ជាតិ
ឆ្នាំ២០២៣ កម្ពុជាទទួល​បានអ្នកដំណើរបរទេសជាង ៥.៥លាននាក់
19, Jan 2024 , 9:29 pm        
រូបភាព
ភ្ញៀវទេសចរដើរកម្សាន្តនៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។
ភ្ញៀវទេសចរដើរកម្សាន្តនៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។
ភ្នំពេញ៖ កម្ពុជា ទទួលអ្នកដំណើរអន្តរជាតិ ចំនួន ៥ ៥៤៥ ២៣១នាក់ នៅក្នុងឆ្នាំ២០២៣ ដែលចំនួន​នេះ​កើន​ឡើងជិត ១៣៩.៥ ភាគរយ ធៀបនឹងឆ្នាំ២០២២។ នេះបើតាមស្ថិតិទេសចរណ៍ឆ្នាំ​២០២៣ ​​​របស់ក្រសួង​ទេសចរណ៍។

 
​របាយការណ៍ដដែលបញ្ជាក់ថា ក្នុងចំណោមអ្នកដំណើរបរទេសទាំងនោះ មានពលរដ្ឋថៃ​ច្រើន​​​ជាងគេ គឺជាង ១ ៨២០ ៤៦០នាក់ ដែលគ្របដណ្តប់​ ៣៣.៤ភាគរយ នៃអ្នកដំណើរ​បរទេសសរុប។ ចំណែកពលរដ្ឋវៀតណាម ស្ថិតនៅលំដាប់ទី២ ដែល​បាន​មក​កម្សាន្ត និងធ្វើធុរកិច្ចនៅកម្ពុជា ​មាន​ចំនួន ​១ ០១៩ ៨១២នាក់ ស្មើនឹង ១៨.៧​ភាគរយ។ ជនជាតិចិន ឈរនៅលំដាប់លេខរៀងទី៣ ​មានចំនួន ៥៤៧ ៧៩៨នាក់។ 
​​ក្នុងចំណោមអ្នកដំណើរបរទេសទាំងអស់ មាន១.៨លាន​នាក់ចូលមកកម្ពុជា តាមជើងហោះហើរ ​និងជិត ៣.៦​លាន​នាក់ ធ្វើដំណើរចូលមកកម្ពុជា​​តាមផ្លូវគោក និងផ្លូវទឹក។ របាយការណ៍ដដែល បង្ហាញដូច្នេះ។
 
ក្នុងឆ្នាំ​២០​២៣ដដែល ​ក៏មាន​ពលរដ្ឋខ្មែរ ចំនួន ១ ៨១៩ ៥០៤លាននាក់ បានធ្វើដំណើរកម្សាន្ត​ទៅក្រៅប្រទេស។ ចំនួននេះ កើនឡើងជាង ៨៧.៥ភាគរយ។ នេះបើតាមស្ថិតិទេសចរណ៍ឆ្នាំ​២០២៣ ​​​របស់ក្រសួង​ទេសចរណ៍៕
 
 
 
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com