កីឡាជាតិ
ជាតិ
សុខ លឹមហេង បន្តគ្រងតំណែងជើងឯកអុកចត្រង្គថ្នាក់ជាតិ ឆ្នាំ២០២៣
18, Jan 2024 , 11:52 am        
រូបភាព
ជើងឯកអុកចត្រង្គថ្នាក់ជាតិឆ្នាំ២០២៣នេះ បានលើកីឡាករ សុខ លីម ហេង (ឈរកណ្ដាលខាងក្រោយ),ជើងឯករង កីឡាករ សំ កក្កដា និងលេខ៣ស្ទួន កីឡាករ ជា ស៊ីដេត និង សុខ ប៊ុនថន ។ រូបពីហ្វេសប៊ុកសហព័ន្ធអុកចត្រង្គកម្ពុជា។
ជើងឯកអុកចត្រង្គថ្នាក់ជាតិឆ្នាំ២០២៣នេះ បានលើកីឡាករ សុខ លីម ហេង (ឈរកណ្ដាលខាងក្រោយ),ជើងឯករង កីឡាករ សំ កក្កដា និងលេខ៣ស្ទួន កីឡាករ ជា ស៊ីដេត និង សុខ ប៊ុនថន ។ រូបពីហ្វេសប៊ុកសហព័ន្ធអុកចត្រង្គកម្ពុជា។
កីឡាករ សុខ លឹមហេង បន្តគ្រងតំណែងជើងឯកអុកចត្រង្គថ្នាក់ជាតិ ឆ្នាំ២០២៣ ក្រោយយកឈ្នះលើកីឡាករ សំ កក្កដា នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី១៧ មករា ២០២៤។ សម្រាប់ការប្រកួតនេះ សុខ លឹមហេង បានប្រកួតឈ្នះមួយ និងស្មើមួយក្ដារ លើ សំ កក្កដា ក្នុងថេរវេលាប្រកួត១ម៉ោង។ ដូច្នេះ សុខ លឹមហេង ជាអ្នកគ្រងតំណែងជើងឯកថ្នាក់ជាតិនេះ។



មុនឡើងមកវគ្គផ្ដាច់ព្រ័ត្រនេះ សុខ លឹមហេង បានយកឈ្នះលើ ជា ស៊ីដេត ដោយលទ្ធផលឈ្នះមួយ និងស្មើមួយក្ដារ។ ដោយឡែក សំ កក្កដា បានឈ្នះលើ សុខ ប៊ុនថន ដោយលទ្ធផលឈ្នះមួយ និងស្មើមួយក្ដារដូចគ្នា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
 
សម្រាប់ជើងឯកឆ្នាំ២០២៣នេះ បានលើកីឡាករ សុខ លីម ហេង ,ជើងឯករង កីឡាករ សំ កក្កដា និងលេខ៣ស្ទួន កីឡាករ ជា ស៊ីដេត និង សុខ ប៊ុនថន ។ ម្ចាស់ជើងឯកទទួលបាន មេដាយមាស និងខុន(ស្ដេច នៃគ្រាប់អុក) ឬអង្គមួយគ្រាប់។ ជើងឯករង បានមេដាយប្រាក់ និងគោលមួយគ្រាប់ ខណៈលេខ៣ស្ទួន បានមេដាយសំរឹទ្ធ និងគ្រាប់អុកនាង ម្នាក់មួយ។
 


ស្ដេចអុកអង្គរសង្គ្រាន្ត សុខ លឹមហេង បានឈ្នះជើងឯកថ្នាក់ជាតិ៤ឆ្នាំជាប់គ្នាហើយ ចាប់តាំងពី២០២០មក។ សុខ លឹមហេង ជាស្ដេចអុកអង្គរសង្គ្រាន្ត២សម័យកាល នៅឆ្នាំ២០២៣ និងឆ្នាំ២០១៨ ក្រោយរូបគេបានយកឈ្នះលើកីឡាករ ឈាវ បូរ៉ា ទាំងពីរលើកនេះ។ ឈាវ បូរ៉ា ក៏ជាអតីតស្ដេចអុកអង្គរសង្ក្រាន្ត២លើកដែរ នៅឆ្នាំ២០១៤ និង២០១៥។
 
ក្រៅពីគ្រងតំណែងស្ដេចអុកអង្គរសង្ក្រាន្តហើយ សុខ លឹមហេង ក៏បានយកឈ្នះមេដាយមាស លើការប្រកួតអុកចត្រង្គ ក្នុងវិញ្ញាសាប្រកួត៥នាទី នៃព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ កាលពីថ្ងៃទី៦ ឧសភា ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះទៀតផង។ សុខ លឹមហេង បានយកឈ្នះកីឡាករវៀតណាម Quang Trung Nguyen នាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នាការប្រកួតនោះ។
 

Tag:
 សុខ លឹមហេង
  អុកចត្រង្គ
© រក្សាសិទ្ធិដោយ thmeythmey.com