កីឡាអន្តរជាតិ
អន្តរជាតិ
Son ប្រជែងឈ្នះ Ronaldo ក្លាយជាកីឡាករល្អបំផុតប្រចាំតំបន់អាស៊ី លើកទី៩ ក្នុងអាជីព
× Son Heung-min ខ្សែប្រយុទ្ធឆ្នើមក្រុម Tottenham Hotspur ប្រជែងឈ្នះមិត្តរួមជាតិកូរ៉េខាងត្បូង Kim Min-jae និង Cristiano Ronaldo ដើម្បីក្លាយជាកីឡាករល្អបំផុតប្រចាំទ្វីបអាស៊ី Best Footballer in Asia ជាលើកទី៩ នៅឆ្នាំ២០២៣ និងជាការឈ្នះ៧លើកជាប់ៗគ្នាក្នុងអាជីព។
Son ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងក្រុម Spurs នៃលីគកំពូលអង់គ្លេស ទទួលបានសំឡេងគាំទ្រសរុប ២៣១សំឡេង នាំមុខ Kim Min-jae ខ្សែការពារ Bayern Munich ដែលមាន១៩៧សំឡេង និង Ronaldo ខ្សែប្រយុទ្ធ Al Nassr ដែលទទួលបាន១៧២សំឡេង។ លោក អ៊ឹង ចំរើន នាយកប្រតិបត្តិសារព័ត៌មានថ្មីៗស្ថិតក្នុងចំណោមអ្នកកាសែត អ្នកវិភាគ និងអ្នកជំនាញកីឡាបាល់ទាត់ពី ៤២ប្រទេសក្នុងតំបន់អាស៊ី ដែលបានផ្តល់សំឡេងឆ្នោតសម្រាប់តំណែងកីឡាករល្អបំផុតប្រចាំតំបន់អាស៊ីនេះ។
Best Footballer in Asia រៀបចំដោយ Titan Sports ចាប់តាំងពីឆ្នាំ២០១៣ ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងពាន Ballon d’Or ដែរ។ រយៈពេល១១ឆ្នាំមកនេះ គេបានរកឃើញអ្នកឈ្នះតែ៣រូបបុណ្ណោះ ក្នុងនោះអតីតកីឡាករជប៉ុន និងជាអតីតអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda ទទួលបានលើកដំបូងនៅឆ្នាំ ២០១៣ និងអតីតខ្សែប្រយុទ្ធជប៉ុន Shinji Okazaki ឈ្នះនៅឆ្នាំ២០១៦។ ក្រៅពីនោះ ៩លើកធ្លាក់ទៅក្នុងដៃ Son ទាំងអស់ ពោលគឺក្នុងឆ្នាំ ២០១៤, ២០១៥, ២០១៧, ២០១៨, ២០១៩, ២០២០, ២០២១, ២០២២ និង ២០២៣នេះ។
Son Heung-min ទទួលបានសំឡេងគាំទ្រលើសលុប តាមរយៈភាពលេចធ្លោរបស់គេ ១២ខែចុងក្រោយ ក្នុងនោះប្រធានក្រុមកូរ៉េខាងត្បូង រកបានគ្រាប់បាល់ ២៧គ្រាប់ឱ្យក្លិបមាន់ខ្នាយមាស បើទោះក្រុមមិនទទួលបានកៅអីក្របខណ្ឌអឺរ៉ុបក៏ដោយ។ នៅ Premier League ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ នៅតែជួយក្រុមបន្តការប្រកួតប្រជែង បើទោះបាត់បង់ដៃគូ Harry Kane ដែលផ្លាស់ទៅ Bayern Munich រដូវកាលនេះ៕
បច្ចុប្បន្ន Son កំពុងមានវត្តមានក្នុងកាតព្វកិច្ចអន្តរជាតិ ក្នុងព្រឹត្តិការណ៍ AFC Asia Cup ដោយរូបគេបានរួមចំណែកជួយកូរ៉េខាងត្បូងឈ្នះបារ៉ែន ៣-១ ក្នុងជំនួបបើកឆាកពូល E មុន បន្តទៅជួបហ្សកដានី និងម៉ាឡេស៊ី៕
Tag:
Son Heung-min
Best Footballer in Asia
© រក្សាសិទ្ធិដោយ thmeythmey.com