កីឡាជាតិ
ជាតិ
គ្រូប្រដាល់ រស់ សុជា ចែកពេលហ្វឹកហាត់កីឡាករ-ការិនីថា្នល ដោយមិនឲ្យប៉ះពាល់ការសិក្សា
13, Jan 2024 , 9:29 am        
រូបភាព
កីឡាករ-កីឡាការិនីថ្នាលក្លិបប្រដាលចក្រវាឡគុនខ្មែរ រូបពី លោក រស់ សុជា
កីឡាករ-កីឡាការិនីថ្នាលក្លិបប្រដាលចក្រវាឡគុនខ្មែរ រូបពី លោក រស់ សុជា
លោក រស់ សុជា ប្រធានក្លិប្រដាល់ចក្រវាឡគុនខ្មែរ និយាយថាកីឡាករ-កីឡាការិនីថ្នាល របស់ក្លិបមានអាយុចន្លោះពី៨ឆ្នាំ-១៧ឆ្នាំ មានឆន្ទៈខ្ពស់ក្នុងការហ្វឹកហាត់ ព្រោះចង់ក្លាយជាអ្នកប្រដាល់អាជីពម្នាក់នៅកម្ពុជា ជាពិសេស ក្មេងៗទាំងនោះ តែងតែមានរៀបច្បងជាគម្រូ (Idol) របស់ខ្លួន ហើយព្យាយាមអភិវឌ្ឍខ្លួន ឲ្យដូចរៀមច្បងទាំងនោះ។ ប្រធានក្លិបរូបនេះ ចែកម៉ោងហ្វឹកហាត់ត្រឹមត្រូវ ដែលមិនឱ្យប៉ះពាល់ ដល់ពេលវេលាសិក្សារបស់ក្មេងៗឡើយ។



លោក រស់ សុជា បានប្រាប់សារព័ត៌មានថ្មីៗតាមហ្វេសប៊ុកថា ក្នុងក្លិបប្រដាល់ចក្រវាឡគុនខ្មែរ មានសិស្ស ដែលជាកីឡាករ-កីឡាការិនីថ្នាល ៨នាក់ ដែលមានអាយុ ចន្លោះពី៨ឆ្នាំ ទៅ១៧ឆ្នាំ។ ប្រធានក្លិប និងជាគ្រូបង្វឹកប្រចាំក្លិបរូបនេះ បញ្ជាក់ថា ក្លិបបានសាងសង់ និងពង្រីកកន្លែងហ្វឹកហាត់ធំជាងមុន ចំណែកអ្នកប្រដាល់ថ្នាលទាំងនោះ កាន់តែមានស្មារតីហាត់កាន់តែខ្លាំង ព្រោះពួកគេមានរៀមច្បង ក្នុងក្ដីស្រម៉ៃ ដើម្បីធ្វើជាគំរូ។ នេះ ជាហេតុធ្វើឲ្យគេខំហ្វឹកហាត់ ព្រោះចង់ឲ្យខ្លាំងដូចរៀមច្បងទាំងនោះ។ ម្យ៉ាងវិញទៀត ក្មេងៗ តែងសង្ឃឹមថាថ្ងៃណាមួយ ពួកគេនឹងក្លាយជាអ្នកប្រដាល់អាជីព ដែលមានសមត្ថភាពខ្លាំងនៅកម្ពុជា។
 
«ក្មេងៗប្រឹងហាត់ណាស់។ ពួកគាត់ចង់ក្លាយជាកីឡាករអាជីព និងកីឡាករល្បីក្នុងប្រទេស ដូចរៀមច្បងពួកគេ។ ពេលក្លិបធ្វើស្អាតហើយ កីឡាករ-កីឡាការិនីកាន់តែប្រឹងហាត់។»។ លោក រស់ សុជា បាននិយាយដូច្នេះ។ 
  
លោក រស់ សុជា ប្រធានក្លិបចក្រវាឡគុនខ្មែរ រូបពីលោក រស់ សុជា

ការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីទាំងនោះ ចែកចេញជា ៣វេនផ្សេងគ្នា ដោយសារពួកគេ ត្រូវការពេលវេលាសិក្សាចំណេះដឹងទូទៅនៅសាលា ផងដែរ។ ពេលវេលានោះ គឺពីម៉ោង ៧:០០ព្រឹក ដល់ ៩:០០ព្រឹក, ពីម៉ោង ២:០០រសៀល ដល់ម៉ោង ៥:០០ល្ងាច និងពីម៉ោង ៦:០០ល្ងាច ដល់ម៉ោង ៩:៣០យប់។ លោក រស់ សុជា បញ្ជាក់ថាក្មេងៗទាំងនោះ អាចរើសម៉ោងហ្វឹកហាត់ណា ក៏បាន ដែលមិនអាចប៉ះពាល់ដល់ការសិក្សានៅសាលារបស់គេ។
 
ដោយឡែក គ្រូបង្វឹករូបនេះ ឃើញថាកូនសិស្សប្រដាល់របស់ខ្លួនទាំងនោះ មានស្មារតីប្រកួតប្រជែងខ្លាំង ព្រោះក្លិបតែងទទួលបានការបញ្ជូនកីឡាករ-កីឡាការិនី ទៅប្រកួតតាមសង្វៀន បាន ២ ទៅ៣នាក់ក្នុងមួយសប្ដាហ៍។ លោក រស់ សុជា ជឿថាកីឡាករ-កីឡាការិនីថ្នាលទាំងនេះ នឹងមានសមត្ថភាពល្អនៅថ្ងៃអនាគត ប្រសិនជាបន្ដការហ្វឹកហាត់ល្អ រួមជាមួយការប្រកួតជាក់ស្ដែងបន្តបន្ទាប់៕
 
កីឡាករ-កីឡាការិនីថ្នាលក្លិបប្រដាលចក្រវាឡគុនខ្មែរ រូបពី លោក រស់សុជា

Tag:
 រស់ សុជា
  ក្លិបចក្រវាឡគុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com