សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ហេតុអ្វីចិន និង​ឥណ្ឌាពិបាកបញ្ឈប់ការប្រើប្រាស់ធ្យូងថ្ម ?
19, Jan 2024 , 8:19 pm        
រូបភាព
រោងចក្រធ្យូងថ្មមួយកន្លែងនៅខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។ រូបភាព ៖ Xinhua
រោងចក្រធ្យូងថ្មមួយកន្លែងនៅខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។ រូបភាព ៖ Xinhua
ធ្យូងថ្ម​ជា​ប្រភព​ថាមពល​ដ៏​សំខាន់​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ចនៅក្នុង​ប្រទេសមហាអំណាច​ចិន និងឥណ្ឌា។  ទោះបីប្រទេសទាំងពីរនេះ បានកំណត់គោលដៅប្រកបដោយមហិច្ឆិតានូវការប្រើប្រាស់ថាមពលកកើតឡើងវិញក៏ដោយ ក៏អ្នកជំនាញមួយចំនួនលើកឡើងថា តម្រូវការធ្យូងថ្មនឹងបន្តកើនឡើងខ្លាំងនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ហេតុអ្វីបានចិន និងឥណ្ឌាមិនអាចបោះបង់ការប្រើប្រាស់ប្រភពថាមពលធ្យូងថ្ម ?

 
បើ​មើលលើការ​ប្រើប្រាស់​ថាមពល​ជារួម ចិន​ជា​ប្រទេស​ប្រើប្រាស់​ថាមពល​ធំ​ជាង​គេ​របស់​ពិភពលោក ហើយ​ឥណ្ឌា​ជាប់​ចំណាត់​ថ្នាក់​លេខ៣ បន្ទាប់​ពី​​អាម៉េរិក។ បើ​និយាយ​ពី​ការ​ប្រើ​ប្រាស់​ធ្យូង​ថ្មវិញ ប្រទេស​ទាំង​ពីរ​នេះ​ស្ថិត​នៅ​លំដាប់​ទី​១ និង​ទី២​​រៀង​គ្នា។ ធ្យូងថ្ម​ជា​ប្រភព​ថាមពល​ដ៏​សំខាន់​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ពីរ​ដែល​មាន​ប្រជាជន​រាប់​ពាន់​លាន​នាក់។
 
យោងតាមការព្យាកររបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ សមាមាត្ររបស់ចិនក្នុងការប្រើប្រាស់អគ្គិសនីសកលនឹងកើនឡើងដល់០,៣៣ភាគរយ ដែលកើនពីអត្រា០,២៥ភាគរយកាលពីឆ្នាំ២០១៥ ។ ចំណែកធ្យូងថ្មវិញ បច្ចុប្បន្នមានប្រមាណ ៦០ភាគរយនៃប្រភពថាមពលសម្រាប់ផលិតអគ្គិសនីសកល។
 
 
ប្រទេសមានសេដ្ឋកិច្ចដែលកំពុងរីកចម្រើនខ្លាំងដូចឥណ្ឌា កំពុងតែមានតម្រូវការថាមពលខ្ពស់រួមទាំងប្រេងឆៅ និងឧស្ម័ន។ នេះបើយោងតាមលោក Rob Thummel នាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងការវិនិយោគថាមពលរបស់ Tortoise Capital ដែលមានមូលដ្ឋាននៅអាម៉េរិក។
 
ចំណែកលោក Ian Roper អ្នកយុទ្ធសាស្រ្តទំនិញនៃក្រុមហ៊ុនប្រឹក្សា Astris Advisory Japan KK បានប្រាប់សារព័ត៌មាន CNBC ថា ប្រសិនបើសេដ្ឋកិច្ចឥណ្ឌា និងចិនបន្តកើនឡើងក្នុងអត្រាខ្ពស់នៅប៉ុន្មានទសវត្សរ៍ក្រោយ តម្រូវការធ្យូងថ្មពិភពលោកនឹងមិនអាចរលាយបាត់ទៅឆាប់ៗនោះទេ។
 
នៅក្នុងរបាយការណ៍របស់ IEA ដែលចេញផ្សាយនាពេលថ្មីៗ តម្រូវការធ្យូងថ្មសកលនៅឆ្នាំ២០២៣ បានកើនឡើងដល់កម្រិតខ្ពស់បំផុតដែលលើសពី ៨,៥ពាន់លានតោន។ កំណើនដ៏ខ្ពស់នេះ​ ក៏ដោយសារតែមានតម្រូវការខ្លាំងនៅក្នុងប្រទេសមានសេដ្ឋកិច្ចកំពុងងើបឡើង និងកំពុងអភិវឌ្ឍដូចជាចិន និងឥណ្ឌា។ បើតាមរបាយការណ៍ខាងលើ មិនមានសញ្ញាណាមួយដែលថា តម្រូវការធ្យូងថ្មពិភពលោកនឹងថយចុះនោះទេ ដែលក្នុងនោះតម្រូវការពីឥណ្ឌា និងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេព្យាករថានឹងកើនឡើងយ៉ាងខ្លាំង។
 
ផលិតកម្មធ្យូងថ្មរបស់ឥណ្ឌាបានកើនឡើងដល់៨៩៣លានតោនក្នុងឆ្នាំ២០២៣ ដែលកើនឡើង១៥ភាគរយធៀបឆ្នាំ២០២២។ ចំណែកទិន្នផលធ្យូងថ្មឆៅរបស់ចិនក្នុងរយៈពេល ១១ខែឆ្នាំ២០២៣ បានកើនឡើង ២,៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
 
ផ្ទុយទៅវិញ អាម៉េរិកដែលជាអ្នកប្រើប្រាស់ធ្យូងថ្មធំជាងគេទី៣ របស់ពិភពលោក ជួបការធ្លាក់ចុះនៃតម្រូវការថាមពលនេះ ។ យោងតាមវិទ្យាស្ថានសេដ្ឋកិច្ចថាមពល និងការវិភាគហិរញ្ញវត្ថុ (IEEFA) ការប្រើប្រាស់ធ្យូងថ្មប្រចាំថ្ងៃជាមធ្យមរបស់អាម៉េរិកបានថយចុះ ៦២ភាគរយពីចំនួន ២,៨លានតោនក្នុងឆ្នាំ២០០៨ ដល់ ១,១លានតោននៅឆ្នាំ២០២៣ ។
 
នៅទូទាំងពិភពលោក ការបំភាយកាបូនពីឥន្ធនៈហ្វូស៊ីលបានបង្កើតកំណត់ត្រាដ៏ខ្ពស់មួយកាលពីឆ្នាំមុន។ ការបំភាយកាបូនរបស់ឥណ្ឌាត្រូវបានគេព្យាករថានឹងកើនឡើង ៨,២ភាគរយក្នុងឆ្នាំ ២០២៣ ខណៈដែលចិនកើនឡើង៤ភាគរយ។ នេះបើយោងតាមការប៉ាន់ស្មានចុងក្រោយរបស់អង្គការ Global Carbon Budget ។
 
លោក Rob Thummel បាននិយាយថា ពិភពលោកកំពុងសម្លឹងទៅមើលចិន និងឥណ្ឌា ពីព្រោះប្រទេសទាំងពីរនេះកំពុងប្រើប្រាស់ធ្យូងថ្មកាន់តែច្រើនឡើង ហើយការបញ្ចេញកាបូនរបស់ពួកគេកំពុងកើនឡើង ដែលមិនមានការថយចុះទេ។
 
តើឥណ្ឌា និងចិនមានឆន្ទៈក្នុងការបោះបង់ការប្រើប្រាស់ធ្យូងទេ​? 
 
កន្លងមក​ចិន និងឥណ្ឌាបានកំណត់គោលដៅប្រកបដោយមហិច្ឆតាសម្រាប់ការប្រើប្រាស់ថាមពលកកើតឡើងវិញ ជំនួសធ្យូងថ្មដែលបំផ្លាញបរិស្ថានមួយនេះ។
 
ឥណ្ឌា​ចង់​បំពេញ​តម្រូវការប្រើប្រាស់​អគ្គិសនី​ឲ្យបានចំនួន ៥០ភាគរយនៅទូទាំងប្រទេសនៅ​ឆ្នាំ២០៣០។ ប្រទេសនៅអាស៊ីខាងត្បូងមួយនេះ ក៏បានរីកចម្រើនខ្លះនៅលើផ្លូវទៅកាន់គោលដៅរបស់ខ្លួន ដោយបច្ចុប្បន្នការប្រើប្រាស់ថាមពលកកើតឡើងវិញបានរួមចំណែកប្រហែល ២២ភាគរយនៃទិន្នផលអគ្គិសនីសរុបរបស់ប្រទេស។ នេះមានន័យថាប្រមាណ ៧៥ភាគរយនៃប្រភពអគ្គិសនីរបស់ឥណ្ឌាត្រូវបានផ្គត់ផ្គង់ដោយរោងចក្រថាមពលកំដៅដោយធ្យូងថ្ម។ 
 
យោងតាមការសិក្សារបស់ធនាគារ Citibank ការស្តុកធ្យូងថ្មនៅរោងចក្រថាមពលរបស់ឥណ្ឌាក្នុងឆ្នាំ២០២៣ បានកើនឡើង ៦ភាគរយបើប្រៀបធៀបឆ្នាំ២០២២។ ប្រទេស​នេះ​ក៏​ត្រូវ​បាន​​រំពឹង​ថា​ នឹង​បន្ថែម​សមត្ថភាព​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​ចំនួន៨០ជីហ្គាវ៉ាត់​ក្នុង​រយៈពេល ៨ឆ្នាំ​ខាង​មុខ។
 
ទន្ទឹមនេះ ធ្យូងថ្មជាប្រភពថាមពលដែលរួមចំណែក ៦១ភាគរយនៃទិន្នផលអគ្គិសនីរបស់ចិន បើទោះជាប្រទេសនេះបាននាំមុខគេលើពិភពលោកក្នុងការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញក៏ដោយ។ ចំនួនគម្រោងថាមពលកកើតឡើងវិញថ្មីដែលបានបន្ថែមទៅក្នុងបណ្តាញថាមពលរបស់ចិនក្នុងឆ្នាំ២០២២ គឺស្មើនឹងប្រទេសដទៃទៀតនៃពិភពលោករួមបញ្ចូលគ្នា។ ចិនក៏មានមហិច្ឆតាក្នុងការបញ្ចេញកាបូនឲ្យដល់កម្រិតសូន្យនៅឆ្នាំ២០៦០ ។
 
ការប្រើប្រាស់ថាមពលកកើតឡើងវិញជំនួសធ្យូងថ្ម? 
 
ជារួម ការផ្គត់ផ្គង់ថាមពលកកើតឡើងវិញជំនួសប្រភពថាមពលមួយនេះ មិនមែនជាក្ដីរំពឹងខ្ពស់ឡើយ ព្រោះតែធ្យូងថ្មនៅតែដើរតួយ៉ាងសំខាន់នៅក្នុងរចនាសម្ព័ន្ធថាមពលនៃប្រទេសទាំងពីរ។
 
«កាលពី២ឆ្នាំមុន ចិនបានធ្លាក់ចូលទៅក្នុងការខ្វះខាតអគ្គិសនីយ៉ាងធ្ងន់ធ្ងរ។ ថាមពលវារីអគ្គិសនីនៅក្នុងប្រទេសនេះមានតិចតួចណាស់ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដូច្នេះពួកគេត្រូវតែត្រលប់ទៅប្រើប្រាស់ធ្យូងថ្មវិញ»។ នេះបើតាមការអះអាងរបស់លោក Ian Roper ។ 
 
កាលពីឆ្នាំមុន ចិនបានជួបប្រទះនឹងគ្រោះរាំងស្ងួតរយៈពេលជាច្រើនខែ ដែលបណ្តាលឱ្យទិន្នផលវារីអគ្គិសនីនៅក្នុងខេត្តភាគខាងត្បូងនៃប្រទេសនេះធ្លាក់ចុះ។ ដើម្បីរក្សាការផ្គត់ផ្គង់អគ្គិសនីដល់ប្រជាជន និងកន្លែងផលិតឧស្សាហកម្ម ចិនត្រូវបង្ខំចិត្តបង្កើនការប្រើប្រាស់ធ្យូងថ្ម។
 
ចំណែក​ឥណ្ឌា​វិញ ក៏មិនសូវខុសគ្នាពីចិនប៉ុន្មានដែរ។ កាលពីខែតុលាឆ្នាំ២០២៣ ចំណែកនៃធ្យូងថ្មនៅក្នុងការផលិតថាមពលរបស់ឥណ្ឌាបានកើនឡើងដល់ ៨០ភាគរយបើធៀបគ្រាដូចគ្នាក្នុងឆ្នាំ២០២២ ដោយសារភ្លៀងធ្លាក់តិចបានធ្វើឱ្យរោងចក្រវារីអគ្គិសនីមានការពិបាកផលិតប្រភពអគ្គិសនី។ ទិន្នផលធ្យូងថ្មរបស់ឥណ្ឌាក្នុងខែនោះបានកើនឡើង ១៨ភាគរយ។ 
 
ជារួម ទាំងចិន និងឥណ្ឌានឹងនៅតែបន្តពឹងផ្អែកលើធ្យូងថ្មជាប្រភពថាមពលដ៏សំខាន់សម្រាប់ផលិតអគ្គិសនីនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ លោក Ian Roper បាននិយាយថា ការប្រើប្រាស់ធ្យូងថ្មនៅឥណ្ឌា និងចិន អាចនឹងកើនឡើងខ្លាំងក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ៕

Tag:
 ចិន
  ឥណ្ឌា
  ធ្យូងថ្ម
© រក្សាសិទ្ធិដោយ thmeythmey.com