ជាតិ
ហេតុអ្វីទុកសេចក្តីព្រាងច្បាប់គ្រប់គ្រងការ​ប្រើ​ប្រាស់​គ្រឿងស្រវឹងចោលយូរម្លេះ?
16, Jan 2024 , 2:16 pm        
រូបភាព
ការផ្សព្វផ្សាយគ្រឿងស្រវឹង នៅតែ​ជា​ប្រធាន​បទ​នៃ​ការជជែក​វែកញែក​ពិភាក្សា​ ជាពិសេស​នា​រយៈពេល​ចុងក្រោយនេះ ដែលហាក់​ឈាន​ដល់​កម្រិតមួយគួរឱ្យព្រួយបារម្ភ។ ​លើសពីបង្ហាញផលិតផលតាមផ្ទាំងផ្សព្វផ្សាយធំ និងតាមបដានានានៅមុខហាងលក់ដូរ និង​តាមបណ្តោយផ្លូវសាធារណៈស្អេកស្កះជាហូរហែ ការផ្សព្វផ្សាយគ្រឿងស្រវឹងដែលមានចរិតទាក់ទាញជំរុញអតិថិជនជាយុវវ័យឱ្យសេពគ្រឿងស្រវឹង ត្រូវបានគេធ្វើឡើងតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមយ៉ាងផុសផុលផងដែរ។ សំណួរ​សួរថា ហេតុអ្វី? គ្មាន​ចម្លើយពិតប្រាកដ ប៉ុន្តែមាន​សំណួរ​បក​វិញថា ឯណាទៅ​ច្បាប់​គ្រប់​គ្រងការ​ប្រើ​ប្រាស់​គ្រឿងស្រវឹង?

 
ការផ្សព្វផ្សាយគ្រឿងស្រវឹងនៅ​កម្ពុជា អាច​ធ្វើ​បានស្ទើរតែ​គ្រប់រូបភាពដែល​ម្ចាស់ផលិតផលចង់​បាន​។ លើសពីការផ្សព្វផ្សាយពាណិជ្ជកម្មតាមអំពើចិត្ត អវត្តមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនេះទៀតក៏រុញច្រានឱ្យកម្ពុជាក្លាយជាសង្គមមួយដែល យុវវ័យជាពិសេសក្មេងៗមិនទាន់គ្រប់អាយុ អាចរកទិញ និងសេពគ្រឿងស្រវឹងបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
 
បើនិយាយពីការគ្រប់គ្រងការផ្សព្វផ្សាយ និងការប្រើប្រាស់គ្រឿងស្រវឹង អ្នករៀបចំគោលនយោបាយសាធារណៈនៅកម្ពុជាបានចាប់ផ្តើមរៀបចំសេចក្តីព្រាងច្បាប់គ្រប់គ្រងការប្រើប្រាស់គ្រឿងស្រវឹងតាំងពីឆ្នាំ២០១៥ ម្ល៉េះ  ដើម្បីឆ្លើយតបនឹងការតស៊ូមតិ និងជំរុញឱ្យមានការយកចិត្តទុកដាក់លើបញ្ហាសុខុមាលភាពសាធារណៈពីអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធផ្សេងទៀត។ យ៉ាងណាមិញ ទោះកន្លងហួសទៅជិត៩ឆ្នាំទៅហើយក្តី ក៏ច្បាប់ដ៏មានសារសំខាន់នេះមិនទាន់ត្រូវបានអនុម័តប្រកាសឱ្យប្រើប្រាស់ដើម្បីដោះស្រាយ និងទប់ស្កាត់ផលប៉ះពាល់ដែលបង្កពីគ្រឿងស្រវឹងក្នុងសង្គមនៅឡើយទេ។
 
មាន ១១ ​ជំពូក និង ៣៩មាត្រា សេចក្តីព្រាងច្បាប់ស្តីពីការ​ត្រួតពិនិត្យ​ផលិត​ផល​គ្រឿងស្រវឹងនេះ ដើមឡើយកំណត់អាយុរហូតដល់ ២១ឆ្នាំ ​​ជាអាយុទទួលទានគ្រឿងស្រវឹងស្របច្បាប់ ហើយរាល់អាជីវករ​ណាមួយដែលលក់គ្រឿងស្រវឹងដល់អនីតិជននឹងប្រឈមការផាកពិន័យធ្ងន់ធ្ងរថែមទៀតផង។ តាមលក្ខណៈបច្ចេកទេស អ្នកជំនាញលើកឡើងថា កម្ពុជាប្រហែលជាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍តែមួយគត់ដែលមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹងមានលក្ខណៈប្រសើរ និងជឿនលឿន ដែលគិតគូរពីសុខុមាលភាពយុវជនយ៉ាង​ដិតដល់។ យ៉ាងណាមិញ ខែមិថុនាឆ្នាំ ២០២៣ អាយុស្របច្បាប់សម្រាប់ការបរិភោគគ្រឿងស្រវឹងត្រូវបានគេសម្រេចបន្ថយមកត្រឹម១៨ឆ្នាំ​ ប៉ុន្តែបញ្ហានៅត្រង់ថា វាមិនមានសញ្ញាណាមួយបង្ហាញថា សេចក្តីព្រាងច្បាប់ដ៏ល្អនេះនឹងត្រូវអនុម័ត និងដាក់ប្រើប្រាស់នោះឡើយ​។  
 
វាមានសញ្ញាវិជ្ជមានខ្លះដែរ ដោយស្ថាប័នជំនាញៗដាក់ចេញនូវ​ចំណាត់ការឆ្លើយតបនឹងកង្វល់ ដូចជាក្រសួងសុខាភិបាលបន្តការផ្សព្វផ្សាយ និងដាស់តឿនសាធារណជនពីផលអវិជ្ជមាននៃគ្រឿងស្រវឹង រីឯក្រសួងព័ត៌មានស្នើឱ្យជំរុញការគ្រប់គ្រងការផ្សព្វផ្សាយគ្រឿងស្រវឹងដូចគ្នាស្របតាមក្រមដែលក្រសួងដាក់ចេញសម្រាប់គ្រប់គ្រងការផ្សព្វផ្សាយគ្រឿងស្រវឹងដូចគ្នា។ ទោះយ៉ាងណាក៏ដោយ ដរាបណាយើងមិនទាន់មានច្បាប់ ចំណាត់ការចេញដោយក្រសួងជំនាញទាំងនេះនៅតែមិនអាចផ្តល់អំណាចពេញលេញដល់អាជ្ញាធរក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហាដែលបង្កដោយគ្រឿងស្រវឹងមានប្រសិទ្ធភាពនោះឡើយ។  
 
ពិតណាស់ ទីផ្សារនៃស្រាបៀរនៅកម្ពុជាមានទំហំធំ ហើយ​បើតាមរបាយការណ៍ Market Research ក្នុងឆ្នាំ ២០១៥ ទីផ្សារស្រាបៀរមានទំហំជាង ១ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែគេវាយតម្លៃថា ទីផ្សារនេះនឹងកើនដល់ ២,២ ពាន់លានដុល្លារឯណោះក្នុងឆ្នាំ ២០២៥ខាងមុខ។ ទំហំទីផ្សារ និងផលចំណេញពីការលក់គ្រឿងស្រវឹងធំធេងបែបនេះហើយ ទើបបានជាការពន្លឿនការអនុម័តច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនៅកម្ពុជានៅតែជួបឧបសគ្គច្រើន។
 
ថ្វីបើខ្ញុំមិនមែនជាអ្នកជំនាញផ្នែកគោលនយោបាយសាធារណៈ ឬសុខាភិបាលក្តី ក្នុងនាមជាពលរដ្ឋមួយរូប ខ្ញុំនៅតែយល់ឃើញថា ការបណ្តែតបណ្តោយឱ្យការផ្សព្វផ្សាយ និងប្រើប្រាស់គ្រឿងស្រវឹងផុសផុលដោយគ្មានច្បាប់គ្រប់គ្រងត្រឹមត្រូវនឹងហុចផលប៉ះពាល់យូរអង្វែង។ បើតាមអង្គការសុខភាពពិភពលោក ការអនុវត្តច្បាប់ និងគោលនយោបាយតាមរយៈយុទ្ធសាស្ត្រគ្រប់គ្រងការលក់ដូរ និងភាពសម្បូរបែបនៃគ្រឿងស្រវឹង ជាដំណោះស្រាយសំខាន់បំផុតក្នុងការកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរនៃការប្រើប្រាស់គ្រឿងស្រវឹង។ ម្យ៉ាងវិញទៀត តាមរយៈការកម្រិតភាពងាយស្រួលក្នុងការស្វែងរក និងទទួលទានគ្រឿងស្រវឹងតាមរយៈការអនុវត្តបទបញ្ញត្តិទាំងនេះហើយ នឹងរួមចំណែកសំខាន់ជួយការពារក្រុមងាយរងគ្រោះ និងជនដែលរងគ្រោះខ្លាំងដោយសារគ្រឿងស្រវឹងជាពិសេសអនីតិជនដែលជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។
 
ការស្រាវជ្រាវជាច្រើនបានបង្ហាញរួចទៅហើយថា ផលអវិជ្ជមានខ្លាំងនឹងកើតមានលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ដ្បិតយើងដឹងទាំងអស់គ្នាដឹងស្រាប់ហើយថា គ្រឿងស្រវឹងបំផ្លាញសុខភាពរូបរាងកាយ ក៏ដូចជាសុខភាពផ្លូវចិត្ត និងបណ្តាលឱ្យមានវិបត្តិសង្គមផងដែរ។ ឧទាហរណ៍ជាក់ស្តែង ការកើនឡើងនៃជំងឺមិនឆ្លងតែរ៉ាំរ៉ៃក្នុងចំណោមពលរដ្ឋ កំណើន​នៃអត្រាគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាគ្រួសារ និងភាពអសកម្មក្នុងសង្គមផ្សេងទៀត ដែលបញ្ហាទាំងនេះនឹងក្លាយជាឧបសគ្គធំក្នុងការអភិវឌ្ឍប្រទេសជាតិ។
 
បើបន្តព្រងើយកន្តើយ​មិនប្រឹងពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ដែលមានស្រាប់ក្នុងពេលនេះ ការដោះស្រាយផលវិបាកដែលបង្កដោយគ្រឿងស្រវឹងនាពេលអនាគតលើសង្គម និងសេដ្ឋកិច្ចនឹងរឹតតែស្មុគស្មាញ និងលំបាកជាងនេះរាប់សិបដង ស្របពេលដែលកម្ពុជានឹងប្រឈមបញ្ហាស្មុគស្មាញជាច្រើនផ្សេងទៀតទាក់ទងនឹងការអភិវឌ្ឍនាពេលអនាគត។​​ ក្នុងន័យនេះ បើសិនអ្នកនយោបាយកំពុងកាន់អំណាចនៅកម្ពុជាមានឆន្ទៈជាក់លាក់ និងតម្កល់ទុកសុខុមាលភាពប្រជាជនជាធំ វាដល់ពេលដែលគេត្រូវទទួលស្គាល់ថា ការគ្រប់គ្រងគ្រឿងស្រវឹងមិនបានត្រឹមត្រូវជារឿងគ្រោះថ្នាក់ធំចំពោះសង្គមជាតិ និងត្រូវខ្នះខ្នែងពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនេះឱ្យបាន។ វាក៏រឹតតែចាំបាច់ដែលយើងត្រូវទទួលស្គាល់​ថា ផលប្រយោជន៍របស់ក្រុម ឬបុគ្គលណាមួយក្នុងឧស្សាហកម្មផលិតគ្រឿងស្រវឹង មិនអាចគ្របដណ្តប់លើប្រយោជន៍សាធារណៈ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងមូលបានឡើយ។
 
 
ក្រៅពីការបង្កើត និងអនុវត្តច្បាប់ វាក៏រឹតតែចាំបាច់ដែលយើងត្រូវបន្តលើកកម្ពស់ចំណេះដឹងពីផលប៉ះពាល់នៃគ្រឿងស្រវឹងនេះឱ្យបានខ្លាំងក្លា និងមាននិរន្តរភាព។ ដើម្បីអាចឱ្យយុទ្ធនាការនេះទទួលភាពជោគជ័យ វាក៏ត្រូវការការចូលរួមពីភាគីជាច្រើនរួមទាំងយើងម្នាក់ៗជាពលរដ្ឋផង។ ប្រាកដណាស់ថា ការប្រើប្រាស់ ឬមិនប្រើប្រាស់គ្រឿងស្រវឹងគឺជាជម្រើសបុគ្គលក៏ពិតមែន ក៏ប៉ុន្តែសម្រាប់បណ្តាបុគ្គលមានឥទ្ធិពល និងបុគ្គលសាធារណៈមានភាពជាគម្រូ និងជាអ្នកអប់រំដល់មនុស្សដទៃ វាជារឿងដោយឡែក។  ត្រង់ចំណុចនេះ ខ្ញុំយល់ថា ទង្វើទាំងឡាយណាដែលជំរុញការផ្សព្វផ្សាយគ្រឿងស្រវឹង​ និងមានឥទ្ធិពលលើបុគ្គលដទៃជាពិសេសបណ្តាក្រុមយុវវ័យគួរតែត្រូវបានយកចិត្តទុកដាក់ និងកែតម្រូវ។ ជំនួសឱ្យការចូលរួមផ្សព្វផ្សាយគ្រឿងស្រវឹងដោយផ្ទាល់ ឬដោយប្រយោល បុគ្គលមានឥទ្ធិពល និងបុគ្គលសាធារណៈទាំងនោះគួរពិចាណាឡើងវិញពីលទ្ធភាព និងសមត្ថភាពក្នុងការជួយដាស់ស្មារតី និងលើកទឹកចិត្តដល់យុវជននិងប្រជាជនឱ្យកាត់បន្ថយការសេពគ្រឿងស្រវឹង​ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពសាធារណៈផង និងជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយទំនួលខុសត្រូវផង។ ថ្វីដ្បិតថា វាជាជម្រើសផ្ទាល់ខ្លួនក៏ពិតមែន ប៉ុន្តែវាចាំបាច់ត្រូវជ្រើសរើសដោយផ្អែកលើភាពត្រឹមត្រូវ និងគុណធម៌មួយដ៏ចាំបាច់ផងដែរ៕

Tag:
 ទស្សនៈ
© រក្សាសិទ្ធិដោយ thmeythmey.com