ជាតិ
អាកាសចរណ៍ស៊ីវិល៖ ការរិះគន់ថា បុគ្គលិកព្រលានសុំលុយធីបពីភ្ញៀវ ជារឿងមិនពិត
11, Jan 2024 , 2:19 pm        
រូបភាព
សៀមរាប៖ ប៉ុន្មានថ្ងៃកន្លងទៅនេះ មានការបង្ហោះសារព្រោងព្រាត ដែលគេមិនដឹងថាជាសារថ្មី ឬសារចាស់នោះទេ ដែលបង្ហាញថា ទេសចរអន្ដរជាតិមានអារម្មណ៍មិនពេញចិត្ត និងផ្តល់ពិន្ទុទាប ទៅលើព្រលានយន្តហោះថ្មីសៀមរាបអង្គរ ដោយសារមានបុគ្គលិកសុំលុយធីបពីភ្ញៀវ។ មិនបង្គង់យូរឡើយ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចេញសេចក្ដីបំភ្លឺ និងឆ្លើយតបថា មិនដូចការលើកឡើងទាំងនោះឡើយ ហើយក៏គ្មានបុគ្គលិកព្រលានរូបណា សុំលុយធីបពីភ្ញៀវដែរ។

 
ក្នុងសេចក្ដីស្រាយបំភ្លឺព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី១១ ខែមករា មានចំនួន២ទំព័រ រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានបកស្រាយថា ការបញ្ចេញយោបល់របស់ភ្ញៀវទេសចរទាំងនោះ កើតមានតាំងពី២ ឬ៩ខែមុនមកម្ល៉េះ ស្របពេលដែលអាកាសយានដ្ឋានថ្មីនៅស្រុកសូទ្រនិគម ទើបដាក់សម្ពោធជាផ្លូវការនៅពាក់កណ្ដាលខែ វិច្ឆិកា ឆ្នាំ២០២៣។  
 
ចំណុចទី២នៃសេចក្ដីបំភ្លឺបានសរសេរថា៖« ការសរសេររិះគន់អំពីបុគ្គលិកអាកាសយានដ្ឋានសុំលុយធីប ពីភ្ញៀវទេសចរ ជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន»។ 
 


តែយ៉ាងណាករណីនេះ អ្នកពាក់ព័ន្ធបានសហការជាមួយក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋាន ដើម្បីណែនាំ ផ្សព្វផ្សាយ និងក្រើនរំឭកដល់បុគ្គលិកអាកាសដ្ឋានឱ្យប្រកាន់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ក្នុងការបម្រើសេវាដល់អតិថិជនឱ្យបានល្អប្រសើរ។ នេះបើតាមអាកាសចរស៊ីវិល។
 
ដោយឡែកចំពោះការផ្ដល់ពិន្ទុដល់អាកាសយានដ្ឋានរបស់ភ្ញៀវទេសចរ អាកាសចរណ៍ស៊ីវិលបញ្ជាក់ថា ការណ៍នេះមិនអាស្រ័យទៅលើអារម្មណ៍ និងការសន្និដ្ឋានដោយគ្មានមូលដ្ឋាន និងប្រភពច្បាស់លាស់ របស់បុគ្គលទាំងនោះឡើយ។ ផ្ទុយទៅវិញ ស្កាយត្រាក (Skytrax) ដែលជាស្ថាប័នអន្ដរជាតិឈានមុខគេ ដើម្បីស្រាវជ្រាវ និងវាយតម្លៃលើក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាន ដោយផ្អែកលើគុណភាពនៃសេវាកម្ម និងកិច្ចដំណើរការរបស់អាកាសយានដ្ឋាន។ 



រីឯការរិះគន់រឿងក្រដាសប្រាក់ដុល្លារ អាកាសចរណ៍ស៊ីវិលពន្យល់ថា អាចក្រដាសប្រាក់ទាំងនោះចាស់ មានស្នាមប្រឡាក់ ឬរហែក ទើបភ្ញៀវពិបាកចាយវាយ។ ចំណែកការរិះគន់មន្រ្តីអន្ដោប្រវេសន៍ ប្រចាំការនៅអាកាសយានដ្ឋានវិញ អាកាសចរណ៍ស៊ីវិលបំភ្លឺថា ជាព័ត៌មានគ្មានប្រភពច្បាស់លាស់។ 
 
ទាក់ទងនឹងបញ្ហានេះដែរ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែមករា បានចេញសេចក្ដីបំភ្លឺព័ត៌មានថា ការរិះគន់ទាំងនោះមិនមានប្រភពច្បាស់លាស់។ ផ្ទុយទៅវិញ ស្ថាប័ននេះបានខិតខំជំរុញការអនុវត្តច្បាប់ ស្ដីពីអន្ដោប្រវេសន៍យ៉ាងម៉ឺងម៉ាត់ និងក្រើនរំឭលដល់មន្រ្តី លើការគ្រប់គ្រងដំណើរចេញ-ចូលតាមច្រកទ្វារអន្ដរជាតិដែលស្ថិតក្រោមសមត្ថកិច្ចរបស់អគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ និងណែនាំពីការបិទតម្លៃទិដ្ឋាការនៅទីតាំងផ្ទាល់៕





Tag:
 ព្រលានយន្តហោះ
  សៀមរាបអង្គរ
  ទេសចរណ៍
 
© រក្សាសិទ្ធិដោយ thmeythmey.com