កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool វាយបកឈ្នះ Fulham ជើងទីមួយ វគ្គ១/២ EFL Cup
11, Jan 2024 , 1:57 pm        
រូបភាព
Liverpool បានវាយបកយកឈ្នះ Fulham ដោយលទ្ធផល ២-១ ដើម្បីយកប្រៀបនាំមុខនៅក្នុងការប្រកួតសម្រាប់ជើងទីមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup នៅក្នុងកីឡដ្ឋាន Anfield នាថ្ងៃទី១០ ខែមករា។ ជ័យជម្នះដ៏សំខាន់របស់ក្រុមរហស្សនាមហង្សក្រហមធ្វើបានដោយកីឡាករ Curtis Jones និង Cody Gakpo ដែលរកបានត្រឹម៣នាទី។



Fulham ជាក្រុមភ្ញៀវ ស៊ុតគ្រាប់បាល់នាំមុខ ១គ្រាប់មុន នៅនាទី១៩ ដោយខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល William នៅក្នុងវគ្គទីមួយ។ ទោះជាយ៉ាងណាសមាជិកក្រុមហង្សក្រហម Curtis Jones ស៊ុត ១គ្រាប់នៅនាទី៦៨ មុនពេល Cody Gakpo ស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះនៅនាទី៧១ និងជាការរកគ្រាប់បាល់ ២គ្រាប់ បានលឿនបំផុតត្រឹម ៣នាទី នៅវគ្គទីពីរ។
 
ទោះជាឈ្នះការប្រកួតក៏ដោយ ប៉ុន្តែលោក Jurgen Klopp ជាអ្នកចាត់ការទូទៅប្រចាំក្រុម​ហាក់មិនសប្បាយចិត្តចំពោះលទ្ធផលឡើយ ហើយបុរសសញ្ជាតិអាល្លឺម៉ង់ទាមទារកូនក្រុមឱ្យធ្វើបានកាន់តែខ្លាំងជាងការប្រកួតជើងទីមួយ។ លោក Klopp ​និយាយប្រាប់អ្នកកាសែតដូច្នេះ ៖«វាមិនមែនជាការប្រកួតដ៏ល្អរបស់យើង​ ដូចដែលយើងធ្លាប់បានលេងឡើយ។ ខ្ញុំបានប្រាប់កូនក្រុមរបស់ខ្ញុំថាយើងជាមនុស្សដែលខ្លាំងពូកែ។»។
 
Liverpool បន្តយកឈ្នះការប្រកួតក្នុងទឹកដីចំនួន ១៤លើក ជាប់គ្នា និងស្មើ ២លើក នៅក្នុងរដូវកាល ២០២៣-២៤ នេះ។ ដោយឡែកសម្រាប់ Gakpo ដែលប្តូរចូលក្នុងវគ្គទីពីរជួយនៅតំបន់ប្រយុទ្ធជាមួយនឹងមិត្តរួមក្រុម Darwin Nunez ភ្លាមៗរូបគេរកបាន ១គ្រាប់​នាទី៧១ ដែលជាគ្រាប់រក្សាជ័យជម្នះក្នុងទឹកដី Anfield ក៏បានបង្ហាញក្តីរីករាយសម្រាប់ការជួយក្រុមយកឈ្នះការប្រកួត។
 
«វាជាចិត្តគំនិតក្នុងក្រុម ក្នុងក្លិប និងបន្តទៅមុខ ហើយវាគ្មានបញ្ហាអ្វីកើតឡើងនោះទេ យើងបានបង្ហាញវាម្តងទៀតនៅថ្ងៃនេះ។ ប្រសិនបើអ្នកមានចិត្តគំនិតនោះ អ្វីៗជាច្រើនអាចនឹងកើតឡើង។ សម្រាប់ Jones ក៏ដូចគ្នារកបានគ្រាប់បាល់ដ៏សំខាន់សម្រាប់យើងទាំងអស់គ្នា បន្ទាប់ពីយើងមានអារម្មណ៍ថាបាក់ស្បាត មិនត្រឹមតែមានការគ្រប់គ្រងប៉ុណ្ណោះទេ តែការបង្កើតឱកាស ហើយបន្ទាប់មកចាលើកទីពីរ ដូច្នេះខ្ញុំសប្បាយចិត្តខ្លាំងដែលបានលេងជាមួយពួកគេ។»។ Gakpo បាននិយាយប្រាប់ទូរទស្សន៍​ Sky Sports បែបនេះ។
 
Liverpool នឹងធ្វើដំណើរទៅកាន់ទឹកដី Craven Cottage សម្រាប់ការប្រកួតប្រជែងជើងទីពីរ នៅថ្ងៃទី២៤ ខែមករា ដើម្បីស្វែងរកឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ EFL Cup៕

Tag:
 EFL Cup
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com