កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ូលិសដង្ហែក្បួនរថយន្តក្នុងក្រុងប៉ារីស ទាមទារដំឡើងប្រាក់ឈ្នួល អំឡុងអូឡាំពិក
11, Jan 2024 , 8:59 pm        
រូបភាព
មន្ត្រីប៉ូលិសបារាំង ច្រើននាក់បានធ្វើក្បួនដង្ហែរតាមឡានក្រុងឆ្លងកាត់ទីក្រុងប៉ារីស នៅថ្ងៃទី១០ ខែមករា ដើម្បីជំរុញឱ្យអាជ្ញាធរពន្លឿនការពិភាក្សាអំពីលក្ខខណ្ឌការងារ និងថ្លៃប្រាក់ឈ្នួលក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ ២០២៤ ដែលនឹងធ្វើឡើងនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។



«នេះជាការព្រមានដល់សមត្ថកិច្ចថា ប្រាំមួយខែមុនព្រឹត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចមិនដឹងជារងកម្តៅថ្ងៃយ៉ាងណានោះទេ។ លក្ខខណ្ឌដែលកម្លាំងប៉ូលិសត្រូវបានប្រើប្រាស់ចូលក្នុងការប្រកួតកីឡាអូឡាំពិកគឺទទួលបានមិនល្អទេ។»។ នេះបើតាមសម្តីលោក ​Gregory Joron ដែលជាប្រធានសហជីព SGP Police FO ប្រាប់ទៅកាន់វិទ្យុ Sud។
 
លោក Joron បានរំលឹកឡើងវិញនូវការទាមទារឱ្យមានភាពច្បាស់លាស់អំពីលក្ខខណ្ឌការងារ និងជាពិសេសប្រាក់រង្វាន់ ១,៥០០អឺរ៉ូ សម្រាប់មន្រ្តីប៉ូលិសទាំងអស់។ សហជីពប៉ូលិសបានអំពាវនាវឱ្យធ្វើកូដកម្មនៅថ្ងៃទី១៨ ខែមករា ដើម្បីបញ្ចេញសំឡេងមិនសប្បាយចិត្តនៅមុនការប្រកួត។
 
ក្បួនដង្ហែឡានក្រុងរបស់ក្រុមមន្ត្រីប៉ូលិស បានដង្ហែដោយលាយឡំជាមួយនឹងផ្ទាំងបដា ហើយការដង្ហែប្រឆាំងតវ៉ា បានចាកចេញពីទីលានព្រះវិហារ Saint Augustin នៅចំកណ្តាលទីក្រុងប៉ារីសកាលពីថ្ងៃទី១០ ខែមករា ធ្វើដំណើររហូតទៅកាន់ទីលាន Bastille។
 
ចាប់ផ្តើមនៅចុងខែកក្កដា កីឡាអូឡាំពិកត្រូវបានកំណត់ឱ្យកាន់តែតានតឹងលើកម្លាំងការងាររបស់ទីក្រុងប៉ារីស ចំពេលមានការគំរាមកំហែងផ្នែកសន្តិសុខកើនឡើង។ កត្តាសុវត្ថិភាពទៀតសោតក៏មានការខ្វះខាត ទាំងបុគ្គលិកបម្រើការងារ និងមន្ត្រីប៉ូលិសការពារសន្តិសុខ កង្វះមន្ត្រីពេទ្យ និងការដឹកជញ្ជូនសាធារណៈ។
 
មន្ត្រីប៉ូលិស និងទាហានប្រមាណ ៣ម៉ឺននាក់ ត្រូវបានដាក់ឱ្យចល័តដើម្បីធានាពិធីបើកការប្រកួតជាផ្លូវការនៅថ្ងៃទី២៦ ខែកក្កដា នៅពេលដែលមនុស្សប្រមាណ ៦សែននាក់ ត្រូវបានគេរំពឹងថានឹងទៅមើលអត្តពលិក និងគណៈប្រតិភូជិះទូកនៅតាមដងទន្លេសែន (Seine)៕

Tag:
 អូឡាំពិក
  Paris 2024
© រក្សាសិទ្ធិដោយ thmeythmey.com