សង្គមអន្តរជាតិ​
អន្តរជាតិ
ស្រីលង្កាបន្ត​យុទ្ធនាការបង្ក្រាប​គ្រឿង​ញៀន ទោះក្រុម​សិទ្ធិ​មនុស្សបារម្ភ​
19, Jan 2024 , 11:21 am        
រូបភាព
រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈស្រីលង្កា Tiran Alles ។ រូបភាព ៖ The Island LK
រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈស្រីលង្កា Tiran Alles ។ រូបភាព ៖ The Island LK
ស្រីលង្កា បានប្តេជ្ញាបន្តយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលមកទល់ពេលនេះមនុស្សរាប់ម៉ឺននាក់ត្រូវបានឃុំខ្លួន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីសន្តិសុខ សាធារណៈស្រីលង្កា Tiran Alles នាថ្ងៃទី១៨ ខែមករា។ ការឃុំខ្លួនមនុស្សសន្ធឹកសន្ធាប់នេះ ក៏នាំឱ្យមានការព្រួយបារម្ភពីក្រុមសិទ្ធិមនុស្សជាច្រើន។

 
ប៉ូលិសស្រីលង្កា បានចាប់ខ្លួនមនុស្សចំនួន ៣៨ ៥២៥ នាក់ តាំងពីការចាប់ផ្ដើមប្រតិបត្តិការយុត្តិធម៌ កាលពីខែធ្នូ មកដើម្បីបោសសម្អាតគ្រឿងញៀនក្នុងប្រទេស។ ស្ថាប័នសិទ្ធិមនុស្សជាច្រើន បង្ហាញការបារម្ភរបស់ពួកគេចំពោះស្ថានភាពបែបនេះ។
 
« ពួកគេ (ក្រុមសិទ្ធិមនុស្ស) អាចចេញសេចក្ដីថ្លែងការណ៍បាន​ ប៉ុន្តែខ្ញុំនឹងមិនបញ្ឈប់ប្រតិបត្តិការឡើយ»។ លោក Tiran លើកឡើងបែបនេះរួចបន្តថា ប្រសិនបើរដ្ឋាភិបាលបានធ្វើអ្វីខុសនៅមូលដ្ឋាន នោះប្រជាពលរដ្ឋនឹងមិនគាំទ្រពួកគេបែបនេះឡើយ។
 
អង្គការសិទ្ធិមនុស្សចំនួន ៣៣ រួមមាន អង្គការ​លើកលែងទោស​អ​ន្ដ​រ​ជាតិ (Amnesty International) អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងគណៈកម្មការអន្តរជាតិនៃអ្នកច្បាប់ សុទ្ធតែព្រួយបារម្ភលើការកើនឡើងយ៉ាងខ្លាំង ករណីរំលោភសិទ្ធិមនុស្សក្នុងប្រតិបត្តិការនេះ។
 
អ្នកស្រាវជ្រាវនៃអង្គការលើកលែងទោសអន្តរជាតិស្រីលង្កា លោកស្រី Thiyagi Ruwanpathirana សង្កត់ធ្ងន់ថា ការចាប់ខ្លួនទាំងនេះ ត្រូវបានធ្វើឡើងតាមអំពើចិត្ត ខណៈប្រភេទមនុស្សដែលត្រូវបានគេចាប់ខ្លួនមានស្ថានភាពសេដ្ឋកិច្ចទាប។
 
ស្នងការស្តីទីនៃប៉ូលិសស្រីលង្កា លោក Deshabandu Tennekoon បានច្រានចោល ការបារម្ភនៃការរំលោភបំពានសិទ្ធិមនុស្សដោយនិយាយថា ប៉ូលិសបានអនុវត្តតាមនីតិវិធីត្រឹមត្រូវក្នុងការដោះស្រាយជាមួយជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួនដែលបណ្តាលឱ្យមានត្រឹមតែប្រហែល៥ ពាន់នាក់ប៉ុណ្ណោះ ដែលត្រូវបានជាប់គុក។ លោកបានបន្ថែមថា ការវាយឆ្មក់ ដែលធ្វើឡើងទូទាំងប្រទេសជារៀងរាល់ថ្ងៃ បានរកឃើញថ្នាំញៀនចំនួន ១៤,៥ លានដុល្លារ។
 
«យើង​នឹង​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ​ថ្មី ហើយ​បន្ត​ទៀត ព្រោះ​នេះ​ជា​កិច្ច​ខិត​ខំ​​រុះរើ ​បណ្តាញ​ជួញ​ដូរ និង​ចែក​ចាយ​គ្រឿង​ញៀន​ក្នុង​ប្រទេស»។ លោក Deshabandu សម្គាល់បែបនេះ។
 
ស្រីលង្កា បានចាប់ខ្លួនមនុស្សពាក់ព័ន្ធនឹងគ្រឿនញៀន ចំនួន៩,៧០០០ នាក់ ក្នុងឆ្នាំ ២០២០ ដែលចំនួន ៥៣ ភាគរយ នៃការចាប់ខ្លួនសរុបទាក់ទងនឹង​ហេរ៉ូអ៊ីន និង៤២ភាគរយ លើបទល្មើសកាន់កាប់កញ្ឆា។ នេះបើយោងតាមទិន្នន័យចុងក្រោយបំផុត ពីក្រុមប្រឹក្សាជាតិគ្រប់គ្រងគ្រឿងញៀនគ្រោះថ្នាក់ដែលគ្រប់គ្រងដោយរដ្ឋ៕
 

Tag:
 ស្រីលង្កា
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com