កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ កូរ៉េខាងត្បូង ហ្សកដានី និងអុីរ៉ាក់​ ឈ្នះរៀងខ្លួន ខណៈម៉ាឡេស៊ី និងឥណ្ឌូណេស៊ីចាញ់
16, Jan 2024 , 12:09 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងចាប់ផ្តើមយុទ្ធនាការស្វែងរកការឈ្នះពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup ឆ្នាំ២០២៣ លើកដំបូង ក្រោយខនខានតាំងពីឆ្នាំ ១៩៦០ ដោយឈ្នះក្រុមបារែន លទ្ធផល ៣-១ នៅក្នុងការប្រកួតជំនួបបើកឆាកពូល E នៅថ្ងៃទី១៥ ខែមករា។ ក្រុមហ្សកដានី និងអ៊ីរ៉ាក់ បំបាក់ក្រុមម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ដែលមកពីតំបន់អាស៊ីអាគ្នេយ៍ដូចគ្នា។



តារាបាល់ទាត់ក្រុម Paris Saint Germain ខ្សែបម្រើ Lee Kang-in បង្ហាញភាពលេចធ្លោរលើសប្រធានក្រុម Son Heung-min ដោយគេបានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ក្រោយពេលដែលមិត្តរួមក្រុម Hwang On-Beom ស៊ុតមួយគ្រាប់បើកឆាកនៅក្នុងវគ្គទីមួយ សម្រាប់ក្រុមដឹកនាំដោយលោក Jurgen Klinsmann។ ចំណែកបារែន រកបាន ១គ្រាប់មកវិញ ដោយកីឡាករ Abdullah Al Hashash។
 
Kang-in វ័យ ២២ឆ្នាំ បង្ហាញពីបច្ចេកទេស និងសមត្ថភាពដ៏រីកចម្រើនសម្រាប់ការប្រកួតឱ្យក្រុមកូរ៉េខាងត្បូង នៅក្នុងវគ្គទីពីរ ដើម្បីជួយស្វែងរកគ្រាប់ទី៣ ដល់ក្រុមនៅក្នុងពូល E។
  


ដោយឡែកហ្សក់ដានី បំបាក់ក្រុមម៉ាឡេស៊ីចាស់ដៃ ៤-០ នៅក្នុង Asian Cup ពូល E ដោយជួយរុញច្រានពួកគេឡើងឈរកំពូលតារាង ពីលើកូរ៉េខាងត្បូង ដែលឈ្នះបារែន ៣-១។ ៤គ្រាប់ជ័យជម្នះធ្វើបានដោយកីឡាករ Mahmoud Mardi នាទី១២ និងនាទី៣២ ហើយកីឡាករ Mousa Suleiman បាល់ពិន័យ ១១ម៉ែត្រ នាទី១៨ និងនាទី៨៥។
 
ក្នុងពូល E នេះបារែនឈរចំណាត់ថ្នាក់លេខ៣ បណ្តោះអាសន្ន ចំណែកម៉ាឡេស៊ី នៅបាតតារាង។
 
មិនខុសពីម៉ាឡេស៊ី ក្រុមឥណ្ឌូណេស៊ីមកពីតំបន់អាស៊ីអាគ្នេយ៍ដូចគ្នា ហើយទើបវិលត្រឡប់ចូលការប្រកួត Asian Cup លើកដំបូង គិតចាប់តាំងពីឆ្នាំ ២០០៧ បានរងបរាជ័យដូចគ្នា។ អ៊ីរ៉ាក់ ធ្វើបានល្អខ្លាំង យកឈ្នះលើឥណ្ឌូណេស៊ី ៣-១ សម្រាប់ជំនួបពូល D។ 
  


វគ្គទីមួយឥណ្ឌូណេស៊ី បង្ហាញទម្រង់លេងបានល្អ ដោយអាចតាមរកគ្រាប់បាល់ស្មើ ១-១ ទល់អ៊ីរ៉ាក់បន្ទាប់ពីកីឡាករ Mohamed Ali ស៊ុតបញ្ចូលទីនាទី១៧ ហើយកីឡាករឥណ្ឌូណេស៊ី Merselino Ferdinan តាមស្មើនាទី៣៧។ ២គ្រាប់បន្ថែមទៀតទៅកាន់អ៊ីរ៉ាក់ ធ្វើបានដោយកីឡាករ Osama Rashid នាទី៤៥+៧ និង Aymen Hussein នាទី៧៥។
 
ជំនួបបន្ទាប់ក្នុងពូល កូរ៉េខាងត្បូង នឹងត្រូវជួបតទល់ជាមួយនឹងក្រុមហ្សក់ដានី ខណៈដែលបារែន ត្រូវជួបម៉ាឡេស៊ី ក្នុងពូល E ចំណែកក្រុមនៅពូល D អ៊ីរ៉ាក់ នឹងត្រូវជួបម្ចាស់ពាន ៤សម័យ ជប៉ុន ខណៈដែលឥណ្ឌូណេស៊ី ត្រូវប៉ះគូប្រកួតប្រជែងវៀតណាម នៅថ្ងៃទី២០ ខែមករា៕

Tag:
 Asian Cup
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com