ជាតិ
សេដ្ឋកិច្ច
ថ្លៃប្រើប្រាស់ផ្លូវ និងចំណតនៅព្រលានយន្តហោះសៀមរាប ត្រូវបានបញ្ចុះ៥០ភាគរយ ក្រោយមានការតវ៉ា
11, Jan 2024 , 5:43 pm        
រូបភាព
ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) សម្រេចមិនយកថ្លៃចំណត​ និងបញ្ចុះថ្លៃផ្លូវ ពី៣៣ទៅ៥០ភាគរយដល់ម្ចាស់យានយន្តចូល-ចេញព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ចាប់ពីថ្ងៃទី១៥មករា ទៅ។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីក្រុមអ្នករត់តាក់ស៊ីបានប្រមូលផ្ដុំគ្នាតវ៉ា នាពេលកន្លងមក។ 

 
នាថ្ងៃទី១១មករានេះ លោកស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំក្រុមការងារជំនាញអន្តរក្រសួងជួបពិភាក្សាការងារជាមួយលោក Lu Wei អគ្គនាយកក្រុមហ៊ុនAIAI ដើម្បីពិភាក្សាដោះស្រាយតម្លៃសេវាប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណត។ ជាលទ្ធផលក្រុមហ៊ុន បានឯកភាពមិនយកថ្លៃចំណត និងបញ្ចុះថ្លៃសេវាប្រើប្រាស់ចំណតមួយចំនួននៅក្នុងព្រលានយន្តហោះសៀមរាប-អង្គរ។
 
សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា ចំពោះការចូលទៅក្នុងព្រលានយន្តហោះសៀមរាប-អង្គរក្រោមរយៈពេល១៥នាទី គឺមិនត្រូវបានយកថ្លៃចំណតឡើយ សម្រាប់រថយន្តធុនតូចមិនលើស៧កៅអី និងរយៈពេល ៣០នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។
 
ជាមួយគ្នានេះ ក្រុមហ៊ុនយល់ព្រមបញ្ចុះតម្លៃបន្ថែក្នុងការប្រើប្រាស់ផ្លូវដល់យានយន្តគ្រប់ប្រភេទរហូតដំណាច់ឆ្នាំ២០២៥។ ក្នុងនោះ ប្រភេទយានយន្តA ត្រូវបានបញ្ចុះកម្រៃផ្លូវពី៤ដុល្លារ មកនៅត្រឹម២ដុល្លារ, ប្រភេទយានយន្តB ត្រូវបានបញ្ចុះកម្រៃពី៧,២៥ដុល្លារ មកនៅត្រឹម៤ដុល្លារ។ 
 
ប្រភេទយានយន្តC ត្រូវបានបញ្ចុះកម្រៃផ្លូវពី១១ដុល្លារ មកនៅត្រឹម៦ដុល្លារ និងប្រភេទយានយន្តD ត្រូវបានបញ្ចុះកម្រៃផ្លូវពី១២ដុល្លារមកនៅត្រឹម៨ដុល្លារ។ តម្លៃថ្មីទាំងនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៥មករា ឆ្នាំ២០២៤តទៅ។ 
 
បើតាមសេចក្តីប្រកាសព័ត៌មានដដែល ក្រៅពីការមានការឯកភាពគ្នាមិនយកថ្លៃចំណត និងបញ្ចុះថ្លៃសេវាផ្លូវក្នុងព្រលានយន្តហោះសៀមរាប-អង្គរហើយនោះ រដ្ឋាភិបាលជាមួយក្រុមហ៊ុន ក៏សម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអាជ្ញាធរដែនដី ដើម្បីគ្រប់គ្រងលើផ្លូវនេះ ទាក់ទងទៅនឹងការជួសជុល ថែទាំផ្លូវ និងសុវត្ថិភាពក្នុងការធ្វើដំណើរតាមដងផ្លូវនេះ ផងដែរ។ 
 
គួរជម្រាបថា អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ (SIA) បានដាក់ឱ្យដំណើរការនៅថ្ងៃទី១៦ តុលា និងសម្ពោធជាផ្លូវការនៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៣។ ព្រលាននេះវិនិយោគដោយក្រុមហ៊ុន AIAI ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាម៉េរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ។ ព្រលាននេះចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០២០ ជាព្រលានលំដាប់ថ្នាក់ 4E ដែលអាចទទួលយន្តហោះខ្នាតធំៗឱ្យចុះចតបាន៕  
 

Tag:
 សៀមរាប
  យន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com