«ខ្ញុំធ្លាប់មានជំងឺបាក់ទឹកចិត្តម្ដងដែរ។ សៀវភៅបានជួយខ្ញុំច្រើនមែនទែន គឺប្ដូរគំនិតខ្ញុំ។ ការបាក់ទឹកចិត្ត ច្រើនតែមានរោគសញ្ញានៃការ គិតអវិជ្ជមានមកលើខ្លួនឯង ដូច្នេះសៀវភៅបែបលើកទឹកចិត្ត ជួយយើងបានច្រើន។ ឱ្យយើងចេះបែងចែកអារម្មណ៍។ ឱ្យយើងដឹងអ្វីជាសុខ អ្វីជាទុក្ខ ពេលនោះហើយ យើងអាចគ្រប់គ្រងខ្លួនឯងបាន»។ នេះគឺជាការអះអាងរបស់ កញ្ញា ហួរ ស៊ីនិត។
មានស្រុកកំណើត ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កញ្ញា ហួ ស៊ីនិត គឺជាគ្រូបង្រៀនថ្នាក់បឋមសិក្សា។ មានម្ដាយឪពុកជាកសិករ ស៊ីនិត បានភ្លក់រស់ជាតិនៃភាពក្រីក្រ ហើយគ្មានប្រាក់ទិញសៀវភៅ តាមចិត្តចង់។ កាលនៅតូច នាងរៀននៅក្នុងវត្ត ក្រោមសាលាដ៏ទ្រុឌទ្រោមមួយ ដោយមានសៀវភៅសម្រាប់អានបន្តិចបន្តួចប៉ុណ្ណោះ។ យូរៗម្ដងទើបនាង និងមិត្តអាចមានឱកាសអានសៀវភៅទាំងនោះ ដ្បិតអីវាត្រូវបានរក្សាទុកក្នុងទូ ដោយចាក់សោរយ៉ាងគត់មត់។ ទុកក្នុងទូដើម្បីការពារពីភ្លៀង និងកណ្ឌៀរកោរ កណ្ដុរកាត់ ព្រោះតែសាលាពុកខ្លាំង។
«គ្រូរវល់ មិនសូវបានបើកទូទេ ប៉ុន្តែពេលបើកម្ដងៗ សិស្សនាំគ្នារត់ទៅបើកមើលហើយ»។ នេះជាការរំលឹករបស់ ស៊ីនិត។
រលឹកដល់គ្រាខ្លួនខ្វះខាតសៀវភៅអាន ស្របពេលបច្ចុប្បន្នក្មេងៗក្នុងភូមិ ក៏មានស្ថានភាពដូចនាងដែរ ទើបបានជា នារីកូនពៅក្នុងចំណោមបងប្អូន៣នាក់រូបនេះ ប្ដេជ្ញាបង្កើតបណ្ណាល័យចល័តតូចមួយ នៅក្នុងភូមិ នាដើមឆ្នាំ២០២៣។ នារីសក់ខ្មៅរលោង ស៊ីនិត សង្ឃឹមថា បណ្ណាល័យនេះ នឹងជំរុញឱ្យកុមារមានសៀវភៅអាន ស្របនឹងវ័យរបស់ពួកគេ ហើយវានឹងជួយជំរុញ ឱ្យកុមារចូលចិត្តអានសៀវភៅ ក៏ដូចជាមានទឹកចិត្តចង់ទៅរៀន។
ជាលទ្ធផល ក្រោយបង្កើត បណ្ណាល័យនេះ មានការគាំទ្រពីក្មេងៗជាច្រើននៅក្នុងភូមិ រួមទាំងអាជ្ញាធរភូមិឃុំផងដែរ។ ហើយនាងអះអាងដូច្នេះ៖«យើងដាក់សៀវភៅ នៅក្នុងសាលាឆទានក្នុងភូមិ។ យើងបើករៀងរាល់ថ្ងៃអាទិត្យ ពីម៉ោង១ដល់ម៉ោង៣រសៀល។ ជាមធ្យមក្មេងៗទៅអានសៀវភៅ ប្រមាណ២០ទៅ៣០នាក់ ក្នុងមួយថ្ងៃ។ មួយម៉ោងឱ្យគាត់អានសៀវភៅ ហើយមួយម៉ោងទៀតឱ្យគាត់ផាត់រូប។ ខ្ញុំយកសៀវភៅនោះយកមកផ្ទះវិញ ព្រោះមិនទាន់មានកន្លែងដាក់សមរម្យ។ ប៉ុន្តែអាជ្ញាធរភូមិឃុំថា នៅពេលដែលខ្ញុំបើកបានជាប់លាប់ គាត់នឹងបង្កើតទូមួយទុកដាក់សៀវភៅ នៅក្នុងសាលាឆទាននោះតែម្ដង»។
អ្នកគ្រូដែលបានបញ្ចប់បរិញ្ញាបត្រផ្នែកជីវវិជ្ជា នៅខេត្តបាត់ដំបង កាលពីឆ្នាំ២០២១ ស៊ីនិត ថាសព្វថ្ងៃក្នុងសាលាដែលនាងបង្រៀន ក៏មានបណ្ណាល័យដែរ ប៉ុន្តែមិនអាចផ្គត់ផ្គង់សៀវភៅ ឱ្យក្មេងៗគ្រប់ទេ ដូច្នេះនាងមានសៀវភៅច្រើន នាងអាចបើកបណ្ណាល័យមួយទៀត ដើម្បីឱ្យក្មេងៗក្នុងភូមិ បានអាននឹងបានជាទុនមួយក្នុងជីវិត។
សព្វថ្ងៃបណ្ណាល័យភូមិ របស់កញ្ញា ស៊ីនិត មានសៀវភៅប្រមាណ២០០ក្បាល ដែលមានគណិតវិទ្យា ភាសាអង់គ្លេស ហើយភាគច្រើនជាសៀវភៅរឿងអប់រំ និងរឿងនិទាន ជាភាសាខ្មែរ សម្រាប់កុមារ។ សៀវភៅទាំងនោះ នាងទិញខ្លួនឯងខ្លះ ទទួលបានការឧបត្ថម្ភពីលោកគ្រូអ្នកគ្រូផ្សេងទៀតខ្លះ ពីមិត្តខ្លះ ពីបណ្ណាល័យបញ្ញាវន្ត និងបណ្ណាល័យសំរាមខ្លះ។
ស៊ីនិត ថាបណ្ណាល័យមានសារសំខាន់ខ្លាំង ដោយអាចផ្លាស់ប្ដូរជីវិតបាន ហើយនាងលើកទឹកចិត្ត ឱ្យភូមិទាំងអស់ក្នុងប្រទេសកម្ពុជា មានបណ្ណាល័យប្រចាំភូមិ ដោយបណ្ណាល័យនេះ មិនរាប់បញ្ចូលបណ្ណាល័យនៅក្នុងសាលា ឬនៅក្នុងវត្តឡើយ៕