ជាតិ
រដ្ឋមន្រ្តីកសិកម្ម ស្នើឱ្យជប៉ុនជួយរៀបចំប្រព័ន្ធគ្រប់គ្រងទឹក សម្រាប់ធ្វើកសិកម្មទាំងរដូវប្រាំង និងវស្សា
19, Jan 2024 , 5:39 pm        
រូបភាព
រូបភាព៖ ក្រសួងកសិកម្ម
រូបភាព៖ ក្រសួងកសិកម្ម
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យភាគីជប៉ុន ពិនិត្យលទ្ធភាពជួយលើការគ្រប់គ្រងទឹកសម្រាប់ធ្វើកសិកម្មឱ្យបានទាំងរដូវប្រាំង និងវស្សា។



ក្នុងជំនួបជាមួយគណៈប្រតិភូ ទីភ្នាក់ងារធនធានទឹករបស់ប្រទេសជប៉ុន នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១៨ ខែមករា លោក ឌិត ទីណា បានលើកឡើងថា កម្ពុជាត្រូវការការសិក្សាលក្ខណៈវិទ្យាសាស្ត្រ និងប្រាកដនិយមអំពីវិធីសាស្ត្រ ដែលអាចជួយកាត់បន្ថយថ្លៃដើមផលិតរបស់កសិករ។
 
ជុំវិញរឿងនេះ រដ្ឋមន្រ្តីបានណែនាំឱ្យភាគីជប៉ុន ពិនិត្យលទ្ធភាពជួយលើការគ្រប់គ្រងទឹកសម្រាប់ធ្វើកសិកម្មឱ្យបានទាំងរដូវប្រាំង និងវស្សា តាមរយៈការប្រើប្រាស់ប្រព័ន្ធសូឡា ដែលអាចជួយកាត់បន្ថយការចំណាយរបស់កសិករ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ច និងបរិស្ថាន។
 
ជាមួយគ្នានេះ លោក ឌិត ទីណា ក៏បានប្រាប់ភាគីជប៉ុនអំពីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលលោកចាត់ទុកថា វាមានសារៈសំខាន់ក្នុងការលើកកម្ពស់វិស័យកសិកម្ម និងស្ថិរភាពតម្លៃ តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីដឹងឱ្យច្បាស់ពីតម្រូវការ និងបញ្ហាប្រឈមរបស់កសិករ ហើយឆ្លើយតបឱ្យមានប្រសិទ្ធភាព៕ 
 

Tag:
 ឌិត ទីណា
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com