ជាតិ
រដ្ឋាភិបាល ជ្រើសរើសមន្រ្តីកសិកម្មឃុំ៨០០នាក់ទៀត នៅឆ្នាំ២០២៤
11, Jan 2024 , 8:29 pm        
រូបភាព
រូបភាព៖ លោក យ៉ង សាំងកុមារ
រូបភាព៖ លោក យ៉ង សាំងកុមារ
ភ្នំពេញ៖ រដ្ឋាភិបាល នឹងបន្តជ្រើសរើសមន្រ្តីកសិកម្មឃុំ-សង្កាត់ ៨០០នាក់បន្ថែមទៀត នៅឆ្នាំ២០២៤ និងបំពេញបង្គ្រប់តាមផែនការ ១៦០០នាក់ នៅឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់ យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។



នៅក្នុងកិច្ចសម្ភាសស្ដីពី «បច្ចុប្បន្នភាពការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ-សង្កាត់ ក្រោយជ្រើសរើសបានចំនួន២៥០រូប» លោក យ៉ង សាំងកុមារ បានលើកឡើងថា នៅក្នុងអណតិ្តទី៧នេះ រដ្ឋាភិបាលបានដាក់ គោលនយោបាយ ពង្រាយមន្ត្រីកសិកម្មចំនួន១៦០០នាក់ នៅតាមឃុំ-សង្កាត់ ១៥៥០កន្លែង ទូទាំងប្រទេស។ បច្ចុប្បន្ន ក្រសួងកសិកម្ម ទទួលបានមន្រ្តីកសិកម្មឃុំចំនួន ២៥០នាក់ហើយ ដូច្នេះតាមគម្រោង ក្រសួងនឹងបន្តជ្រើសរើស ៨០០នាក់បន្ថែមទៀត ក្នុងអំឡុងខែមីនា និងមេសា ឆ្នាំ២០២៤ ដើម្បីបំពេញ តាមផែនការ ។
 
លោក ថ្លែងដូច្នេះថា៖« តាមផែនការរបស់រដ្ឋាភិបាល គ្រោងដាក់មន្រ្តីកសិកម្ម គ្រប់ឃុំ-សង្កាត់ ដែលមានចំនួនសរុប១៦០០រូប។ មកទល់ពេលនេះ យើងរើសបាន២៥០នាក់ហើយ ដូច្នេះ នៅចន្លោះខែមីនា ដល់មេសា យើងរើស៨០០នាក់ទៀត ហើយយ៉ាងយូរនៅដើមឆ្នាំ២០២៥ យើងរើសជាង៥០០នាក់ទៀត ដើម្បីឱ្យគ្រប់តាមផែនការ១៦០០នាក់»។ 
 
មន្រ្តីកសិកម្មឃុំ-សង្កាត់​ មានតួនាទីទទួលខុសត្រូវរាល់បញ្ហាប្រឈម និងតម្រូវការណាមួយរបស់កសិករ។ ពួកគេត្រូវជួយគាំទ្រលើការងារផ្នែកបច្ចេកទេស ការផ្តល់ព័ត៌មាន ការប្រឹក្សាយោបល់ ប្រមូលទិន្ន័យ និងកំណត់ដំណោះស្រាយជូនកសិករ។ អ្វីដែលសំខាន់ជាងគេ គឺការជួយជំរុញផលិតកម្មរបស់កសិករ និងសហគមន៍ ផ្សារភ្ជាប់ទៅនឹងទីផ្សារ។ នេះបើតាមលោក យ៉ង់ សាំងកុមារ។
 
បើតាមមន្រ្តីកសិកម្មរូបនេះ គោលនយោបាយមន្រ្តីកសិកម្មឃុំ ធ្វើឡើងក្នុងទិសដៅបង្កើនផលិតភាពសេដ្ឋកិច្ច និងប្រាក់ចំណូលដល់កសិករមូលដ្ឋាន តាមរយៈការអនុវត្តកសិកម្មឱ្យអស់លទ្ធភាព និងកសិកម្មដែលមានភាពធននឹងការប្រែប្រួលអាកាសធាតុ រួមបញ្ចូលទាំង ការកសាងខ្សែច្រវាក់ផលិតកម្ម ផ្សារភ្ជាប់មកទីផ្សារផងដែរ។
 
លោក យ៉ង សាំងកុមារ ជឿជាក់ថា តាមរយៈការពង្រាយមន្រ្តីកសិកម្មឃុំនេះ នឹងជួយឱ្យកសិករ និងក្រសួងកសិកម្ម កាន់តែមានភាពជិតស្និតនឹងគ្នា។ មិនតែប៉ុណ្ណោះ កសិករអាចទទួលបានភាពកក់ក្ដៅជាងមុន នៅពេលមានមន្រ្តីកសិកម្ម ជួយដោះស្រាយបញ្ហាទាន់ពេលវេលា។
 
លោក ថ្លែងដូច្នេះថា៖«តាមរយៈមន្រ្តីកសិកម្មឃុំ បានធ្វើឱ្យក្រសួងកសិកម្ម មានលទ្ធភាពខិតជិតកសិករ ហើយធ្វើឱ្យកសិករមានភាពកក់ក្ដៅ ព្រោះថា មានអ្នកជួយដោះស្រាយបញ្ហាពួកគាត់(កសិករ) ទាន់ពេល»។ 
 
ជាមួយគ្នានេះ លោក យ៉ង សាំងកុមារ លើកទឹកចិត្តឱ្យបេក្ខជនចូលរួមប្រឡងជ្រើសរើស​មន្រ្តី​កសិកម្មឃុំឱ្យបានកាន់តែច្រើន៕ 

Tag:
 ក្រសួងកសិកម្ម
  មន្រ្តីកសិកម្មឃុំ
  យ៉ង សាំង កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com