 
បន្ថែមពីនេះ ការប្រកួតរយៈពេលជាង ១ខែ នឹងមានរូបមន្តប្រកួតចំនួន ៣ ដំណាក់កាល ដោយ ជុំទី១ ជម្រុះ ២ក្រុម ជុំទី២ ជម្រុះ ២ក្រុម និងជុំទី៣ សល់៤ក្រុម ប្រជែងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រហូតដល់វគ្គផ្តាច់ព្រ័ត្រដើម្បីរកក្រុងជើងឯក។ ទម្រង់ប្រកួតបែបនេះ លោក អាំង សេរី​ពិសិដ្ឋ បញ្ជាក់ថាដើម្បីជួយសម្រួលដល់ការចំណាយលើកីឡាករ របស់ក្លិប និងសមាគមដែលនឹងប្រកួតប្រជែង។
  


សមាសភាពក្រុមដែលនឹងត្រូវប្រកួតប្រជែងរួមមាន សមាគមបាល់ទះ វិសាខា, សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ, ក្លិបបញ្ជាការដ្ឋានអង្គរក្ស, ក្លិបកងពលធំអន្តរាគមន៍លេខ ៣, ក្លិបកីឡាបាល់ទះខេត្តព្រះសីហនុ, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ក្លិបស្នងការរដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងក្លិបស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
 
ទៅលើការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមសមាគមបាល់ទះវិសាខា ម្ចាស់ពានរង្វាន់ «តេជោខាប់» កាលឆ្នាំ ២០២៣ ទល់នឹងក្លិប Sanest Khanh Hoa លេខ ១ មកពីវៀតណាម គឺជាការប្រកួតបើកឆាកដើម្បីស្វាគមន៍ការប្រកួត«តេជោលីគ» និងដើម្បីកៀរគរការគាំទ្រផង។ 

នៅក្នុងប្រទេសកម្ពុជា ការប្រកួតមិត្តភាពអន្តរជាតិ​លើវិស័យបាល់ទះភាគច្រើនមានកំណើននៃការគាំទ្រ និងស្សនាដោយផ្ទាល់ក្នុងកីឡដ្ឋានច្រើន។ ជុំវិញករណីនេះ អគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជាបានពន្យល់បន្ថែមដូច្នេះថា ៖«ការប្រកួតមិត្តភាពរវាងក្លិប Sanest និងវិសាខា ​ជាការបើកព្រឹត្តិការណ៍តេជោលីគ អ៊ីចឹងព្រឹត្តិការណ៍នេះយើងចង់ពញ្ញាក់អារម្មណ៍ និងគៀងគរអ្នកគាំទ្រឱ្យមកទស្សនាការប្រកួតរវាងក្លិបលេខ ១ នៅវៀតណាម ទល់នឹងក្លិបលេខ ១ នៅកម្ពុជា។ សន្ទុះនៃការគាំទ្រលើការប្រកួតអន្តរជាតិ លើកលែងតែការប្រកួត​លីគថ្នាក់ជាតិ ខ្ញុំគិតថាមានតែកម្ពុជាប៉ុណ្ណោះ ដែលមានអ្នកចូលទស្សនាច្រើនជាងគេនៅលើពិភពលោក។»៕


 


Tag:
 បាល់ទះ
  តេជោលីគ
  អាំង សេរីពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com