អន្តរជាតិ
ហុងគ្រី​៖ ការ​ចូល​ជា​សមាជិក​ណាតូ​មើល​ទៅ​មិន​មែន​ជា​អាទិភាព​សម្រាប់​ស៊ុយអែត​ឡើយ
19, Jan 2024 , 9:39 am        
រូបភាព
នាយខុទ្ទកាល័យប្រធានាធិបតី លោក Gergely Gulyas។ រូបភាព Reuters
នាយខុទ្ទកាល័យប្រធានាធិបតី លោក Gergely Gulyas។ រូបភាព Reuters
ជំនួយការនាយករដ្ឋមន្ត្រីហុងគ្រី នៅថ្ងៃទី១៨ ខែមករា បានលើកឡើងថា ស៊ុយអែតមិនបាន ធ្វើអ្វីទាំងអស់ ដើម្បីបង្កើនទំនុកចិត្តលើភាពស័ក្តិសមសម្រាប់សមាជិកភាពសម្ព័ន្ធយោធាណាតូ ហើយបានមើលឃើញថា ការចូលរួមក្នុងសម្ព័ន្ធភាពមិនមែនជាអាទិភាពសម្រាប់ប្រទេសនេះទេ។

 
បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីឆ្នាំ២០២២ ស៊ុយអែតបានដាក់ពាក្យ ចូលរួមជាមួយសម្ព័ន្ធយោធាណាតូក្នុងខែឧសភាឆ្នាំ២០២២ ប៉ុន្តែដំណើរការចូលជាសមាជិក ដែលទាមទារការយល់ព្រមពីសមាជិកដែលមានស្រាប់ទាំងអស់ត្រូវបានជាប់គាំង ត្រឹមតួកគី និងហុងគ្រី។
 
ការផ្តល់សច្ចាប័នបានជាប់គាំងនៅក្នុងសភាហុងគ្រីអស់រយៈពេលជាងមួយឆ្នាំហើយ ដោយ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា មិនមានការគំរាមកំហែងណា មួយដល់សន្តិសុខរបស់ស៊ុយអែត ខណៈបានលើក ឡើងពីការណ៍ដែលស៊ុយអែតរិះគន់ ហុងគ្រីដោយមិនសមហេតុផលថាពួកគេបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។
 
នាយខុទ្ទកាល័យប្រធានាធិបតី លោក Gergely Gulyas បានប្រាប់សន្និសីទសារព័ត៌មានមួយ ថា ស៊ុយអែតមិនបានចាត់វិធានការណាមួយដើម្បីពង្រឹងការជឿទុកចិត្ត និងដើម្បីធ្វើឱ្យទំនាក់ ទំនងពួកគេក្លាយជាសម្ព័ន្ធមិត្ត និងមិត្តនោះឡើយ។
 
«ទំនាក់ទំនងនេះ ជាសម្ព័ន្ធមិត្តមួយស្របច្បាប់នា ប៉ុន្តែវាមិនអាចចាត់ទុកជាមិត្តភាពបានទេ ដូច្នេះខ្ញុំត្រូវសន្និដ្ឋានថា វាមិនមែនជាអាទិភាពសម្រាប់ស៊ុយអែតក្នុងការចូលរួមជា មួយណាតូឱ្យបានឆាប់រហ័សឡើយ»។ លោក Gulyas លើកឡើងបែបនេះរួចផ្ដល់យោបល់ថា រដ្ឋមន្ត្រីការបរទេស ឬនាយករដ្ឋមន្ត្រីស៊ុយអែតគួរតែទាក់ទង និងសួរពីអ្វីដែលសភាហុងគ្រី ព្រួយបារម្ភអំពីការចូលជាសមាជិកណាតូរបស់ស៊ុយអែត។
 
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោកបាននិយាយថា ហុងគ្រីចង់ចៀសវាង ការក្លាយជាប្រទេសចុងក្រោយដែលផ្តល់សច្ចាប័នលើការចូលជាសមាជិកណាតូរបស់ស៊ុយអែត ប៉ុន្តែពួកគេក៏ប្រហែលជាមិនអាចគ្រប់គ្រងស្ថានភាពបានទេ ប្រសិនបើគ្មានជំនួយ ឬការខិតខំពីស៊ុយអែត។
 
រដ្ឋាភិបាលលោក Orban តែងតែសន្យាថានឹងមិនធ្វើជាប្រទេសចុងក្រោយក្នុងការផ្ដល់ សច្ចាប័នសម្រាប់ស៊ុយអែតឡើយ​ ខណៈនៅតែរក្សាទំនាក់ទំនងកក់ក្ដៅជាមួយក្រុងមូស្កូទោះ បីជាអំឡុងការឈ្លានពាននៅអ៊ុយក្រែនក៏ដោយ។ សភាហុងគ្រីបច្ចុប្បន្នកំពុងស្ថិតក្នុងការសម្រាករដូវរងារ ហើយនឹងចាប់ផ្ដើមធ្វើការឡើងវិញនៅអំឡុងពាក់កណ្ដាលខែកុម្ភៈ។
 
មហាសន្និបាតសភាតួកគីអាចនឹងជជែកដេញដោលគ្នាអំពីសមាជិកភាពណាតូរបស់ស៊ុយអែតក្នុងសប្តាហ៍ខាងមុខនេះ ។ នេះបើយោងតាមប្រធានក្រុមសភារបស់គណបក្ស AK ដែលកំពុង កាន់អំណាចដែលបានបញ្ជាក់កាលពីសប្ដាហ៍មុន៕

© រក្សាសិទ្ធិដោយ thmeythmey.com