ជាតិ
ក្រសួងកសិកម្ម និងបរិស្ថាន ឱ្យបង្កើនកិច្ចការពារភ្លើងឆេះព្រៃនៅរដូវប្រាំង
13, Jan 2024 , 5:09 pm        
រូបភាព
 
ភ្នំពេញ៖ អាកាសធាតុក្ដៅហួតហែងនៅរដូវប្រាំង គឺជាកត្តាងាយបង្កឱ្យមានភ្លើងឆេះព្រៃ។​ បញ្ហានេះភាគច្រើនកើតចេញពីសកម្មភាពរបស់មនុស្ស ដូចជា ការកាប់ឆ្ការដុតរានព្រៃ ដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការទន្ទ្រានដីព្រៃដើម្បីតាំងលំនៅខុសច្បាប់ ការដុតព្រៃដើម្បីចាប់សត្វ និងការបន្សល់ដើមភ្លើងនៅក្នុងព្រៃជាដើម។

ជារៀងរាល់ឆ្នាំ ភ្លើងឆេះព្រៃ បំផ្លាញធនធានព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិក្នុងតំបន់ការពារ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ផងដែរ។ 
 
នៅក្នុងរដូវប្រាំងឆ្នាំ ២០២៤នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន បានចេញសេចក្ដីជូនដំណឹងរួមគ្នា ដោយបានណែនាំអង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរកសិកម្ម មន្ទីរបរិស្ថាន ព្រមទាំង សហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ សហគមន៍នេសាទ សហគមន៍កសិកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យបង្កើនកិច្ចការពារភ្លើងឆេះព្រៃ។ 
 
ក្នុងកិច្ចការងារនេះ មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវណែនាំដល់ប្រជាសហគមន៍ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ភ្លើង សម្រាប់ជាមធ្យោបាយដើម្បីចម្អិនអាហារ ការយកឃ្មុំ ការដុតស្មៅ-ព្រៃ ការដុតស្ទាក់ចាប់សត្វនិងការប្រមូលផល អនុផលព្រៃឈើជាដើម។ មន្ទីរកសិកម្ម និងបរិស្ថាន ត្រូវណែនាំអ្នកពាក់ព័ន្ធឱ្យពន្លត់ភ្លើងឱ្យអស់ជា មុនពេលចាកចេញពីដើមឈើច្បោះជ័រ ឬទីតាំងដែលប្រើភ្លើងនោះ។
 
ត្រូវទប់ស្កាត់ការកាប់ឆ្ការ ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដើម្បីពង្រីកផ្ទៃដីដំណាំកសិកម្ម ឬក្នុងគោលបំណងផ្សេងៗទៀត ដែលជាសកម្មភាពល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃឈើ ព្រៃលិចទឹក។

សកម្មភាពទាំងនេះ វាអាចបង្កជាភ្លើងឆេះព្រៃ ហើយរាលដាលដល់ភូមិកររបស់ពលរដ្ឋ តំបន់រដ្ឋបាលសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា នៅក្នុង ឬ ជុំវិញសហគមន៍ព្រៃឈើ និងសហគមន៍នេសាទ។​
 
អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំផ្លូវភ្លើងព្រៃ ដើម្បីការពារការឆេះរាលដាលពីកន្លែងមួយទៅកន្លែងមួយទៀតនិងចូលរួមចាត់វិធានការួ ថែរក្សាទឹកទុកឱ្យបានល្អ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងក្នុងករណីមានភ្លើងឆេះព្រៃជាយថា។
 
ក្នុងករណីកើតមានភ្លើងឆេះព្រៃ ត្រូវប្រញាប់ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ តាមរយៈការប្រកាសអាសន្ន ហើយគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ត្រូវដឹកនាំបញ្ជាផ្ទាល់ក្នុងការប្រើកម្លាំងសរុបរួមមាន ពលរដ្ឋ សហគមន៍ សិស្សានុសិស្ស ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅក្នុងមូលដ្ឋាន ដើម្បីរួមគ្នាទប់ស្កាត់ និងពន្លត់ភ្លើងព្រៃឱ្យមានប្រសិទ្ធភាព។
 
ជាមួយគ្នានេះ ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន បានបញ្ជាឱ្យចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនណាដែលកាប់រុករាន ដុតព្រៃ និងកាន់កាប់ ដីព្រៃឈើដែលឆេះ ដោយអនាធិបតេយ្យដែលផ្ទុយនឹងច្បាប់ និងបទបញ្ជានានារបស់រាជរដ្ឋាភិបាល។ ជនណាដែលបានប្រព្រឹត្ត ឬបង្កឲ្យមានភ្លើងឆេះព្រៃ ឬភ្លើងឆេះព្រៃលិចទឹកដោយចេតនា ត្រូវផ្ដន្ទាទោសក្រោម បទល្មើសព្រៃឈើថ្នាក់ទី១ ឬបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី ៥ឆ្នាំទៅ១០ឆ្នាំ ឬពី៣ឆ្នាំទៅ៥ឆ្នាំ។ 
 
ដោយឡែក តាមមាត្រា៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ បានចែងថា ការបង្កឱ្យមានភ្លើងឆេះព្រៃដោយចេតនា ជាបទល្មើសធនធានធម្មជាតិ ថ្នាក់ទី៤ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ដល់១០ឆ្នាំ និងផាកពិន័យជាប្រាក់ពី១៥លានរៀល ដល់១៥០លានរៀល៕ 
 
 

Tag:
 ក្រសួងកសិកម្ម
  ក្រសួងបរិស្ថាន
  ភ្លើងឆេះព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com