ជាតិ
សុខភាព
រកឃើញករណី​និស្សិតបន្លំសញ្ញាបត្របាក់ឌុប ដើម្បីប្រឡងចូលរៀនពេទ្យ
11, Jan 2024 , 8:45 am        
រូបភាព
រូបតំណាង។ Pixabay
រូបតំណាង។ Pixabay
ដោយ: រួបរួម
គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល កាលពីថ្ងៃទី១០ ខែមករា បានចេញសេចក្តីប្រកាសព័ត៌មានអំពីករណីក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងការដាក់ពាក្យចូលរួមប្រឡងជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង។



អង្គភាពដែលស្ថិតនៅក្រោមទីស្តីការគណៈរដ្ឋមន្ត្រីមួយនេះ បានបញ្ជាក់ពីការរកឃើញករណីនិស្សិតក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កន្លងមក ហើយបុគ្គលទាំងនោះ ត្រូវបានលុបឈ្មោះចេញពីបញ្ជី ឈ្មោះនិស្សិតប្រឡងជ្រើសរើសជាប់ចូលរៀន នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលនានា ជាបន្តបន្ទាប់។

ក្នុងសេចក្តីប្រកាសព័ត៌មាន គណៈកម្មាធិការប្រឡងថ្នាក់ជាតិ បញ្ជាក់ពីគោលបំណងបញ្ចប់ការក្លែងបន្លំឯកសារសាធារណៈ ជាពិសេសសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់កិត្យានុភាពគ្រូពេទ្យ និងលើកកម្ពស់តម្លៃ នៃសីលធម៌សេចក្តីថ្លៃថ្នូរក្នុងសង្គម។

ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤តទៅ គណៈកម្មាធិការប្រឡងថ្នាក់ជាតិ នឹងពង្រឹងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយអ្នកក្លែងបន្លំឯកសារសាធារណៈ ប្រឈមការផ្តន្ទាទោសដាក់ពីពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ ដោយមិនលើកលែង មិនយោគយល់ មិនអន់ឱន អនុគ្រោះ ចំពោះបុគ្គលរូបណាឡើយ។

និស្សិតដែលធ្លាប់ត្រូវបានគណៈកម្មាធិការប្រឡងថ្នាក់ជាតិ លុបឈ្មោះចេញពីបញ្ជីឈ្មោះ និស្សិតប្រឡងជ្រើសរើសជាប់កន្លងទៅ មិនត្រូវបានអនុញ្ញាតឱ្យដាក់ពាក្យចូលរួមប្រឡងថ្នាក់ជាតិជាថ្មី ឡើងវិញទៀតឡើយ។ អំពើនៃការក្លែងឯកសារសាធារណៈ ទោះបីបានទទួលសញ្ញាបត្រចេញទៅប្រកបវិជ្ជាជីវៈពេទ្យ ហើយក៏ដោយ ប្រសិនបើ រកឃើញថា មានការប្រើឯកសារក្លែងបន្លំនឹងត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ដកហូតសញ្ញាបត្រ។ អំពើនៃការប្រើប្រាស់ឯកសារ សាធារណៈក្លែងបន្លំនឹងត្រូវគិតអាជ្ញាយុកាលចាប់ពីថ្ងៃដែលត្រូវបានរកឃើញឯកសារជាកម្មវត្ថុនៃអំពើល្មើស នោះតទៅ ដោយមិនគិតពីថ្ងៃដែលបានប្រព្រឹត្តនោះទេ។

«សូមសិស្សានុសិស្សដែលមានឯកសារក្លែងក្លាយ និងមានបំណងដាក់ពាក្យចូលរួមការ ប្រឡងថ្នាក់ជាតិ សូមកុំមកដាក់ពាក្យប្រឡងចូលរៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល នានា ដែលនឹងនាំឱ្យមានផលវិបាកកើតឡើងដល់ខ្លួនឯង ហើយនាំឱ្យខាតបង់ពេលវេលា ថវិកាខ្លួនឯង និង ក្រុមគ្រួសារទាំងមូល ព្រមទាំងប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរផ្ទាល់ខ្លួនឯងទៀតផង»។ នេះជាការណែនាំរបស់គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ដោយបន្ថែមថា សិស្សានុសិស្ស ដែលមិនមានសញ្ញាបត្រទុតិយភូមិអាចអញ្ជើញទៅដាក់ពាក្យប្រឡងនៅផ្នែក ឬវិស័យផ្សេងទៀតបាន៕


© រក្សាសិទ្ធិដោយ thmeythmey.com