ជាតិ
គិតសុខភាពពលរដ្ឋ លោក ជួ មករា បានបញ្ជ្រាបបន្លែសុវត្ថិភាពតាមផ្សារបោះដុំ និងលក់រាយ
15, Jan 2024 , 9:29 pm        
រូបភាព
ភ្នំពេញ៖ ក្រៅពីផ្សារទំនើប និងម៉ាត (Mart) លោក ជួ មករា ប្រធានសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា កំពុងបញ្ជៀបបន្លែសុវត្ថិភាពទៅកាន់ផ្សារបោះដុំ និងលក់រាយមួយចំនួននៅក្នុងក្រុងភ្នំពេញ និងខេត្តបាត់ដំបង។ ដោយគិតពីសុខភាព និងចង់ឱ្យពលរដ្ឋទទួលទានបន្លែសុវត្ថិភាពកាន់ច្រើន លោកបានដាក់ចេញនូវតម្លៃសមរម្យមួយដែលមានភាពប្រកួតប្រជែងជាមួយបន្លែនាំចូលពីបរទេស ដើម្បីអាចឱ្យពលរដ្ឋទូទៅមានលទ្ធភាពទិញបាន។ 



ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក ជួ មករា បានលើកឡើងថា កន្លងមក សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា (CACU) ចែកចាយបន្លែសុវត្ថិភាពទៅកាន់តែផ្សារទំនើប និងម៉ាត (Mart) ប៉ុណ្ណោះ។ ការបញ្ជាទិញពីផ្សារទំនើប និងម៉ាតមួយចំនួននោះនៅមានកម្រិតតិចតួចនៅឡើយ ដូច្នេះ លោកបានគិតដល់ការពង្រីកលទ្ធភាពនាំចេញបន្ថែមទៀត ទៅកាន់ផ្សារបោះដុំ និងលក់រាយមួយចំនួននៅក្រុងភ្នំពេញ និងខេត្តបាត់ដំបង។
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោក-អ្នកនាង ទស្សនាបទសម្ភាសខាងក្រោម៖ 



មកទល់ពេលនេះ មានរយៈពេលមួយឆ្នាំហើយ ដែលសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា បានបញ្ជៀបបន្លែសុវត្ថិភាពទៅកាន់ផ្សារបោះដុំ និងលក់រាយ។ ជាលទ្ធផល លោក ជួ មករា មើលឃើញ បន្លែសុវត្ថិភាពរបស់លោក អាចប្រកួតប្រជែងជាមួយបន្លែនាំចូលពីបរទេសបាន ទាំងគុណភាព តម្លៃ និងការគាំទ្រពីអតិថជន។ ដ្បិតថា តម្លៃទាបជាងផ្សារទំនើប និងម៉ាត តែកសិករនៅតែរក្សាបានប្រាក់ចំណេញដដែល ដោយសារសហភាពសហគមន៍ មានផែនការដាំដុះច្បាស់លាស់ និងបរិមាណច្រើន ដែលផ្ដល់ភាពងាយស្រួលដល់កសិករកាត់បន្ថយថ្លៃដើមផលិត។ 
 
លោក ប្រាប់ដូច្នេះ៖«មកដល់ឥឡូវនេះ យើងអាចបោះចូលផ្សារទូទៅបានហើយ ក្នុងតម្លៃមួយអាចទទួលយកបាន ធៀបនឹងបន្លែនាំចូល។ ដ្បិតថា តម្លៃដែលយើងដាក់លក់នេះមានភាពប្រកួតប្រជែងជាមួយបន្លែនាំចូល ប៉ុន្តែ កសិករដែលជាអ្នកដាំ នៅតែរក្សាបានផលចំណេញដដែល ដោយសារតែយើងចេះកាត់បន្ថយថ្លៃដើមផលិតផ្សេងៗ»។ 
  
លោក ជួ មករា ប្រធានសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា (ឆ្វេង) និងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 

ប្រធានសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា ចាត់ទុកការបញ្ជៀបបន្លែសុវត្ថិភាពទៅកាន់ផ្សារបោះដុំ និងលក់រាយនៅពេលនេះ គឺជាផ្នែកមួយជួយលើកកម្ពស់សុខុមាលភាពពលរដ្ឋ ព្រោះថា បន្លែដែលដាំដុះដោយសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា ត្រូវបានឆ្លងកាត់អ្នកបច្ចេកទេស និងការត្រួតពិនិត្យច្បាស់លាស់។ 
 
អ្នកបច្ចេកទេសទាំងអស់នោះ បានធ្វើការងារជាប់ជាមួយកសិករ ក្រោមរូបភាពបណ្ដុះបណ្ដាលការដាំដុះ និងការប្រើប្រាស់ជីថ្នាំឱ្យស្របតាមស្តង់ដារសុវត្ថិភាព ដែលកំណត់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លើសពីនេះ បន្លែទាំងអស់ត្រូវបានដាំក្នុងរោងផ្ទះសំណាញ់ ដែលអាចជួយកាត់បន្ថយការប្រើប្រាស់ជីថ្នាំច្រើន ជាងការដាំដុះនៅតាមទីវាល។ 



កន្លងមក បន្លែនាំចូលពីបរទេសមួយចំនួន មិនត្រូវបានឆ្លងកាត់ការត្រួតពិនិត្យពាក់ព័ន្ធនឹងសារធាតុគីមី ឬជីថ្នាំ នោះទេ ជាហេតុបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
នេះជាការលើកឡើងរបស់ លោក ជួ មករា ដោយបន្ថែមដូច្នេះថា៖«បញ្ហាកន្លងមក ការនាំចូលបន្លែមួយចំនួន មិនបានឆ្លងការកាត់ត្រួតពិនិត្យលើបញ្ហាជីថ្នាំអ្វីនោះទេ ដូច្នេះ វាធ្វើឱ្យមានបញ្ហារាំរៃទៅលើសុខភាពអ្នកប្រើប្រាស់។ ដោយឡែក បន្លែដែលផលិតដោយកសិកររបស់យើងវិញ គឺយើងមានក្រុមអ្នកបច្ចេកទេស​ ត្រួតពិនិត្យច្បាស់លាស់  ដែលគាត់ធ្វើការជាប់ជាមួយកសិករ»។ 
 
បច្ចុប្បន្ន សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា អាចផ្គត់ផ្គង់បន្លែសុវត្ថិភាពបានប្រមាណ២តោនក្នុងមួយថ្ងៃ។​ បន្លែទាំងនោះ ត្រូវបានដាំដុះដោយកសិករនៃសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ សហគមន៍កសិកម្មមួយនេះ មានសមាជិកប្រមាណ៥០គ្រួសារ និងផ្ទះសំណាញ់៤០០ខ្នង៕ 

Tag:
 កសិកម្ម
  ជួ មករា
  សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com