RFI
អន្តរជាតិ
លោក​ម៉ាក្រុងប្រកាស​សន្យា​ ពង្រឹងសណ្តាប់ធ្នាប់សង្គម តម្រង់ផ្លូវយុវជន​ និងបន្តជួយ​អ៊ុយក្រែន
18, Jan 2024 , 9:59 pm        
រូបភាព
ដោយ៖ម៉ម ពិសី/RFI
 
លោក​ប្រធានាធិបតីបារាំង កំពុងនិយាយក្នុងសន្និសីទកាសែត ដែលលោករៀបចំឡើង នៅវិមានអេលីហ្សេ ថ្ងៃទី​១៦ មករា ២០២៤ AP - Aurelien Morissardលោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បាន​ធ្វើសន្និសីទកាសែតដ៏ធំមួយ កាលពីថ្ងៃទី១៦ មករា​ ដើម្បី​បង្ហាញ​អំពីទស្សនវិស័យ នៃការដឹកនាំរបស់លោក។ អាណត្តិទី​២របស់​លោក​ម៉ាក្រុង បាន​ជួប​នូវ​បញ្ហា​​រកាំរកូស ព្រមទាំងបាន​រងនូវការរិះគន់កាន់តែខ្លាំងឡើងៗ​។ តើការដឹកនាំ ក្នុងរយៈពេលជិត​​៤ឆ្នាំទៅមុខទៀតនេះ លោក​ម៉ាក្រុងបានសន្យាអ្វី​ខ្លះ និង​ ផ្តល់អាទិភាពទៅលើអ្វីខ្លះ?

 
ដើម្បីផ្តល់សន្ទុះថ្មីដល់ការដឹកនាំរបស់ខ្លួន ដែល​កាន់តែចុះ​ខ្សោយ រងការ​រិះគន់មិនស្វាង លោក​ម៉ាក្រុង បានអញ្ជើញអ្នកកាសែតជាង​២០០នាក់ ឲ្យ​មកអង្គុយស្តាប់​លោក​និយាយ ​នៅវិមានអេលីហ្សេ។ ក្នុងរយៈពេលជាង​២ម៉ោងនៃសន្និសីទកាសែតនេះ លោក​ម៉ាក្រុង​បានប្រកាសនូវ​ផែនការដឹកនាំរបស់​លោក លើគ្រប់វិស័យ​​ សម្រាប់រយៈពេល ជិត​​៤​ឆ្នាំទៅមុខ ​មុននឹងលោក​ចប់អាណត្តិ​។​
 
លោក​ម៉ាក្រុងបានប្តេជ្ញាថា វិស័យអប់រំសិក្សាធិការជាតិ គឺជា​អាទិភាពធំបំផុត​។ លោក​ម៉ាក្រុង​បាន​ប្រកាសដាក់ចុះនូវផែនការ​ថ្មី ដើម្បី​តម្រង់​ផ្លូវ និង​ពង្រឹងសមត្ថភាពសិស្សានុសិស្ស យុវជនបារាំង ដែលជាអនាគតសសរ​ទ្រូង​ប្រទេស​​ជាតិ​។​ រដ្ឋាភិបាល​បារាំងនឹងចាប់ផ្តើម​ អនុវត្ត​​សាកល្បង​ ឲ្យសិស្សសាលាពាក់ឯកសណ្ឋានរួម​​ មាន​ម៉ោង​រៀនសិលធម៌-​ពលរដ្ឋវិជ្ជា​ ព្រមទាំងពង្រឹងការ​អប់រំ​ផ្នែក​សិល្បៈវប្បធម៌ ដូចជា​​តាមរយៈការហាត់លេង​ល្ខោនជាដើម។ លោក​ម៉ាក្រុង​បានអះអាងទៀត ថាលោក​គាំទ្រគំនិតឲ្យ​សិស្សសាលា ត្រូវ​​រៀនច្រៀងចម្រៀងជាតិ​បារាំង តាំងតែពីចូលឆ្នាំទី​២នៃអនុវិទ្យាល័យ​។ កម្មវត្ថុ​គឺ ដើម្បីពង្រឹងសីលធម៌សង្គម ​ធ្វើ​​ឲ្យ​​សិស្សានុសិស្ស​បារាំង មានវិន័យល្អ មាន​ឆន្ទៈស្រលាញ់ការសិក្សា ស្រលាញ់ស្រុកទេស និងជាពិសេសនោះ គឺមានឧត្តមគតិសាធារណរដ្ឋនិយម។
 
វិស័យដ៏ចាំបាច់មួយទៀត គឺសន្តិសុខសណ្តាប់ធ្នាប់សង្គម ដែលកាន់តែធ្លាក់ចុះដុនដាប។​ លោក​ម៉ាក្រុងប្រកាសសន្យា​ថានឹង​ ប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន គ្រប់ច្រកល្ហកទាំងអស់ក្នុងទឹកដីបារាំង ប្រយុទ្ធប្រឆាំងនឹង​សកម្មភាព​​​អសីលធម៌ ប្រយុទ្ធប្រឆាំង​នឹង​​ការផ្សព្វផ្សាយ​ចរន្ត​​អ៊ីស្លាម​​ជ្រុលនិយម​ផ្តាច់ការ។
 
ទាក់ទិនជីវភាពប្រជាជនវិញ លោក​ម៉ាក្រុងសន្យាថា នៅឆ្នាំ​២០២៥ រដ្ឋនឹង​បន្ថយពន្ធ ដែលមានទឹកប្រាក់សរុបចំនួន​២ពាន់​លានអឺរ៉ូ ដើម្បីជួយដល់អ្នកមានចំណូលមធ្យម​។ ក្នុងវិស័យសុខាភិបាល ដែលកំពុង​តែ​ជួប​បញ្ហា​​ខ្វះគ្រូពេទ្យ លោក​ម៉ាក្រុង បាន​ទាមទារថាត្រូវតែ​ ផ្តល់ក្រដាសស្នាមស្របច្បាប់ដល់​បុគ្គលិក ឬក្រុម​គ្រូពេទ្យ​​បរទេស ដែលបច្ចុប្បន្ន​កំពុងស្ថិតនៅលើទឹកដីបារាំង​។
 
នៅក្នុងសំណុំរឿង​អន្តរជាតិ លោក​​ម៉ាក្រុង​បាន​លើកឡើងថា សង្គ្រាម​​នៅ​អ៊ុយក្រែន​គឺ​ជារឿងធំបំផុត ព្រោះ​វា​ប៉ះពាល់​ដោយ​ផ្ទាល់ មកលើសន្តិសុខស្ថិរភាពរបស់បារាំង ក៏ដូចជារបស់អឺរ៉ុបទាំងមូល​។ លោក​ម៉ាក្រុងអះអាងថា មិនអាចឲ្យរុស្ស៊ីឈ្នះសង្គ្រាមនេះជាដាច់ខាត។ ដូច្នេះ បារាំងនឹងបន្តជួយអ៊ុយក្រែនទោះចំណាយ​ប៉ុណ្ណាក៏ដោយ​។ លោក​ម៉ាក្រុង បានប្រកាស​ផ្តល់​មីស៊ីលចំងាយឆ្ងាយ ប្រភេទ Scalp ចំនួនជាង​៤០គ្រាប់ ព្រមទាំង​គ្រប់​បែកជាច្រើនរយគ្រាប់ទៀត ទៅឲ្យកងទ័ពអ៊ុយក្រែន​។​ ហើយនៅ​ខែកុម្ភៈខាងមុខ លោកម៉ាក្រុងនឹងធ្វើដំណើរទៅទីក្រុងកៀវ ដើម្បី​បញ្ជាក់ពីការ​ប្តេជ្ញាចិត្ត​ជួយ​អ៊ុយក្រែន​។
 
ទាក់ទិននឹងបញ្ហានៅដើមបូព៌ាវិញ លោក​ម៉ាក្រុងបានលើកឡើងថា ការបន្តធ្វើសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ដោយ​មិនប្រមាណកម្លាំង ដោយ​មិន​ខ្វល់​អំពីអាយុជីវិតជនស៊ីវីល​បាឡេស្ទីន វាគឺជារឿងគ្រោះ​ថ្នាក់​ខ្លាំងណាស់។ គ្រោះថ្នាក់​គឺ​ការ​ឆាប​ឆេះ​សង្គ្រាមពេញតំបន់ ហើយ​គ្រោះថ្នាក់សម្រាប់សន្តិសុខអ៊ីស្រាអែលខ្លួនឯងទៅថ្ងៃមុខ ព្រោះវាធ្វើ​ឲ្យ​គេ​ចិញ្ចឹមចិត្តស្អប់ និងកំហឹងទៅលើអ៊ីស្រាអែល​។ លោក​ម៉ាក្រុង បានបញ្ជាក់ថា ដើម្បី​ចៀសវៀសកុំឲ្យ​បញ្ហាកាន់តែរីកធំ បារាំងបានសម្រេចចិត្ត មិនចូលរួម​នៅក្នុងសម្ព័ន្ធភាព​អន្តរជាតិ ដែលអាមេរិក​និងអង់គ្លេសបានបង្កើតឡើង ដើម្បីប្រយុទ្ធនឹងក្រុមហ៊ូទីយេម៉ែនឡើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com