ជាតិ
សង្គមជាតិ
រដ្ឋាភិបាល សម្រេចហាមឃាត់ការនាំចូលគ្រឿងក្នុង និងសាច់បង្កក រយៈពេល៦ខែ
12, Jan 2024 , 12:18 pm        
រូបភាព
សាច់បង្កកហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព ដែលមន្រ្តីជំនាញ ក.ប.ប. រកឃើញកាលពី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ រូបភាព៖ ក.ប.ប.។
សាច់បង្កកហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព ដែលមន្រ្តីជំនាញ ក.ប.ប. រកឃើញកាលពី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ រូបភាព៖ ក.ប.ប.។
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានបានសម្រេចផ្អាករាល់ការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ៦ខែ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរួម រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែមករា ។


 
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តីកម្ពុជា​ នៅថ្ងៃទី៩ ខែមករា បានសម្រេចឱ្យផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ៦ខែ។ 
 
ផលិតផលដែលត្រូវបានហាមឃាត់នេះ មានដូចជា អណ្តាតគោ និងក្របីបង្កក, ថ្លើមគោក្របីបង្កក, គ្រឿងក្នុងគោបង្កកផ្សេងៗ, ថ្លើមសត្វមាន់បង្កក, សាច់ និងគ្រឿងក្នុងមាន់បង្កក ។ ចំណែក ពោះវៀន , ប្លោក និងក្រពះទាំងមូល ឬជាផ្នែកនៃសត្វស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច ក៏ត្រូវហាមឃាត់ដែរ។ 
 
វិធានការផ្អាកការនាំចូលបណ្តោះអាសន្ននេះ នឹងចាប់ផ្តើមអនុវត្ត ពីថ្ងៃទី១២ ខែមីនា រហូត ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ តែយ៉ាងណា វិធានការនេះ មិនអនុវត្តចំពោះគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការនាំចូលទំនិញ ឬផលិតផលខាងសាច់បង្កក និងគ្រឿងក្នុង សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការហាមឃាត់សាច់ និងគ្រឿងក្នុងបង្កក ចូលមកកម្ពុជានៅពេលនេះ។ លោកថា វិធានការរយៈខ្លីនេះ គឺជាវត្ថុបំណងរបស់កសិករ និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក្នុងការស្ដារលទ្ធភាពចិញ្ចឹម និងលើកតម្លៃទីផ្សារឱ្យមានភាពល្អប្រសើរឡើងវិញ។
 
លោក ប្រាប់ដូច្នេះថា៖«វិធានការនេះ គឺជាអ្វីដែលសមាគមចង់បាន ព្រោះថាកន្លង ពួកយើងខំទទូចអង្វរអស់រយៈពេល២ទៅ៣ខែហើយ។ ឥឡូវបានជោគជ័យ មានអបអរសាទ និងថ្លែអំណរគុណដល់ក្រសួងពាក់ព័ន្ធដែលគូរ»។ 
 
វិធានការហាមឃាត់ នឹងបញ្ចប់ទៅវិញនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ ករណីនេះ លោក ស្រ៊ុន ពៅ មិនបាម្ភថា ក្រោយពេលបញ្ចប់វិធានការហើយ សាច់បង្កកហូរចូលវិញនោះទេ ដោយសារតែប៉ុន្មានខែខាងមុខទៀត អនុក្រឹត្យលេខ១៧ នឹងត្រូវកែសម្រួលថ្មី ដោយផ្ដល់សិទ្ធឱ្យក្រសួងកសិកម្ម ជាអ្នកសម្រេច ឬចេញលិខិតអនុញ្ញាត រាល់ការនាំចូលសាច់បង្កក់វិញ។ 
 
ប្រធានសមាគមអ្នកចិញ្ចឹមសត្វរូបនេះ ជឿថា ក្រសួងកសិកម្ម យល់ច្បាស់ពីការគ្រប់គ្រង់សាច់បង្កក និងយល់ច្បាស់ពីបញ្ហាប្រឈមរបស់កសិករ ជាងស្ថាប័នពាក់ព័ន្ធណាទាំងអស់។ 
 
លោក ស្រ៊ុន ពៅ ប្រាប់ដូច្នេះថា៖«ហាមឃាត់ការនាំចូលសាច់បង្កក និងគ្រឿង រយៈពេល៦ខែនេះល្អហើយ ព្រោះនៅខែឧសភាខាងមុខ នឹងមានការកែអនុក្រឹត្យថ្មី ដូច្នេះ យើងមានសង្ឃឹមវិញហើយ។ ក្នុងន័យនេះ លើកក្រោយបើសិនឈ្មួញណាចង់នាំចូល ទាល់តែទាក់ទងច្បាប់ទម្លាប់ពីក្រសួងកសិកម្ម ដូច្នេះ ខ្ញុំមិនសូវបាម្ភទេ ព្រោះក្រសួងកសិកម្ម ដូចជាឪពុកម្ដាយរបស់កសិក ដូច្នេះលោកនឹងដឹងថា អ្វីដែលខ្វះខាត និងអ្វីដែលគ្រប់»៕
 

Tag:
 កសិកម្ម
  សាច់បង្កក
  ស្រ៊ុន ពៅ
© រក្សាសិទ្ធិដោយ thmeythmey.com