ជាតិ
អង្ករចំនួន ៦ម៉ឺនតោន នឹងត្រួវបាននាំចេញទៅកាន់ទីផ្សារអេមីរ៉ាតអារ៉ាប់រួម
14, Jan 2024 , 6:29 pm        
រូបភាព
រូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា
រូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា
 ភ្នំពេញ៖​ អង្ករចំនួន ៦ម៉ឺនតោនស្មើនឹង ៥៤ លានដុល្លារ នឹងត្រូវបាននាំចេញទៅកាន់ផ្សារអេមីរ៉ាតអារ៉ាប់រួម ដោយការនាំចេញលើកទីមួយ មានចំនួន ៥០០តោន។ ជាមួយគ្នានេះ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក៏បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា នឹងមានការបញ្ជាទិញ និងនាំចេញកាន់តែច្រើនបន្ថែមទៀត ដោយស្នើឱ្យភាគីពាក់ព័ន្ធសហការ។

នាថ្ងៃទី១២ មករា លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមអបអរក្នុងឱកាសដែលអង្ករកម្ពុជាចំនួន ៦ម៉ឺនតោន ស្មើនឹង ៥៤ លានដុល្លារ ត្រូវបានក្រុមហ៊ុន វ័នរ៉ូដ គ្រុប នាំចេញទៅកាន់ទីផ្សារអេមីរ៉ាតអារ៉ាប់រួម។ 


លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម

ជាមួយគ្នានេះ លោកស្រី ចម និម្មិល ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា រដ្ឋាភិបាលកំពុងបន្តជំរុញ  និងគាំទ្រយ៉ាងពេញទំហឹងដល់ការនាំចេញកសិផលក្នុងស្រុកបង្កើតឱកាសការងារកាន់តែច្រើនសម្រាប់កសិករ និងអ្នកផលិត។ លើសពីនេះវាក៏ជាលើកកម្ពស់ការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិនូវកសិផលរបស់កម្ពុជា ជាពិសេសស្វាគមន៍ដៃគូអន្តរជាតិនានា ដែលមកធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។
 
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះ បន្ថែមថា៖ «កម្ពុជានឹងមានការបញ្ជាទិញ និងនាំចេញកាន់តែច្រើនបន្ថែមទៀត និងបានស្នើឱ្យក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធបន្តពួតដៃគ្នាក្នុងការជំរុញ និងអភិវឌ្ឍវិស័យអង្ករ
ព្រមទាំងកេរ្តិ៍ឈ្មោះអង្ករកម្ពុជាលើឆាកអន្តរជាតិ ផងដែរ»។
 
លើសពីនេះ ក្រសួងពាណិជ្ជកម្មនឹងចូលរួមរៀបចំវេទិកាផ្គូផ្គងអាជីវកម្ម ដែលនឹងរៀបចំឡើង នៅចុងខែកុម្ភៈឆ្នាំ ២០២៤ នៅទីក្រុងអាប៊ូដាប៊ី ដើម្បីជំរុញ និងបង្កើតឱកាសក្នុងការរកទីផ្សារថ្មីបន្ថែមទៀតរបស់អង្ករ​កម្ពុជា។
សូមបញ្ជាក់ថា កម្ពុជាទទួលបានចំណូលជាង ១ ៧០០លានដុល្លារពីការនាំចេញស្រូវ-អង្ករ នៅក្នុងរយៈពេល១២ខែ ឆ្នាំ២០២៣។ បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ទាំងចំណូល និង បរិមាណនៃការនាំចេញស្រូវ
អង្ករឆ្នាំ២០២៣ មានកំណើនខ្ពស់ជាងឆ្នាំ២០២២៕
 
 

Tag:
 ThmeyThmey
 ទីផ្សារអង្ករ
 អេមីរ៉ាតអារ៉ាប់រួម
  ក្រសួងពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com