ជាតិ
ស្នងការខេត្តសៀមរាប ឃាត់ខ្លួនបុគ្គលិកអាជ្ញាធរអប្សរា២នាក់ ក្រោយហិង្សាលើកុមារ
13, Jan 2024 , 11:09 am        
រូបភាព
 ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនបុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរាចំនួន២នាក់ ជាបណ្តោះអាសន្ន ក្រោយប្រើហិង្សាលើកុមារា ដែលយកអណ្ដើកលក់នៅកសិន្ធុប្រាសាទអង្គរវត្ត។ 
 

វីដេអូមួយត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលថ្ងៃទី១១ ខែមករា ដោយគេឃើញ បុគ្គលិកផ្នែកសណ្ដាប់ធ្នាប់របស់អាជ្ញាធរជាតិអប្សរា កំពុងណែនាំ និងវាយតប់លើកុមារាមួយរូប ដែលយកអណ្ដើកលក់ដល់ទេសចរនៅកសិន្ធុប្រាសាទអង្គរវត្ត។ ក្រោយហេតុការណ៍នេះ នៅថ្ងៃទី១២ ខែមករា អាជ្ញាធរជាតិអប្សរា ក៏បានចេញសេចក្ដីប្រកាសព័ត៌មានថា ស្ថាប័នខ្លួនមិនគាំទ្រចំពោះសកម្មភាពប្រើហិង្សា ពេលចុះអនុវត្តន៍ការងារដូច្នេះឡើយ និងបានដាក់ពិន័យដល់បុគ្គលបង្កហេតុនោះរួចហើយ។
 
 « អាជ្ញាធរជាតិអប្សរាមិនគាំទ្រ និងមិនអាចទទួលយកបានជាដាច់ខាត នូវរាល់ការប្រើប្រាស់អំពើហិង្សាក្នុងការអនុវត្តការងារ ដែលធ្វើឱ្យប៉ះពាល់ដល់វិន័យ សីលធម៌ និងគុណធម៌ ដែលមានជាធរមានក្នុងលក្ខន្ដិកៈរបស់មន្រ្តីរាជការស៊ីវិល-បុគ្គលិកសាធារណៈ»។នេះជាការអះអាងរបស់អាជ្ញាធរជាតិអប្សរា ដែលបន្ថែមថា អាជ្ញាធរជាតិអប្សរា បានសម្រេចដាក់ពិន័យរដ្ឋបាល និងបណ្ដេញចេញពីការងារប្រសិនបើនៅបុគ្គលទាំងពីរនេះ បន្តធ្វើសកម្មភាពមិនសមរម្យបែបនេះនៅពេលក្រោយ។
 
យ៉ាងណាមិញនាព្រឹកថ្ងៃទី១៣ មករានេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ បានឃាត់ខ្លួនបុគ្គលិកទាំង២រូបនោះជាបណ្តោះអាសន្ន និងធ្វើតាមនីតិវិធីពាក់ព័ន្ធនឹងការប្រើហិង្សាលើកុមារ។
ស្នងការដ្ឋានខេតសៀមរាប  បានលើកឡើងដូច្នេះ៖ «នាពេលកន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការប្រើហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើយុវជនដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ធុមុខប្រាសាទអង្គរវត្ត។ ករណីនេះកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ជាបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តនីតិវិធី »៕
 
 
 
 
 
 

Tag:
 ThmeyThmey
 អាជ្ញាធរជាតិអប្សរា
  ហិង្សា
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com