ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន ម៉ាណែត ហាមអ្នកលក់ផលិតផល និងផលិតវីដេអូ កុំឱ្យធ្វើអ្វីដែលហួសព្រំដែន
11, Jan 2024 , 4:15 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានហាមអ្នកលក់ផលិតផល អ្នកលក់ឡេ ឬអ្នកបង្កើតមាតិកាវីដេអូផ្សេងៗ លើបណ្ដាញសង្គម កុំធ្វើអ្វីដែលហួសព្រំដែន។ សម្ដេច ក៏គាំទ្រឱ្យអាជ្ញាធរពាក់ព័ន្ធ អនុវត្តវិធានការលើពួកគេទាំងនោះដែរ។



«(អ្នកបង្កើតមាតិកាវីដេអូ) គាត់ចង់ល្បី គាត់ទៅហូបកង់ឡាន វាធ្វើឱ្យប្រទេសមួយចំនួន គេមើលងាយខ្មែរ ដោយគេមើលងាយថា តោះ!យកកង់ឡាន យកស្បែកជើងឱ្យខ្មែរហូប»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត ដែលមិនគាំទ្រឱ្យផលិតវីដេអូបែបនេះទៀតឡើយ។
 
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១១ មករា សម្ដេច ហ៊ុន ម៉ាណែត ក៏ទទួលស្គាល់ថា ការបង្កើតមាតិកា ឬផលិតវីដេអូ គឺត្រូវការភាពទាក់ទាញ និងប្លែកពីគេ ទើបអាចមានប្រជាប្រិយភាព និងល្បីល្បាញ។ ជាពិសេសអាចរកចំណូលបាន តាមរយៈវីដេអូទាំងនោះ។ ប៉ុន្តែបើការផលិតវីដេអូនោះ វាហួសព្រំដែនកំណត់ ដែលប្រាសចាកពីវប្បធម៌ ប្រពៃណី និងប៉ះពាល់ដល់សីលធម៌សង្គមនោះ សម្ដេច ក៏មិនគាំទ្រឡើយ។
 
«បើសិនជាគាត់អនុវត្តលើសព្រំដែន យើងត្រូវតែតម្រង់ទិស មិនមែនដាក់ទណ្ឌកម្មនេះ ជាការធ្វើបាបទេ ប៉ុន្តែជាសារមួយ ដើម្បីរម្លឹកទៅបង ប្អូន ក្មួយថា ប្អូន ក្មួយធ្វើហួសព្រំដែន»។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ដែលបានបន្ថែមថា បើអាជ្ញាធរឃើញវីដេអូ ឬសកម្មភាពណាមួយ ហួសព្រំដែន ត្រូវតែតម្រង់ទិសអ្នកផលិតមាតិកាទាំងនោះ ព្រោះបើមិនតម្រង់ទិសពួកគេទេ វានឹងធ្វើឱ្យអ្នកដទៃទៀត ដែលឃើញគំរូអាក្រក់តាមវីដេអូនោះ យល់ច្រឡំថា សកម្មភាពក្នុងវីដេអូនោះ ជារឿងត្រឹមត្រូវ ហើយនាំគ្នាអនុវត្តតាម ដែលជះផលអាក្រក់ដល់សង្គម។
 
សម្ដេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា បើអប់រំពួកគេហើយ តែមិនស្ដាប់ ត្រូវតែមានវិធានការបន្ថែមទៀត ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលមិនគាំទ្រសកម្មភាពទាំងនោះ។ «យើងមិនបិទអ៊ីធឺណិតទេ តែយើងត្រូវបង្រៀនឱ្យគាត់យល់ និងមើលពីតម្លៃអ្វីដែលត្រឹមត្រូវ ហើយអ្វីដែលមិនត្រឹមត្រូវ»។ នេះបើតាមប្រមុខរដ្ឋាភិបាល ដែលបានបន្ថែមថា កន្លងមក មានប្រជាពលរដ្ឋជាច្រើន បង្ហាញការមិនពេញចិត្តចំពោះអ្នកផលិតវីដេអូទាំងនោះ ។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ក៏បានហាមអ្នកលក់ឡេ និងផលិតផលនានា តាមអនឡាញ ជាពិសេសស្ត្រី មិនត្រូវធ្វើអ្វីដែលនាំឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណីរបស់ស្ត្រីខ្មែរឡើយ។

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com