កីឡាជាតិ
ជាតិ
កម្ពុជា រៀចចំប្រកួតកីឡាបាញ់កាំភ្លើង ដើម្បីពង្រឹងអត្តពលិក និងទាញទេសចរអន្តរជាតិ
19, Jan 2024 , 7:39 pm        
រូបភាព
ការប្រកួត បាញ់កាំភ្លើង CSF IPSC Challenge Series រូបពី Hor Sithikun
ការប្រកួត បាញ់កាំភ្លើង CSF IPSC Challenge Series រូបពី Hor Sithikun
កម្ពុជារៀបចំការប្រកួតកីឡាបាញ់កាំភ្លើង CSF IPSC Challenge Series ក្នុងបំណងពង្រឹងសមត្ថភាពកីឡាករ ត្រៀមព្រឹត្តិការណ៍អន្ដរជាតិនានានៅក្នុងតំបន់អាស៊ាន និងការប្រកួតក្នុងទ្វីបអាស៊ី។ នេះជាការអះអាងរបស់លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើង ដោយបន្ថែមថា ការប្រកួតនេះ ក៏ជាការបំផុសគំនិតផ្សព្វផ្សាយកីឡាបាញ់កាំភ្លើង ដើម្បីស្រូបទាញកីឡាករបរទេស និងភ្ញៀវទេសចរអន្ដរជាតិមកកាន់កម្ពុជា កាន់តែច្រើនផងដែរ។



ការប្រកួតកីឡាបាញ់កាំភ្លើង CSF IPSC Challenge Series 2024 ធ្វើឡើង រយៈពេលមួយថ្ងៃ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅខេត្តមណ្ឌលគិរី។ ការប្រកួតនោះ មានកីឡាករចូលរួមសរុប ២៧នាក់ ដោយប្រកួតលើ៤ប្រភេទវិញ្ញាសា ក្នុងនោះក៏មាន ការបាញ់កាំភ្លើង ISSF ដែលជាវិញ្ញាសាក្នុងអូឡាំពិក ផងដែរ។
 
គោលបំណងរៀបចំការប្រកួតបាញ់កាំភ្លើងនេះ លោក សុខ ពុទ្ធិវុធ បានបញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពកីឡាករ សម្រាប់ត្រៀមប្រកួតអន្ដរជាតិនានា ជាពិសេសការត្រៀមព្រឹត្តិការណ៍ថ្នាក់តំបន់ និងថ្នាក់ទ្វីប។ ដោយឡែក វិញ្ញាសាបាញ់កាំភ្លើង ISSF ដែលជាប្រភេទវិញ្ញាសាកីឡាអូឡាំពិក ត្រូវបានប្រធានសហព័ន្ធរូបនេះ ជំរុញពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំង។
 
ក្រៅពីការផ្ដោតលើការពង្រឹងសមត្ថភាព និងសិទ្ធផលរបស់កីឡាករ លោក សុខ ពុទ្ធិវុធ បន្ថែមថា ការប្រកួតបាញ់កាំភ្លើង CSF IPSC Challenge Series 2024 ក៏ត្រូវបានធ្វើដើម្បីរួមចំណែកផ្សព្វផ្សាយកីឡាទំនើបនេះ ឲ្យកាន់តែទូលំទូលាយ និងដើម្បីទាយយកភ្ញៀវទេសចរអន្ដរជាតិមកកាន់កម្ពុជា តាមរយៈភាពសម្បូរបែបនៃវិស័យកីឡាកម្សាន្ដ។
 
ជាមួយគ្នានេះដែរ ស៊ិន សូផានណាក់ អគ្គលេខាធិការសហព័ន្ធកីឡាបាញ់កាំភ្លើង បញ្ជាក់ថាសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា គ្រោងនឹងរៀបចំការប្រកួតថ្នាក់ជាតិ ដើម្បីជ្រើសរើសកីឡាករឆ្នើមចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ។ ដោយឡែក អគ្គលេខាធិការសហព័ន្ធរូបនេះ មិនបានបញ្ជាក់ពីកាលបរិច្ឆេទ នៃការប្រកួតថ្នាក់ជាតិនោះនៅឡើយទេ៕

Tag:
 បាញ់កាំភ្លើង
  សុខ ពុទ្ធិវុធ
© រក្សាសិទ្ធិដោយ thmeythmey.com