ជាតិ
សម្តេច ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅបារាំង និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៅស្វីសចំនួន ១សប្តាហ៍
13, Jan 2024 , 11:11 am        
រូបភាព
ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសបារាំង ដើ​ម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស ចាប់ពីថ្ងៃទី១៣ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤ ។

ក្នុងដំណើរទស្សនកិច្ចនេះ នឹងពង្រឹងនឹងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត រវាងកម្ពុជា និងបារាំង លើវិស័យសំខាន់ៗដូចជា បញ្ហាការប្រឈមផ្នែកបរិស្ថាន បញ្ហាអន្តរកាលថាមពល និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកស្ទួយសន្តិភាពនៅលើពិភពលោក។ 
 
លើសពីនេះក៏មាន ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការចែករំលែកយុទ្ធសាស្ត្រអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការលើកតម្កើងបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ហ្វ្រង់កូហ្វូនី គឺជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគី។
 
បន្ថែមពីនេះ សម្តេច នឹងចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីសផងដែរ។ កិច្ចប្រជុំនេះ មានថ្នាក់ដឹកនាំពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗ ព្រមទាំងប្រធានអង្គការអន្តរជាតិសំខាន់ៗ ថ្នាក់ដឹកនាំសង្គមស៊ីវិល។ក្រៅពីនេះក៏មាន  តំណាងយុវជន សហគ្រិនសង្គម និងអង្គភាពសារព័ត៌មាននានា នឹងចូលរួមពិភាក្សាផ្តោតលើគោលការណ៍ជាមូលដ្ឋានដែលជំរុញឱ្យមានទំនុកចិត្ត រួមទាំងតម្លាភាព សង្គតិភាព និងគណនេយ្យភាព៕ 
 

Tag:
 ThmeyThmey
  សម្តេច ហ៊ុន ម៉ាណែត
  ទស្សនកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com