ជាតិ
ងាប់ជ្រូក១៣០ក្បាលនៅខេត្តស្វាយរៀង សង្ស័យជាជំងឺប៉េស្តជ្រូកអាហ្រ្វិក
15, Jan 2024 , 3:41 pm        
រូបភាព
រូបភាព៖ Cam News Center
រូបភាព៖ Cam News Center
ភ្នំពេញ៖ មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង សង្ស័យករណីងាប់ជ្រូក១៣០ក្បាល នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បណ្ដាលមកពីជំងឺប៉េស្តជ្រូកអាហ្វ្រិក។



លោក ប៉ែន ចាន់ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី១៥ ខែ​មករាថា ជ្រូក១៣០ក្បាល របស់កសិករមួយគ្រួសារ ស្ថិតក្នុងភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានងាប់បន្តបន្ទាប់ចាប់តាំងពីថ្ងៃទី១៣ ខែមករា មកម្ល៉េះ។ ករណីនេះ លោក សង្ស័យថាមកពីជំងឺប៉េស្តជ្រូកអាហ្រ្វិក។
 
យ៉ាងណា នេះគ្រាន់តែជាសង្ស័យប៉ុណ្ណោះ ខណៈមន្រ្តីជំនាញបានយកសំណាកជ្រូកទាំងនោះទៅវិភាគ ដើម្បីឱ្យប្រាកដថា ករណីនេះកើតចេញពីជំងឺប៉េស្តជ្រូកអាហ្វ្រិក ឬយ៉ាងណា។ លោក ប៉ែន ចាន់ធី បន្ថែមដូច្នេះថា៖«យើងគ្រាន់តែសង្ស័យថាជាជំងឺប៉េស្តជ្រូកអាហ្វ្រិកប៉ុណ្ណោះ ដូច្នេះ យើងមិនអាចសន្និដ្ឋានឱ្យជាក់លាក់នោះទេ។ ឥឡូវ យើងរង់ចាំមន្រ្តីជំនាញគេយកសំណាកទៅវិភាគរកលទ្ធផលជាមុនសិន»។  
 
ជាវិធានការ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង បានផ្សព្វផ្សាយពីអំពីវិធានការការពារ បាញ់ថ្នាំសម្លាប់មេរោគតាមទ្រុង និងចែកថ្នាំចាក់ជ្រូកដល់ពលរដ្ឋដទៃ ដើម្បីបង្ការហានិភ័យជំងឺផ្សេងៗ។ បច្ចុប្បន្ន ជ្រូកទាំង១៣០ក្បាល ត្រូវបានគេកប់ និងដុតកម្ទេចចោលតែម្ដង៕ 
 
 
 
 

Tag:
 កសិកម្ម
  ជំងឺប៉េស្តជ្រូកអាហ្វ្រិក
  ជ្រូក
© រក្សាសិទ្ធិដោយ thmeythmey.com