ជាតិ
ការនាំចេញជ័រ និងឈើកៅស៊ូរបស់កម្ពុជា សម្រេចបាន៤៤៧លានដុល្លារ
11, Jan 2024 , 9:29 pm        
រូបភាព
ភ្នំពេញ៖ ការនាំចេញឈើកៅស៊ូ និងជ័រកៅស៊ូរបស់កម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់ ៤៤៧លានដុល្លារ នារយៈពេល១១ខែឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។



គិតចាប់ពីខែមករា ដល់វិច្ឆិកា ឆ្នាំ២០២៣ កម្ពុជាផលិតបានជ័រកៅស៊ូ ៣៣៤ ៨៨៣តោន កើនឡើងចំនួន ៥ ៥២៧តោន ឬស្មើនឹង ១,៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ក្នុងនោះបរិមាណនៃការនាំចេញទៅកាន់អន្តរជាតិមានចំនួន ៣៣៤ ១៧៦តោន កើនឡើង ១១ ៥៩០តោន ឬស្មើ ៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ ២០២២។ ចំពោះ ការនាំចេញឈើកៅស៊ូវិញ សម្រេចបាន ៨ ៩៨២ ម៉ែត្រគីប។ 
 
ទាំងការនាំចេញឈើកៅស៊ូ និងជ័រកៅស៊ូ មានតម្លៃ ៤៤៦ ៩២៥ ៦៧៤ដុល្លារ ក្នុងនោះមាន ៤៤៥ ៤២២ ២៣៥ដុល្លារ ជាចំណូលបានមកពីការនាំចេញជ័រកៅស៊ូ។ 
 
គិតត្រឹមខែវិច្ឆិកា ជ័រកៅស៊ូនៅទីផ្សារមានតម្លៃ ១ ៣៣៣ដុល្លារក្នុងមួយតោន ថយចុះចំនួន១១១ដុល្លារក្នុងមួយតោន ឬស្មើ ៧,៧ភាគរយ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ ចំណែក តម្លៃលក់ឈើកៅស៊ូវិញគិតជាមធ្យម ២៣១ដុល្លារក្នុងមួយម៉ែត្រគីប។ 
 
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម កម្ពុជាមានផ្ទៃដីកៅស៊ូសរុប ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចម្ការកៅស៊ូកសិ-ឧស្សាហកម្មចំនួន ៤៦ ៦៨២ហិកតា ផ្ទៃដីចម្ការកៅស៊ូសម្បទានដីសេដ្ឋកិច្ចចំនួន ១៨០ ១៥៨ហិកតា និងផ្ទៃដីចម្ការកៅស៊ូគ្រួសារចំនួន ១៨០ ៣៣២ហ។ ផ្ទៃដីចៀរជ័រចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង ៧៩ភាគរយ និងផ្ទៃដីថែទាំចំនួន ៨៦ ៩៨៨ហិកតា ស្មើនឹង ២១ភាគរយ៕ 

Tag:
 កសិកម្ម
  ជ័រកៅស៊ូ
  ឈើកៅស៊ូ
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com