កីឡាអន្តរជាតិ
អន្តរជាតិ
El Clasico៖ ​​​Real Madrid បំបាក់ Barca លើកពាន Super Cup នៅទឹកដីអារ៉ាប៊ីសាអូឌីត
15, Jan 2024 , 11:19 am        
រូបភាព
Real Madrid លើកពានរង្វាន់ Super Cup របស់អេស្ប៉ាញលើកទី១៣ ក្នុងប្រវតិ្តសាស្ត្រ ក្រោយឈ្នះ Barcelona លទ្ធផល ៤​-១ នៅវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៤ ខែមករា។ Vinicius Jr តារានាំសំណាងស៊ុត ៣គ្រាប់ម្នាក់ឯង hat-trick ត្រឹមវគ្គទីមួយនៃការប្រកួត។



ក្រុមរហស្សនាមអធិរាជស យកឈ្នះការប្រកួតលើក្រុមការពារជើងឯករដូវកាលមុន Barca ដោយគ្រាប់បាល់ទាំង ៤គ្រាប់ ធ្វើបានដោយកីឡាករសញ្ជាតិប្រេស៊ីលទាំង ២​ រួមមាន Vinicius Jr ៣គ្រាប់ នៅនាទី៧, ១០ និង៣៩ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ និង Rodrigo នៅនាទី៦៤។ ១គ្រាប់របស់ក្រុមអ្នកមានបុណ្យ រកបានដោយ Robert Lewandowski នៅនាទី៣៣។
បន្ទាប់ពីឈ្នះជំនួប El Clasico ដ៏សំខាន់ជាមួយគ្រាប់បាល់ច្រើនគ្រាប់ លោក Carlo Ancelotti ភ្ញាក់ផ្អើលចំពោះលទ្ធផលលើសលុបនេះលើក្រុមគូប្រជែងដ៏ខ្លាំងនៅអេស្ប៉ាញ។
 
«ខ្ញុំមិនបានរំពឹងអំពីការស៊ុត ៣គ្រាប់ដ៏លឿនបែបនេះទេ ប៉ុន្តែយើងបានទាញយកប្រយោជន៍ពីខ្សែការពារខ្ពស់របស់ពួកគេនឹង Vinicius ដែលបំផុសគំនិតនៅយប់នេះ។ វាជាការប្រកួតដ៏សំខាន់ លទ្ធផលហាក់ដូចជាខ្លាំងពេកសម្រាប់ការលេងរបស់ Barcelona នៅពេលលទ្ធផល ៣-១ វាដូចជាធម្មតា នៅពេល ៤-១ ពួកគេបានទម្លាក់ដៃរបស់ពួកគេបន្តិច យើងសប្បាយចិត្តរឿងនេះ។»។ នេះបើតាមសម្តីលោក ​Ancelotti ប្រាប់ទៅកាន់ទូរទស្សន៍ ​​Movistar Plus។
  


បន្ទាប់ពីរកបាន ៤គ្រាប់ Real Madrid ហាក់បន្ធូរបន្ថយការសម្រុកលើក្រុមដែលដឹកនាំដោយលោក Xavi Hernandez ដោយក្រុមកែប្រែទម្រង់លេងដោយមិនស៊ុតទាល់តែសោះ ក្រោយគ្រាប់ទី៤ របស់​ Rodrigo។
 
ការចាញ់បង្កើនសម្ពាធទៅលើលោក Xavi ដែលជាគ្រូបង្វឹក ប្រឈមខ្លាំងឡើងចំពោះការរិះគន់ពីអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយ ចំពោះទម្រង់លេងធ្លាក់ចុះរបស់ក្រុម។
 
លោក Xavi បានលើកឡើងដូច្នេះក្រោយចាញ់ការប្រកួត ៖«យើងមិនបានបង្ហាញកម្រិតដែលត្រូវការសម្រាប់ការប្រកួតនោះទេ។ យើងបានលេងការប្រកួតដែលអាក្រក់បំផុត យើងគ្មានទំនុកចិត្តពេញការប្រកួត Madrid ធ្វើឱ្យយើងឈឺចាប់នៅពេលពួកគេវាយបក ហើយខ្ញុំពិតជាសុំទោសទៅកាន់អ្នកគាំទ្រ ព្រោះវាពិតជាពិបាកសម្រាប់យើងក្នុងការប្រកួតប្រជែង ដែលយើងបង្ហាញពីភាពអន់របស់យើង។»។
 
Real Madrid បច្ចុប្បន្នកំពុងតែមានទម្រង់លេងដ៏ខ្លាំងពូកែ ដោយពួកគេជាក្រុមឈរនៅចំណាត់ថ្នាក់លេខ ២ ក្របខណ្ឌ La Liga ជាមួយនឹង ៤១ពិន្ទុ ក្នុងដៃ ដោយមានគម្លាតពីក្រុមកំពូលតារាង Girona ត្រឹម ១ពិន្ទុ ខណៈដែល ​Barca នៅចំណាត់ថ្នាក់លេខ ៤​​ មាន ៤១ពិន្ទុ គម្លាត ៨ពិន្ទុ៕

Tag:
 Real Madrid
  Barcelona
  El Clasico
© រក្សាសិទ្ធិដោយ thmeythmey.com