កីឡាអន្តរជាតិ
អន្តរជាតិ
Haaland ឈ្នះពានធំៗនៅឆ្នាំ ២០២៣ តែមិនអាចទប់ទល់ភាពល្បីកម្រិតពិភពលោករបស់ Messi!
16, Jan 2024 , 5:29 pm        
រូបភាព
Erling Haaland បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយ Manchester City ឈ្នះពានរង្វាន់ធំៗជាច្រើន ក្នុងរដូវកាល ២០២២-២៣ និងពានរង្វាន់ឯកត្តជនជាច្រើនប្រចាំឆ្នាំនៅក្នុងប្រទេសអង់គ្លេស ប៉ុន្តែពានធំៗដូចជា Ballon d’Or និងកីឡាករល្អប្រចាំឆ្នាំរបស់ FIFA រូបគេមិនទាន់យកបានឡើយ។ Lionel Messi ព្រោះតែភាពល្បីរន្ទឺតាមរយៈការជួយអាហ្សង់ទីនឈ្នះ FIFA World Cup ឆ្នាំ ២០២២ នៅកាតា បានជួយរូបគេឈ្នះពានកីឡាករល្អប្រចាំពិភពលោក។



Manchester City ផ្ទុះការចាប់អារម្មណ៍ពីអ្នកគាំទ្រវិស័យបាល់ទាត់នៅជុំវិញពិភពលោក បន្ទាប់ពីពួកគេប្រជែងឈ្នះពាន UEFA Champions League លើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រមទាំងពាន ​Premier League និង FA Cup ជាកំណត់ត្រាពាន ៣ ក្នុងមួយរដូវកាល។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងឈ្នះពាន UEFA Super Cup និង FIFA Club World Cup ផង។
 
ការឈ្នះពានទាំងនេះ ​Haaland ចូលរួមចំណែកយ៉ាងខ្លាំងក្នុងការសម្រេចសមិទ្ធផលគោលដៅដល់ក្រុមដែលមានលោក​ Pep Guardiola ជាអ្នកចាត់ការ។
 
ឆ្នាំ ២០២៣ បានធ្វើឱ្យកេរ្តិ៍ឈ្មោះ ​Haaland រីកសុះសាយខ្លាំងឡើងពីសមត្ថភាពខ្លាំងដ៏គួរឱ្យភ្ញាក់ផ្អើល ដោយពានរង្វាន់ដែលគេបានប្រមូលបានមានចំនួនដល់ទៅ ៥ ជាមួយ Man City។ ខ្សែប្រយុទ្ធអន្តរជាតិន័រវែស រវ័យ ២៣ឆ្នាំ បានឈ្នះពានឯកត្តជន និងកំណត់ត្រាប្រចាំតំបន់រួមមាន ស្បែកជើងមាស នៅ Premier League, UEFA Champions League, ស្បែកជើងមាសជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំតំបន់អឺរ៉ុប, PFA Team of the Year, PFA Players’ Player of the Year, UEFA Best Men’s Player of the Year និងកំណត់ត្រាកីឡាករដំបូងដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងមួយរដូវកាលនៅលីគកំពូលអង់គ្លេស ថែមទៀត។
  


ទោះមានសមិទ្ធផលច្រើនបែបនេះតែ Haaland នៅតែមិនអាចបំបាក់ភាពល្បីល្បាយរបស់ខ្សែប្រយុទ្ធវ័យចំណាស់ Lionel Messi ពេលដែលគេជួយជម្រើសជាតិអាហ្សង់ទីនលើកពាន World Cup 2022 ក្រោយខកខានរយៈពេល ៣៦ឆ្នាំ និងជួយ Inter Miami លើកពាន Leagues Cup។ កីឡាករវ័យ ៣៦ឆ្នាំ បង្ហាញសមត្ថភាពខ្លាំងក្នុងការដឹកនាំក្រុមកីឡាករអាហ្សង់ទីនប្រកួតប្រជែងនៅក្នុងប្រទេសកាតា តែការបង្ហាញខ្លួនប្រកួតនៅក្លិប Paris Saint Germain ក្រោយពេលវិលត្រឡប់ពី World Cup ហាក់មិនល្អឡើយ។
 
អំឡុងពាក់កណ្តាលរដូវកាល ២០២២-២៣ Messi ត្រឹមរួមចំណែកជួយ PSG ប្រជែងឈ្នះពាន Ligue 1 និងពានរង្វាន់ French Super Cup តែប៉ុណ្ណោះ ខណៈក្រុមធ្លាក់ចេញពីការប្រកួត Champions League នៅវគ្គ ១៦ក្រុម។ បន្ទាប់មក ក្រោយការចាកចេញទៅចូលរួមក្រុម Inter Miami ប្រធានក្រុមអាហ្សង់ទីនបានជួយក្រុមនៅអាម៉េរិកឈ្នះពានលើកដំបូងជាប្រវត្តិសាស្ត្រ និងរកឃើញទម្រង់លេងល្អឡើងវិញ។
  


ភាពល្បីល្បាញពីការជួយក្រុមអាហ្សង់ទីនឈ្នះពាន World Cup នេះហើយ បានជួយដល់ Messi ឈ្នះពាន Ballon d’Or លើកទី៨ ក្នុងប្រវត្តិសាស្ត្រ កាលពីថ្ងៃទី៣១ ខែតុលា ខណៈដែល Haland បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ២ ហើយ Kylian Mbappe ស្ថិតនៅលេខ ៣ ដែលមានការបោះឆ្នោតពីសំណាក់គ្រូបង្វឹក ប្រធានក្រុម និងអ្នកកាសែតនៅជុំវិញពិភពលោក។
 
Messi ក៏អះអាងដែរថា ការឈ្នះពានរង្វាន់កីឡាករល្អប្រចាំពិភពលោកលើកទី៨ ព្រោះតែសំណាងដែលបានលេងឱ្យក្រុមអាហ្សង់ទីន។ 
 
មកដល់ពេលនេះ Messi នៅតែយកឈ្នះលើ Haaland បន្ថែមទៀត ដោយឈ្នះពានកីឡាករល្អប្រចាំឆ្នាំរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) The Best FIFA Men’s Player 2023។

Haaland ឈរនៅចំណាត់ថ្នាក់លេខ ២ និង Mbappe ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ដដែល៕

Tag:
 Erling Haland
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com