ជាតិ
បារាយណ៍ទឹកថ្លារួមចំណែកសំខាន់ជួយផ្ទៃដីស្រែប្រាំងពលរដ្ឋជិត៨ពាន់ហិកតា
20, Jan 2024 , 11:19 am        
រូបភាព
ផ្ទៃដីស្រែប្រាំងរបស់ពលរដ្ឋសហគមន៍អ្នកប្រើប្រាស់ទឹកបារាយណ៍ទឹកថ្លា។
ផ្ទៃដីស្រែប្រាំងរបស់ពលរដ្ឋសហគមន៍អ្នកប្រើប្រាស់ទឹកបារាយណ៍ទឹកថ្លា។
សៀមរាប៖ ជាអាងស្ដុកទឹកដ៏ធំជាងគេនៅរមណីយដ្ឋានអង្គរ បារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិច ក៏កំពុងរួមចំណែកសំខាន់ក្នុងការផ្គត់ផ្គង់ទឹកជួយស្រោចស្រពស្រែប្រាំងរបស់ប្រជាពលរដ្ឋជិត៨ពាន់ហិកតាជារៀងរាល់ឆ្នាំផងដែរ។

 
តំណាងក្រុមការងារសហគមន៍កសិករប្រើប្រាស់ទឹកបារាយណ៍ទឹកថ្លា លោក ហួត ហាយ បានឱ្យដឹងថា សហគមន៍នេះបានបង្កើតឡើងនៅឆ្នាំ២០១៥ ក្រោយក្រសួងធនធានទឹកបានប្រគល់ការងារគ្រប់គ្រង បារាយណ៍ទឹកថ្លាមកឱ្យអាជ្ញាធរជាតិអប្សរា។ លោក ហាយ បន្តថា សហគមន៍ដែលអាស្រ័យលើទឹកបារាយណ៍សរុបមាន ៩ឃុំ និងសង្កាត់ ក្នុងនោះ៤ឃុំនៅស្រុកពួក និង៥សង្កាត់នៅក្នុងក្រុងសៀមរាប ឬស្មើនឹង៦៤ភូមិ មាន ៦៨១៨គ្រួសារ និងគិតជាផ្ទៃដីស្មើនឹង៧,៨៥០ហិកតា។ 
 
តាមការបញ្ជាក់ពីលោក ហាយ ជារៀងរាល់ឆ្នាំ សហគមន៍បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារទឹក នៃអាជ្ញាធរជាតិអប្សរា ស្នើជួយបើកទ្វារទឹកបារាយណ៍ទឹកថ្លាទម្លាក់មកប៉ែកខាងក្រោម ដើម្បីស្រោចស្រពស្រែប្រាំងរបស់ប្រជាពលរដ្ឋ។ បណ្ដាញប្រឡាយសម្រាប់ការងាររុញទឹកនេះ គឺមានប្រឡាយមេចំនួន៦ខ្សែ និងប្រឡាយរង៥២ខ្សែ។ លោក ហាយ បានបញ្ជាក់បន្ថែមថា កិច្ចការស្នើប្រើប្រាស់ទឹកនេះ គឺចាប់ពីអំឡុងខែធ្នូ រហូតដល់ខែមីនា ទម្រាំស្រូវចាប់ផ្តើមទុំ។ 


 
ក្រៅពីពឹងមួយផ្នែកធំពីទឹកបារាយណ៍ទឹកថ្លា ស្រូវប្រាំងរបស់ប្រជាពលរដ្ឋខាងលើ ក៏បានទាញទឹកពីទំនបន់៧៨ និងបឹងទន្លេសាបផងដែរ។ តំណាងកសិករ លោក ហាយ រំឭកថា រាល់ឆ្នាំប្រភពទឹកទាំងនោះមិនគ្រប់គ្រាន់សម្រាប់ស្រែប្រាំងពលរដ្ឋឡើយ គឺត្រូវពឹងការទម្លាក់ទឹកពីខាងលើ នៃបារាយណ៍ទឹកថ្លា ដើម្បីបង្រ្គប់ការស្រោចស្រព រហូតស្រូវទុំ អាចច្រូតកាត់បាន។
 
កសិករលោក ស៊ុយ ផាន ប្រាប់ថា លោកមានដីស្រែមួយហិកតា និងអាចប្រមូលផលបាននៅរវាង១០ថ្ងៃទៀត។ ក្រៅពីអរគុណអាជ្ញាធរជាតិអប្សរា លោកក៏សំណូមពរបន្ថែមឱ្យអាជ្ញាធរ ជួយរៀបចំផ្លូវកាត់ប្រឡាយ សម្រួលដល់ការធ្វើដំណើររបស់ប្រជាកសិករឱ្យកាន់តែប្រសើរបន្ថែមទៀត។
 
មន្រ្តីផ្នែកទឹកនៃនាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា លោក យុត យ៉ែម បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាចាប់ផ្តើមបើកទ្វារទឹកទម្លាក់មកជូនកសិករពីខែធ្នូមក ហើយជារៀងរាល់ថ្ងៃលោកតែងចុះមកសម្របសម្រួល ដើម្បីកុំឱ្យមានភាពរាំងស្ទះលើការងារទម្លាក់ទឹកនេះ។ យ៉ាងណា ដោយសារទំហំផ្ទៃដីស្រែពលរដ្ឋធំ និងមានការពង្រីកបន្ថែម ធ្វើឱ្យការបញ្ជូនទឹកមានបញ្ហាមួយចំនួន និងពេលខ្លះមិនទាន់ពេលវេលាជាដើម។ 
 
 គួរបញ្ជាក់ថា បារាយណ៍ទឹកថ្លាជាអាចទំនប់ទឹកបុរាណសំខាន់នៅក្នុងរមណីយដ្ឋានអង្គរ។ បារាយណ៍នេះកសាងឡើងនៅសតវត្សរ៍ទី១១ មានទំហំបណ្ដោយ៨គីឡូម៉ែត្រ និងទទឹង២.២គីឡូម៉ែត្រ អាចស្ដុកទឹកបាន ៥៦លានម៉ែត្រគូប៕



Tag:
 បារាយណ៍ទឹកថ្លា
  ស្រែប្រាំង
© រក្សាសិទ្ធិដោយ thmeythmey.com