ជាតិ
ត្រី«រៀល» សម្រាប់ធ្វើប្រហុក អាចសម្បូរខ្លាំង ពីថ្ងៃទី១៥-២១មករានេះ
16, Jan 2024 , 3:48 pm        
រូបភាព
ការប្រមូលផលត្រីប្រហុក ផ្អក របស់ប្រជានេសាទភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។ រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ការប្រមូលផលត្រីប្រហុក ផ្អក របស់ប្រជានេសាទភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។ រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ រដូវត្រីប្រហុកខ្នើតខែបុស្ស បានចូលមកដល់ហើយ នៅថ្ងៃទី១៥ ដល់២១មករា តាមចំណុចគន្លងដាយ តាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។ បរិមាណត្រីឆ្នាំនេះសម្បូរជាងមុន ហើយ«ត្រីរៀល» ដែលគេនិយមធ្វើប្រហុក ក៏អាចចេញច្រើននៅខ្នើតនេះដែរ។

 
យោងតាមការអង្កេតរបស់ រដ្ឋបាលជលផល បន្ទាប់ពីបញ្ចប់ខ្នើតខែមិគសិរ ត្រីនៅតែបន្តបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានច្រើន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។ ត្រីចេញច្រើន ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀងប៉ុណ្ណោះ។
 
បរិមាណត្រីឆ្នាំនេះមានការកើនឡើងគួរឱ្យកត់សម្គាល់។ នេះជាការអះអាងរបស់លោក ហេង គង់ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី១៦ ខែមករានេះ។ បើតាម លោក ហេង គង់ កំណើនបរិមាណត្រីឆ្នាំនេះ គឺដោយសារបទល្មើសធំជុំវិញបឹងទន្លេសាប ត្រូវបានបង្រ្កាប និងទប់ស្កាត់ ស្ទើរតែ១០០ភាគរយនាពេលកន្លងមក។ ការកាត់បន្ថយដាយត្រីពី៧០គន្លង មកត្រឹម៤៤គន្លង ដើម្បីទុកលទ្ធភាពឱ្យត្រីពងកូន ក៏រួមចំណែកបង្កើនបរិមាណត្រីនៅឆ្នាំនេះដែរ។  លោក ហេង គង់ បន្ថែមដូច្នេះ រួចបន្តទៀតថា ទឹកជំនន់ដែលកើតមានច្រើននៅឆ្នាំនេះ ក៏ជាផ្នែកមួយបង្កើនលទ្ធភាពត្រីពងកូនដែរ។  
 
ជាក់ស្ដែង នៅក្នុងរដូវត្រីប្រហុកសម្រាប់ខ្នើតខែមិគសិរ ដែលគិតចាប់ពីថ្ងៃទី១៩ ដល់២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ ប្រជានេសាទប្រមូលផលត្រីបានប្រមាណ ១.១ម៉ឺនតោន។ បរិមាណនេះ កើនឡើងប្រមាណ១ពាន់តោន ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលមានត្រឹមតែ១ម៉ឺនតោនប៉ុណ្ណោះ។ 
 
ដ្បិតទិន្នផលត្រីមានការកើនឡើង ប៉ុន្តែប្រភេទ«ត្រីរៀល» ដែលគេនិយមយកទៅធ្វើប្រហុកនោះ មិនសូវសម្បូរឡើយនៅក្នុងខ្នើតខែមិគសិរកន្លងទៅ ដោយបរិមាណត្រី៧០ភាគរយជាប្រភេទត្រីស្លឹកឫស្សី, ១០ភាគរយត្រីឆ្វៀត និង២០ភាគរយត្រីចម្រុះ។
 
យ៉ាងណាក៏ដោយ តាមការសង្កេតរបស់ លោក ហេង គង់ វត្តមានត្រីរៀល អាចនឹងចេញច្រើននៅខ្នើតខែបុស្សនេះ ហើយសម្រាប់ខ្នើតនេះដែរ លោកព្យាករណ៍ថា បរិមាណត្រី អាចកើនឡើងប្រមាណ១០ភាគរយដែរ ធៀបនឹងឆ្នាំ២០២២ ដែលមាន ៦៥០តោន។ លោក ហេង គង់ បញ្ជាក់ដូច្នេះ៖ «នៅខ្នើតនេះ(ខែធ្នូ) ត្រីដែលចេញភាគច្រើន ជាប្រភេទ ស្លឹកឫស្សី។ ត្រីនេះ គេមិននិយមយកទៅធ្វើប្រហុកបានទេ ដោយភាគច្រើនគេយកទៅធ្វើផ្អក ឬហូបភ្លាមៗ។ ដូច្នេះ យើងរំពឹងថា ផលត្រីរៀល នឹងកើនឡើងនៅខ្នើតក្រោយ(ខែមករា)»។
 
រដ្ឋបាលជលផល បានអំពាវនាវឱ្យពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ សម្រាប់បរិភោគរួសរាន់ទៅទិញត្រីនៅទីតាំងខាងលើ ទន្ទឹមនឹងស្នើឱ្យអាជ្ញាធរមូលដ្ឋាន ជួយបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រី«ត្រូវ»នេះ៕

Tag:
 កសិកម្ម
  ប្រហុក
  រដ្ឋបាលជលផល
© រក្សាសិទ្ធិដោយ thmeythmey.com