កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ជប៉ុន ឈ្នះវៀតណាម ៤-២! Minamino មិននឹកស្មានវៀតណាមធ្វើបានល្អ
15, Jan 2024 , 5:19 pm        
រូបភាព
ជំនួបពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup 2023 ពូល D ក្រុមជម្រើសជាតិជប៉ុនយកឈ្នះវៀតណាម លទ្ធផលស៊ុតបញ្ចូលទីគ្នាទៅវិញទៅមកយ៉ាងជក់ចិត្ត ៤-២ នៅក្នុងកីឡដ្ឋាន Al Thumama នាថ្ងៃទី១៤ ខែមករា។ របូតគ្រាប់បាល់ ២គ្រាប់ ខ្សែបម្រើជប៉ុន Takumi Mimamino ដែលរកបាន២គ្រាប់ ភ្ញាក់ផ្អើលចំពោះទម្រង់លេងរបស់វៀតណាម។



«យើងទាំងអស់គ្នាដឹងថាវៀតណាមគឺពិតជាខ្លាំង ហើយពួកគេពិតជាលេងបានល្អខ្លាំងណាស់ក្នុងការប្រកួតនោះ។ យើងបានប្រយុទ្ធមិនត្រឹមតែជាមួយនឹងក្រុមខ្លាំងដូចវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីការពារកេរ្តិ៍ឈ្មោះរបស់ពួកគេមិនឱ្យយើងស្វែងរកគ្រាប់បាល់ដោយងាយៗឡើយ ហើយខ្ញុំនឹកស្មានមិនដល់ថា វៀតណាមពិតជាធ្វើបានល្អណាស់។»។ Minamino និយាយប្រាប់ទៅកាន់អ្នកកាសែតបែបនេះក្រោយឈ្នះការប្រកួតលទ្ធផល​ ៤-២។ 
 
ជប៉ុន រកបានគ្រាប់បាល់បើកឆាក ១គ្រាប់នៅនាទី១១ ដោយខ្សែបម្រើ Takumi Minamino មុនពេលត្រូវបានកីឡាករ Nguyen Dinh Bac ស៊ុតតាមស្មើ ១-១ មកវិញត្រឹមតែ ៤នាទី នៅនាទី១៦ បន្ទាប់មកកីឡាករ Tuan Hai Pham ខ្សែប្រយុទ្ធស៊ុតបាល់គ្រាប់ទី២ ជួយវៀតណាមនាំមុខ ២-១ ត្រឹមនាទី៣៣ ហើយចុងវគ្គទៅហើយនាទី៤៥ Minamino រកបានគ្រាប់ទី២ មុនពេល ខ្សែប្រយុទ្ធ ​Keito Nakamura ស៊ុតបន្ថែមគ្រាប់ទី៣ នៅក្នុងនាទីបន្ថែមបង្គ្រប់ ៤៥+៤។
  


ចូលវគ្គទីពីរ រវាងក្រុមសងខាងហាក់ថមថយការវាយសម្រុកគ្នា និងគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា រហូតដល់នាទី៨៥ កីឡាករ Ayase Ueda រកបានឱកាសស៊ុតបាល់ទី៤ សម្រាប់ជប៉ុននៅចុងវគ្គ នាទី៨៥ ដែលជាការបញ្ជូនរបស់ខ្សែប្រយុទ្ធ Takefusa Kubo។ ជប៉ុនរបូតគ្រាប់បាល់ ២គ្រាប់ នឹងក្លាយជារឿងមិនសប្បាយចិត្តសម្រាប់លោក Hajime Moriyasu រីឯវៀតណាមបង្ហាញពីកម្រិតសមត្ថភាពកើនឡើងរបស់ពួកគេ។
 
បន្ទាប់ពីលទ្ធផលដ៏ជក់ចិត្តជាមួយនឹងជើងឯក ៤សម័យ ជប៉ុន កីឡាករក្រុមវៀតណាមសរសើរដល់ការដឹកនាំរបស់គ្រូបង្វឹក Phillipe Troussier ដែលបង្រួបបង្រួមក្រុមទាំងមូលឱ្យមានកម្រិតលេងល្អឡើងវិញ។ 
  


កីឡាករ​ Nguyen Dinh bac ដែលស៊ុតបាល់ ១គ្រាប់ទល់ជប៉ុន បាននិយាយដូច្នេះ ៖«ខ្ញុំសប្បាយចិត្តខ្លាំងដែលដែលស៊ុតចូលជប៉ុន រឿងនេះជាកម្លាំងចិត្តសម្រាប់ខ្ញុំក្នុងការព្យាយាមឱ្យបានខ្លាំងនៅការប្រកួតបន្ទាប់របស់វៀតណាម។ […] លោក Troussier បានផ្តល់កម្លាំងចិត្ត និងទំនុកចិត្តក្នុងការអនុញ្ញាតឱ្យយើងចូលលេងនៅក្នុងទីលានប្រកួត បង្ហាញអ្វីដែលល្អបំផុត ផ្តល់ឱ្យអ្នកទស្សនាបានឃើញការប្រកួតដ៏អស្ចារ្យនិងល្អបំផុត។»។ 
 
បន្ទាប់ពីការប្រកួតទល់នឹងជប៉ុន រួច វៀតណាមនឹងបន្តការប្រកួតវគ្គចែកពូលទល់ ឥណ្ឌូណេស៊ី នៅថ្ងៃទី១៩ ខែមករា មុនពេលទៅប៉ះអ៊ីរ៉ាក់នៅថ្ងៃទី២៤ ខែមករា៕ 

Tag:
 Asian Cup
  ជប៉ុន
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com