កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ម្ចាស់ការពារជើងឯកកាតា រកបាន៣ពិន្ទុដំបូងពីលីបង់
13, Jan 2024 , 11:59 am        
រូបភាព
ក្រុមការពារតំណែងជើងឯក និងជាម្ចាស់ផ្ទះ កាតា រកបានជ័យជម្នះក្រុមលីបង់ក្នុងលទ្ធផល ៣-០ ក្នុងជំនួបបើកឆាកពូល A ពានរង្វាន់ Asian Cup ឆ្នាំ២០២៣ នៅរាត្រីថ្ងៃទី១២ ខែមករា។

៣ពិន្ទុដំបូងរបស់កាតា កើតឡើងតាមរយៈការសម្រេចទីរបស់កីឡាករពីររួប ក្នុងនោះមាន Akram Afif ធ្វើបាន២គ្រាប់ និង Almoez Ali ១គ្រាប់។ ជំនួបបើកឆាកនេះចាប់ផ្តើមភ្លាមៗ ក្រោយពិធីបើកព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអាស៊ីនៅកីឡដ្ឋាន Lusail ដែលផ្ទុកទស្សនិកជនជិត៩ម៉ឺននាក់។
 
ក្រោយយកឈ្នះលីបង់ នៅទឹកដីខ្លួន គ្រូបង្វឹកកាតាលោក Marquez Lopez បានលើកសរសរ Akram នៅចំពោះមុខអ្នកសារព័ត៌មាន។ «Akram ជាប់ជាកីឡាករមានតម្លៃបំផុតក្នុងជំនួបបើកឆាកនេះ។ រូបគេពិតជាកីឡាករមានគុណភាពបំផុត និងសមនឹងទទួលបានការផ្តល់ជូននេះ»។ នេះជាការបញ្ជាក់របស់លោក Lopez។
 
កាតាដែលជាម្ចាស់ជើងឯក Asian Cup កាលពីឆ្នាំ២០១៩ នៅអេមីរ៉ាតអារ៉ាប់រួម ស្ថិតក្នុងពូល A ជាមួយលីបង់ ចិន និងតាហ្ស៊ីគីស្ថាន​ សម្រាប់យុទ្ធនាការ Asian Cup ឆ្នាំ២០២៣ ដែលរៀបចំនៅ ឆ្នាំ២០២៤នេះ។ ដំបូងឡើង ចិននោះទេដែលត្រូវរៀបពានទ្វីបអាស៊ីឆ្នាំ២០២៣នេះ ប៉ុន្តែក្រោយមកក៏ដកខ្លួន ហើយកាតា ដែលបានរៀប FIFA World Cup ឆ្នាំ២០២២ ហើយ ទទួលធ្វើជំនួសវិញ។
 
Asian Cup មាន២៤ក្រុមចូលរួម ដោយចែកចេញជា៦ពូលពី A ដល់ F។ ពូល A មានម្ចាស់ផ្ទះកាតា ចិន និងតាហ្សីគីស្ថាន ពូល B អូស្ត្រាលី អ៊ូសបេគីស្ថាន ស៊ីរី និងឥណ្ឌា ពូល C មានអ៊ីរ៉ង់ អេមីរ៉ាតអារ៉ាប់រួម ហុងកុង និងប៉ាឡេស្ទីន ពូល D មាន ជប៉ុន ឥណ្ឌូណេស៊ី អ៊ីរ៉ាក់ និងវៀតណាម ពូល E មាន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហ្សកដានី និងបារ៉ែន និងពូល F មាន អារ៉ាប៊ីសាអូឌីត ថៃ កៀហ្ស៊ីស៊ីស្ថាន និងអូមង់។
 
នៅយប់ថ្ងៃទី១៣ ខែមករា មានជំនួបពីរប្រកួត រវាង ចិន ទល់នឹង តាហ្ស៊ីគីស្ថាន ម៉ោង ៩ និង៣០នាទី និងអូស្ត្រាលី ទល់ ឥណ្ឌា ម៉ោង ៦និង៣០នាទី (ម៉ោងនៅកម្ពុជា)៕
 
 

Tag:
 Asian Cup
  កាតា
© រក្សាសិទ្ធិដោយ thmeythmey.com