ជាតិ
សង្គមជាតិ
ស្ពានផ្លូវកង់ប្រាសាទតាកែវទាក់ទាញអ្នកនិយមកីឡាជិះកង់ និងកាត់បន្ថយផ្សែងពុលនៅតំបន់អង្គរ
16, Jan 2024 , 8:29 pm        
រូបភាព
ស្ពានផ្លូវកង់ប្រាសាទតាកែវ ថតថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
ស្ពានផ្លូវកង់ប្រាសាទតាកែវ ថតថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានសាងសង់ស្ពានផ្លូវកង់ ដែលបែងចែកដាច់ដោយឡែកពី ផ្លូវធម្មតា ក្នុងន័យលើកកម្ពស់កីឡាជិះកង់នៅតំបន់ប្រាសាទឱ្យកាន់តែច្រើន ដើម្បីកាត់បន្ថយការបំពុលបរិស្ថានដែលបង្កឡើងដោយផ្សែងយានយន្ត។

 
មន្រ្តីអាជ្ញាធរជាតិអប្សរា លោក សុខ សូសិលា ថ្លែងថា អាជ្ញាធរបានចាប់ផ្តើមកសាងសង់ផ្លូវកង់ នៅឆ្នាំ២០២០មក ក្នុងន័យលើកកម្ពស់ការជិះកង់នៅតំបន់អង្គរ ស្របពេលសាធារណជនជាច្រើន មានការពេញនិយមចំពោះកីឡានេះ។ ផ្លូវកង់នៅតំបន់អង្គរមានប្រវែងសរុបជាង២៣គីឡូម៉ែត្រ ដោយកាត់ផ្លូវវង់តូច និងវង់ធំ ក្នុងនោះក៏មានកាត់ស្ទឹងចំនួន៤ផងដែរ។ 
 
ដើម្បីសម្រួលដល់ការចរាចរណ៍ និងបារម្ភខ្លាចគ្រោះថ្នាក់ជាយថាហេតុ ដល់អ្នកជិះកង់ និងអ្នកបើកយានយន្តធម្មតា អាជ្ញាធរជាតិអប្សរាបានសង់ស្ពានផ្លូវកង់ ដែលឆ្លងកាត់ស្ទឹងទាំង៤ទីតាំងខាងលើ ក្នុងនោះរួមមានស្ពានប្រាសាទតាកែវ ស្ពានអង្គរ ស្ពានក្រាំងក្រូច និងស្ពាននាគព័ន្ធ។ ក្រៅពីនេះ ស្ពានខ្នាតតូច២ទៀតក៏បានសាងសង់រួចដែរ ដូចជាស្ពានកាត់កសិន្ធុយសោធរ និងអតីតទ្វារទឹកនាគព័ន្ធ។ នេះបើតាមការបញ្ជាក់ពីលោក សុខ សូសិលា។ 
 
ចំពោះស្ពានផ្លូវកង់ប្រាសាទតាកែវមានទទឹង២.៥ម៉ែត្រ និងបណ្ដោយ៦៥ម៉ែត្រ។ ស្ពាននេះបានសាងសង់រួចជាស្ថាពរ និងដាក់ឱ្យប្រើប្រាស់ហើយនៅដើមឆ្នាំនេះ។ នេះជាផ្នែកមួយនៃការលើកកម្ពស់កំណើនអ្នកជិះកង់នៅតំបន់រមណីយដ្ឋានអង្គរ ដែលអាជ្ញាធរជាតិអប្សរាយល់ថា នឹងជួយកិច្ចការអភិរក្សឱ្យមាននិរន្តរភាព។ ផ្សែងដែលបង្កឡើងដោយយានយន្ត ដូចជារថយន្ត និងម៉ូតូ កំពុងបង្កក្ដីបារម្ភដល់ថ្មប្រាសាទ។ តាមលោក សុខ សូសិលា ផ្សែងពុលទាំងនោះបានតោងជាប់នឹងថ្មប្រាសាទ បង្កើតជាអាស៊ីត ឱ្យថ្មឆាប់ពុកផុយ។ មិនតែប៉ុណ្ណោះ កំណើនយានយន្តច្រើនក៏បង្កភាពរង្គឺដល់ថ្មបុរាណផងដែរ។អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ លោក សុខ សូសិលា សំណូមពរឱ្យភ្ញៀវទេសចរ ចូលរួមលើកតម្កើងការជិះកង់ឱ្យនៅតំបន់អង្គរកាន់តែច្រើន៕
 
 
 

Tag:
 ស្ពានផ្លូវកង់
  ផ្លូវកង់តំបន់អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com