ជាតិ
វីដេអូ
មិនសុំគេ តែលោកយាយ សំ សុង ​សុខ​ចិត្ត​អង្គុយ​លក់ផ្កា​ឈូក​យកលុយធ្វើ​បុណ្យ​...
14, Jan 2024 , 11:02 am        
រូបភាព
មានវ័យ​ ៧៦ឆ្នាំ លោកយាយ សំ សុង ជា​អ្នកលក់​ផ្កា​ឈូក នៅ​ទីតាំង​ព្រះ​អង្គ​ដងកើ។ ដូន​ចាស់​មក​ពី​ស្រុក​សំរោង ខេត្ត​តាកែវរូបនេះ បាន​ប្រកប​របរនេះ ១០​ឆ្នាំ​មកហើយ។ ទោះ​មាន​វ័យ​ចំណាស់ តែ​លោកយាយ សុង មិន​ដើរ​សុំ​គេ​នោះទេ ដោយ​សុខចិត្ត​អង្គុយ​លក់​ផ្កា​ឈូក​យក​លុយ​ធ្វើ​បុណ្យ។

​ព្រះអង្គ​ដងកើ ជា​ទីតាំងដែល​ពលរដ្ឋ​ តែង​មក​បន់ស្រន់សុំសេចក្ដី​សុខ។ ទីតាំង​ព្រះ​អង្គដង​កើ មាន​មនុស្សប្រុសស្រី ចាស់ក្មេង ចេញ​ចូល​បន់ស្រន់​ឥតដាច់ មិនថា​ថ្ងៃ​សីល ឬ​ថ្ងៃ​ធម្មតានោះទេ។ លោកយាយ សំ សុង តែ​ង​ធ្វើដំណើរ​ពី​ស្រុក​សំរោង ខេត្ត​តាកែវ ដើម្បី​មក​លក់​ផ្កា​ឈូក ផ្កា​ម្លិះ និង​ទៀន​ធូប នៅ​សួន​ច្បារ​មាត់​ទន្លេ​ ជិត​ព្រះ​អង្គ​ដង​កើ។ បើតាម​លោកយាយ សំ សុង ជំនឿនេះ មាន​តាំង​ពី​ដូន​តាមក មិន​ថា​រាស្រ្តសាមញ្ញនោះទេ សូម្បីតែ​មន្រ្តី​រាជការ​ក៏​មក​គោរព​បូជា។ 
 
ក្នុង​មួយ​ថ្ងៃ ដូនចាស់​រូបនេះ អាច​រក​ចំណូល​បានពី​៤ទៅ១០ម៉ឺន​រៀល​ ដែល​អាច​ផ្គត់ផ្គង់ការ​ចំណាយ​ និង​អាច​យក​ទៅ​ធ្វើ​បុណ្យ​ផ្សេងៗ។ ទោះត្រូវ​ធ្វើ​ដំណើរ​ពីខេត្ត​តាកែវ ដើម្បី​មក​លក់​ផ្កា​ តែ​លោកយាយ សុង សប្បាយចិត្ត។ «សប្បាយចិត្ត​ដែល​បាន​មក​លក់​នៅនេះ។ ការ​លក់​ផ្កានេះ ជា​មុខ​របរ​សមរម្យ​របស់​មនុស្សចាស់ហើយ»។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកយាយ សុង​៕​
 
សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​អ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ជាមួយ​លោកយាយ សំ សុង អ្នក​លក់​ផ្កាឈូក​នៅ​ទីតាំង​ព្រះអង្គ​ដងកើដូចតទៅ៖ 

 
 
 

Tag:
 លក់ផ្កា
  ព្រះអង្គដងកើ
  តាកែ​វ
© រក្សាសិទ្ធិដោយ thmeythmey.com