ជាតិ
ជាគ្រូ​​ថ្នាក់ទី១ លំបាក តែកញ្ញា ដេត និមល សប្បាយចិត្ត​ដែល​បាន​បង្រៀន​កុមារ​តូច​
20, Jan 2024 , 9:59 am        
រូបភាព
ភ្នំពេញ៖ អាជីព​ ឬ​ការងារ​អ្វី សុទ្ធតែ​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​គ្រប់​រូប។ សម្រាប់​កញ្ញា ដេត និមល អាជីព​ជា​គ្រូ​បង្រៀន​នៅ​ថ្នាក់​បឋម​ បាន​ធ្វើ​ឱ្យ​នាង​មាន​ភាព​រីករាយ​ជា​មួយ​កុមារ ជាពិសេសបាន​បង្ហាត់បង្រៀន​ទាំងផ្នែកបញ្ញា និងស្មារតី ដល់កុមារ ដើម្បីក្លាយជាធនធាន និងជាពលរដ្ឋមួយ ដែលអាចជួយកសាងជាតិ។

កញ្ញា ដេត និមល ជា​គ្រូ​បង្រៀនសិស្ស​ថ្នាក់ទី​១ ​នៅ​សាលា​បឋម​សិក្សាភ្នៀតសិម្ពលី ក្នុង​ខណ្ឌ​កំបូល ជាយ​រាជធានី​ភ្នំពេញ​។ យុវតី​​វ័យ​២៦ឆ្នាំរូបនេះ បាន​ជ្រើសរើស​អាជីព​ជា​គ្រូ​បង្រៀន ក្រោយ​ពី​ប្រឡង​ជាប់​គ្រូនៅ​ឆ្នាំ​២០១៦​ និង​បាន​ចូលរៀនផ្នែកគរុកោសល្យ។
 
គិត​មក​ដល់​បច្ចុប្បន្ន អ្នកគ្រូ ដេត និមល បាន​ចេញ​បង្រៀន​សិស្ស​រយៈ​ពេល ៥ឆ្នាំមក​ហើយ។ រៀង​រាល់​ថ្ងៃ​ គ្រូ​បង្រៀន​រូបនេះ ត្រូវ​ធ្វើ​ដំណើរ​ចម្ងាយ​១០គីឡូម៉ែត្រពី​ផ្ទះ​ក្នុង​ខណ្ឌសែនសុខ​ ទៅ​បង្រៀន​សិស្ស​។ ទោះ​ឆ្ងាយ និង​លំបាក​ធ្វើដំណើរក៏ដោយ ក៏​គ្រូ​បង្រៀន​ស្រ្តីសម្បុរស្រអែមរូបនេះ នៅតែ​ប្រឹង​តស៊ូ​ទៅ​បង្រៀន​សិស្ស​ ព្រោះ​ចាត់ទុក​សិស្ស​ដូចជាកូន​។
 

ចង់​ចូលរួម​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​នៅកម្ពុជា ទើប​ធ្វើជា​គ្រូ​បង្រៀន...

តាមពិតទៅគ្រប់ការងារទាំងអស់សុទ្ធសឹងជាការងារល្អ គ្រាន់តែមនុស្សម្នាក់ៗមានចំណូលចិត្តខុសៗគ្នា និង​បុព្វហេតុ​ផ្សេងៗគ្នា ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​សង្គមជាតិ​។​ ហេតុអ្វី​បាន​ចង់​ក្លាយជា​គ្រូ​បង្រៀន? និមល ឆ្លើយ​សំណួរ​អ្នក​សារព័ត៌មាន​ Thmey Thmey 25 ដូច្នេះ៖«ហេតុដែលបណ្ដាលឱ្យនាងខ្ញុំជ្រើសរើសអាជីពជាគ្រូបង្រៀនថ្នាក់បឋម គឺខ្ញុំចង់ក្លាយជាផ្នែកមួយដែលអាចជួយសង្គមក្នុងការបណ្ដុះនូវធនធានមនុស្ស»។ 



បើតាម​គ្រូ​បង្រៀន​វ័យ​ក្មេង​រូបនេះ អ្វីដែលនាង​គិតមុនគេ​នោះគឺកុមារ។ កញ្ញា ដេត និមល ចង់ឱ្យកុមារទាំងឡាយបានយល់ដឹងទាំងផ្នែកបញ្ញា និងស្មារតី ដើម្បីក្លាយជាធនធាន និងជាប្រជាពលរដ្ឋមួយក្នុងការជួយកសាងជាតិឱ្យមានការអភិវឌ្ឍ។
  


ម៉្យាងវិញទៀត ដោយសារ​តែ​ក្រុម​គ្រួសារ​សាច់​ញាតិសុទ្ធ​សឹង​ជា​គ្រូបង្រៀន ក៏​ជា​កត្តាមួយ​ជំរុញ​ឱ្យ​ និមល ក្លាយ​ជា​គ្រូ​បង្រៀន​ផងដែរ។ ប៉ុន្តែ​កត្តា​ដែល​ធំ​បំ​ផុតនោះ​ គឺ​កត្តា​ខ្លួនឯង ព្រោះ និមល មានឆន្ទៈ និងគំនិតចង់ផ្ទេរចំណេះដឹងដល់ក្មេងជំនាន់ក្រោយ។ 

ពាក្យថា«បង្រៀន» និយាយស្រួល តែការអនុវត្តមិនស្រួលដូចការនិយាយឡើយ!

«បង្រៀន» ក្នុង​វចនានុក្រម​ខ្មែរ សម្ដេចសង្ឃ ជួន ណាត បាន​ឱ្យ​និយមន័យថា ញ៉ាំងអ្នកដទៃឱ្យ​រៀន, ប្រៀនឱ្យ​ចេះ, ឱ្យ​ចំណេះដោយការបង្ហាត់, បង្ហាញឱ្យ​ចេះ។ សម្រាប់​កញ្ញា ដេត និមល ការបង្រៀននៅ​​គ្រប់កម្រិតថ្នាក់​ទាំងអស់ តែងមានផលពិបាករៀងៗខ្លួន ពិសេសថ្នាក់កម្រិតបឋម។ 
 
«កុមារប្រៀបបានដូចជាក្រដាសពណ៌ស ហើយពួកគេម្នាក់ៗមានសមត្ថភាពនៃការយល់ដឹងខុសគ្នា។តួយ៉ាង បច្ចុប្បន្ននេះ ខ្ញុំកំពុងបង្រៀនកុមារសិស្សថ្នាក់ទី១ គឺពិតជាមានការលំបាកខ្លាំង ពិសេសគឺនៅពេលដើមឆ្នាំ មានសិស្សថ្មី»។ នេះ​ជា​​ការ​រៀបរាប់​របស់​អ្នក​គ្រូ ដេត និមល។



ជា​គ្រូ​បង្រៀន​ថ្នាក់​បឋម ពិសេស​បង្រៀន​ថ្នាក់​ទី​១ ពិត​ជា​មាន​ការ​លំបាក។ ការ​បង្រៀន​សិស្ស​ឱ្យ​ចេះ​សរសេរ ចេះ​កាន់​ខ្មៅដៃ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។ គ្រូ​បង្រៀន​រូបនេះ បាន​អត់​ធ្មត់ និង​ប្រើ​សេចក្ដី​ស្រឡាញ់​ទៅ​កាន់កុមារ​ដែលជា​កូនសិស្ស ទើប​អាច​បង្រៀន​ក្មេងតូចៗបាន។ និមល បន្ត​ថា៖«សិស្សខ្លះក៏បានឆ្លងកាត់ថ្នាក់មត្តេយ្យសិក្សា ឬឪពុកម្តាយជួយ​បង្រៀន មិនសូវពិបាកឡើយ។​ ប៉ុន្តែសិស្សមួយចំនួនគាត់មិនបានឆ្លងកាត់ការហ្វឹកហាត់ទេ ច្បាស់ណាស់គឺសែនលំបាក ដោយត្រូវបង្រៀនកាន់ខ្មៅដៃ កាន់ដៃសរសេរអក្សរ។ ជាងនេះក្មេងខ្លះគាត់រពឹស ចូលចិត្តលេងច្រើនត្រូវអប់រំ កាយវិចារ និងសីលធម៌ដល់ពួកគាត់ទៀតផង»។
 
៥ឆ្នាំ ជា​គ្រូ​បង្រៀនហាក់​ក្មេង​ខ្ចី តែ​និមល ទទួល​បាន​បទពិសោធន៍ច្រើន ទាំង​ល្អ និង​មិនល្អ​
 
បើនិយាយអំពីអនុស្សាវរីយក្នុងអាជីពជាគ្រូបង្រៀនវិញ មានច្រើនរាប់មិនអស់មានទាំងល្អ និងមិនល្អ សម្រាប់​កញ្ញា ដេត និមល។ តែអ្វីដែលធ្វើ​ឱ្យគ្រូ​បង្រៀន​រូបនេះ ចងចាំមិន​ភ្លេចគឺពេល​កូនសិស្ស​ឈឺ។ អ្នកគ្រូ បរិយាយ​ដូច្នេះ៖«មានថ្ងៃមួយសិស្សម្នាក់ គាត់វិលមុខរកខ្យល់ ខ្ញុំនេះស្លន់ស្លោរត់រកប្រេងក្រឡាផង ធ្វើសរសៃផង ព្រោះសភាពគាត់ស្លេកស្លាំងខ្លាំង។ ខ្ញុំបានកោសខ្យល់ និងទំនាក់ទំនងទៅឪពុកម្ដាយគាត់មកទទួលគាត់វិញ។ ថ្ងៃបន្ទាប់ឪពុកម្តាយគាត់បានមកអរគុណខ្ញុំ​ ដែលបានយកចិត្តទុក​ដាក់មើលថែកូនគាត់។ នេះហើយជាការចងចាំដ៏ល្អមួយ ដែលគេពោលថាគ្រូបង្រៀនជាម្ដាយឪពុកទី២»។


 
ចាប់តាំងពីអ្នកគ្រូ ដេត និមល បានចូលរៀនផ្នែកគរុកោសល្យ និងបានចេញបង្រៀនប៉ុន្មានឆ្នាំកន្លងមកនេះ ធ្វើឱ្យនាងរឹតតែចង់បន្តនូវអាជីពនេះ និង​មិនផ្លាស់ចិត្តឡើយ។ ហេតុអ្វី​បាន​ជា​មិន​ផ្លាស់​ប្ដូរ? «នេះ​ជាការងារមួយដែលគ្រួសារ និងខ្លួនឯងស្រឡាញ់។ ជាការងារមួយដែលយើងត្រូវប្រើសមត្ថភាពខ្លួនផ្ទាល់ទៅប្រឡ​ងទម្រាំតែជាប់។ ជាការងារមួយដែលមនុស្សគ្រប់មជ្ឈដ្ឋានគោរព និងឱ្យតម្លៃ»។ នេះជា​ការ​លើក​ឡើងរបស់​អ្នក​គ្រូ ដេត និមល ដែល​បន្ថែមថា នាង​បានធ្វើឱ្យខ្លួនឯងក្លាយទៅជាបុគ្គលមួយរូប ដែលសង្គមត្រូវការសម្រាប់បម្រើក្នុងវិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ពិសេស​គឺកុមារនៅកម្ពុជា។
 
ជាមួយ​គ្នានេះ កត្តាសាលា​រៀនល្អ នាយកសាលា​ល្អ​ និង​គ្រូ​បង្រៀន​ល្អ បាន​ជួយ​ឱ្យ​ និមល កាន់តែ​មាន​ទំនុកចិត្ត និងខ្មី​ឃ្មាត​​បង្រៀន​សិស្ស។ កញ្ញា ដេត​ និមល លើកឡើងថា លោកនាយកសាលា រួម​ទាំង​គ្រូ​បង្រៀន​នៅទីនោះ តែង​ជួយ​ជំរុញ ​លើក​ទឹកចិត្ត និង​ណែនាំ​ដល់​នាង​ពេល​ចេញ​បង្រៀន​ដំបូង​។ 
 
សម្រាប់​ថ្ងៃ​ខាង​មុខ អ្នកគ្រូ ដេត និមល មាន​បំណង​អភិវឌ្ឍន៍​ខ្លួន​ទៅជា​គ្រូ​វិទ្យាល័យ​។ បច្ចុប្បន្ន និមល ទើប​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​អក្សរសាស្រ្ត​ខ្មែរ នៅ​សាកល​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ៕ 
 

Tag:
 អប់រំ
  គ្រូ​បង្រៀន​
  ថ្នាក់​បឋម​
© រក្សាសិទ្ធិដោយ thmeythmey.com