អន្តរជាតិ
កូរ៉េខាងត្បូង អរគុណកម្ពុជាដែលគាំទ្រការដំឡើងទំនាក់ទំនងកូរ៉េខាងត្បូង-អាស៊ានទៅកម្រិតខ្ពស់បំផុត
19, Jan 2024 , 8:59 pm        
រូបភាព
លោក Na Sang-deok អគ្គទីប្រឹក្សានៅស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា ថ្លែងពីគោលនយោបាយការបរទេស និងគំនិតផ្តួចផ្តើមសាមគ្គីភាពរវាងអាស៊ាន និងកូរ៉េខាងត្បូង នៅAmCam Exchange នៅថ្ងៃទី១៩ ខែមករា។ រូបភាព Thien Phearin
លោក Na Sang-deok អគ្គទីប្រឹក្សានៅស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា ថ្លែងពីគោលនយោបាយការបរទេស និងគំនិតផ្តួចផ្តើមសាមគ្គីភាពរវាងអាស៊ាន និងកូរ៉េខាងត្បូង នៅAmCam Exchange នៅថ្ងៃទី១៩ ខែមករា។ រូបភាព Thien Phearin
ក្រោយបង្កើតភាពជាដៃគូអស់រយៈពេល៣៥ឆ្នាំ កូរ៉េខាងត្បូង និងអាស៊ាន កំពុងប្រឹងប្រែងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីឆ្ពោះទៅរកការដំឡើងទំនាក់ទំនងទ្វេភាគីដល់កម្រិតខ្ពស់បំផុតនៅឆ្នាំនេះ។ អគ្គទីប្រឹក្សាអមស្ថានទូតកូរ៉េខាងត្បូងនៅកម្ពុជា លោក Na Sang-deok បានលើកឡើងបែបនេះនៅថ្ងៃទី១៩ ខែមករា។ មន្រ្តីទូតកូរ៉េខាងត្បូងរូបនេះ មិនភ្លេចអរគុណកម្ពុជានោះទេពាក់ព័ន្ធនឹងការគាំទ្រការដំឡើងកម្រិតដៃគូនេះ។

 
ពីកម្មវិធី “គោលនយោបាយការបរទេសកូរ៉េខាងត្បូងក្នុងពេលបច្ចុប្បន្ន” រៀបចំដោយមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់ (CCRS) លោក Na Sang-deok អគ្គទីប្រឹក្សានៅស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា បានថ្លែងពីគោលនយោបាយការបរទេស និងគំនិតផ្តួចផ្តើមសាមគ្គីភាពរវាងអាស៊ាន និងកូរ៉េខាងត្បូង។ 
 
នៅចំពោះមុខនិស្សិត អ្នកស្រាវជ្រាវ និងអ្នកសារព័ត៌មានជាច្រើននាក់ មន្រ្តីទូតរូបនេះ បានបញ្ជាក់ពីការស្វះស្វែងរបស់រដ្ឋាភិបាលក្រុងសេអ៊ូល និងអាស៊ានក្នុងការដំឡើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៅក្នុងឆ្នាំ២០២៤។ ភាគីទាំងពីរ បង្កើតភាពជាដៃគូសន្ទនាចាប់តាំងពីឆ្នាំ១៩៨៩ ពោលគឺមានរយៈពេល៣៥ឆ្នាំមកហើយ បើគិតទល់ពេលបច្ចុប្បន្ន។ 
 
«អាស៊ាន និងកូរ៉េខាងត្បូង កំពុងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីអភិវឌ្ឍទំនាក់ទំនងរបស់យើងទៅភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ (CSP) ក្នុងឆ្នាំនេះ»។ លោក Na បានថ្លែងបែបនេះនៅថ្ងៃទី១៩ ខែមករា។ 
 
ក្នុងសុន្ទរកថាដដែលនោះ មន្រ្តីទូតកូរ៉េខាងត្បូង ក៏មិនបានភ្លេចដែរ ក្នុងការសម្ដែងការអរគុណចំពោះរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសអាស៊ានផ្សេងទៀត ដែលបានគាំទ្រសំណើររដ្ឋាភិបាលខ្លួន ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ កម្រិត CSP គឺស្ថិតនៅខ្ពស់ជាងគេបំផុតនៃកម្រិតទំនាក់ទំនងទ្វេភាគី។ 
 
កន្លងមក អាស៊ាន  បានដំឡើងទំនាក់ទំនងជាមួយបណ្តាប្រទេសជាច្រើនឆ្ពោះទៅកម្រិត ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងនោះមានដូចជា ចិន អូស្រ្តាលី អាម៉េរិក ជប៉ុន និងឥណ្ឌា។ សម្រាប់ទំនាក់ទំនងបែបនេះ រដ្ឋាភិបាលក្រុងសេអ៊ូល និងអាស៊ាន អាចសហការជាមួយគ្នាលើវិស័យកាន់តែច្រើន ដើម្បីដោះស្រាយបញ្ហារួម និងផ្តល់ប្រយោជន៍ទៅវិញទៅមក។ 
 
តាមទិន្នន័យនៅក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងកូរ៉េខាងត្បូង បានឈានដល់២២២,៨ ពាន់លានដុល្លារ ដោយកើន ១៧,៤ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ចំណែកការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) របស់កូរ៉េខាងត្បូង ក្នុងតំបន់អាស៊ាន មាន១២,៧ ពាន់លានដុល្លារ ពោលគឺកើនឡើង២៥,៥ ភាគរយ បើធៀបនឹងឆ្នាំដដែល។ 
 
ផ្អែកតាមទិន្នន័យខាងលើ កូរ៉េខាងត្បូង ជាដៃគូពាណិជ្ជកម្មទី៥ របស់អាស៊ាន ហើយអាស៊ានជាដៃគូពាណិជ្ជកម្មលំដាប់ទី២ របស់កូរ៉េខាងត្បូង៕ 

Tag:
 កូរ៉េខាងត្បូង
  កម្ពុជា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com