កីឡាជាតិ
ជាតិ
ក្រុមបាល់បោះរទេះ​នារី​កម្ពុជា ចាញ់ចិនវគ្គផ្តាច់ព្រ័ត្រ ខកឱកាសទៅប៉ារ៉ាឡាំពិកប៉ារីស
12, Jan 2024 , 2:19 pm        
រូបភាព
ក្រុម​កី​ឡា​ការិនី​ជម្រើសជាតិ​បាល់​បោះជិះរទេះ​នារី​កម្ពុជា វិញ្ញសា៣ទល់៣ ទទួលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុង​ការ​​ប្រកួត​ជើង​ឯក​តំបន់អាស៊ី-អូសេអានី IWBF AOZ Championship ក្រោយចាញ់ចិនវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៩-៣។ មេដាយមាសចិន ទទួលបានសំបុទ្រទៅ​ប្រកួត​ប៉ារ៉ាឡាំពិកក្រុងប៉ារីស ឆ្នាំ​២០២៤ ខណៈកម្ពុជា សល់កៅអី​ទៅ​ប្រកួត​ជើង​ឯក IWBF Women’s Repechage ឆ្នាំ២០២៤ នៅ​ជប៉ុន។



ថៃ ​ជាម្ចាស់ផ្ទះរៀបចំការប្រកួត​កីឡាបាល់បោះជិះរទេះជើង​ឯក​តំបន់អាស៊ី-អូសេអានី IWBF AOZ Championship និង​វគ្គជម្រុះ​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ាឡាំពិកក្រុងប៉ារីស ឆ្នាំ​២០២៤ ដែលរៀបចំនៅក្រុងបាងកក ពីថ្ងៃទី១០ ដល់ទី២១ ខែមករា។ ​​​​វិញ្ញាសានារី ​៣​ទល់​៣ កម្ពុជា ស្ថិតនៅពូល B ជាមួយម្ចាស់ផ្ទះថៃ(A) អូស្ត្រាលី និងឥណ្ឌា ដោយឡែកពូល A មានឡាវ ចិន ហ្វីលីពីន និងថៃ(B)។
 
នៅជំនួបក្នុងពូល B ក្រុមនារីកម្ពុជា ឈ្នះទាំង៣ប្រកួត ឈរកំពូលតារាង មុនបន្តឈ្នះ២ប្រកួតទៀតនៅវគ្គ៨ក្រុមដោយឈ្នះឡាវ ១៤-៤ និងពាក់កណ្តាលផ្តាច់ព្រ័ត្រ ឈ្នះក្រុមថៃ (B) ៧-៤។

ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដោយត្រូវជួបចិន នៅព្រឹកថ្ងៃទី១២ ខែមករានេះ កម្ពុជារងបរាជ័យក្នុងលទ្ធផល ៩-៣។


 
ក្រុមបាល់បោះជិះរទេះនារីចិន វិញ្ញសា៣ទល់៣ ក្លាយជាម្ចាស់មេដាយមាស IWBF AOZ Championship ឯកម្ពុជា បានលេខ២ទទូលបានមេដាយប្រាក់។ អូស្ត្រាលី បានលេខ៣ ក្រោយឈ្នះ ថៃ(B) ក្នុងលទ្ធផល ៤-៣។
 
តាមរយៈលទ្ធផលនេះ ក្រុមបាល់បោះរទេះនារីចិន វិញ្ញសា៣ទល់៣ ទទួលបានកៅអីទៅ​ប្រកួត​ប៉ារ៉ាឡាំពិកក្រុងប៉ារីស ឆ្នាំ​២០២៤ ស្របពេលក្រុមរងជើងឯករងកម្ពុជា និងក្រុមលេខ៣ អូស្ត្រាលី ទទួលបានកៅអីប្រកួត​ជើង​ឯក IWBF Women’s Repechage ឆ្នាំ២០២៤ នៅក្រុងអូសាកា ប្រទេស​ជប៉ុន ឆ្នាំ២០២៤៕
 

Tag:
 IWBF AOZ
  ក្រុមបាល់បោះជិះរទេះ
© រក្សាសិទ្ធិដោយ thmeythmey.com