ជាតិ
ឆ្នាំនេះ ត្រីឆ្អើររបស់ពលរដ្ឋឃុំកំពង់ភ្លុក មិនសូវសម្បូរទេ!
20, Jan 2024 , 1:59 pm        
រូបភាព
ពលរដ្ឋមួយរូបនៅឃុំកំពង់ភ្លុកកំពុងរៀបចំត្រីឆ្អើរ។
ពលរដ្ឋមួយរូបនៅឃុំកំពង់ភ្លុកកំពុងរៀបចំត្រីឆ្អើរ។
សៀមរាប៖ រដូវរំហើយចូលមកដល់ ជាសញ្ញាបញ្ជាក់ថា ទឹកទន្លេក៏ចាប់ផ្តើមស្រកដែរ។ រដូវនេះក៏សបញ្ជាក់ថា រដូវត្រីប្រហុក ត្រីឆ្អើរក៏ចូលមកដល់ព្រមគ្នា។ ដូចសហគមន៍នេសាទដទៃទៀតដែរ សហគមន៍ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និយមឆ្អើរត្រី ដែលជាអាហារដ៏ពេញនិយមមួយ សម្រាប់ពលរដ្ឋខ្មែរ។ យ៉ាងណា តាមការអះអាងរបស់ពលរដ្ឋនៅតំបន់នេះត្រីស្រកា ឬប្រភេទត្រីតូចៗសម្រាប់ឆ្អើរ ឬធ្វើប្រហុកមិនសូវសម្បូរនោះទេ។

 
ឃុំកំពង់ភ្លុកមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ ឃុំកំពង់ភ្លុកមាន៣ភូមិ គឺភូមិដីក្រហម ភូមិត្នោតកំបុត និងភូមិគោកក្ដុល។ ជាសហគមន៍អេកូទេសចរណ៍ដ៏ពេញនិយម ដែលភ្ញៀវទេសចរចូលចិត្តជិះអាណូតទូកទស្សនាផ្ទះសសរខ្ពស់ៗ ជីវភាពរស់នៅរបស់ពលរដ្ឋ និងទស្សនាថ្ងៃលិចពណ៌មាសនៃបឹងទន្លេសាប។ 
 
ផ្សែងហុយតិចៗ ចេញពីផ្ទះពលរដ្ឋនៅសងខាងផ្លូវបេតុងនៃសហគមន៍កំពង់ភ្លុក ដែលជាសញ្ញាថា ផ្ទះទាំងនោះកំពុងឆ្អើរត្រី។ កំពុងញាប់ដីរៀបត្រីដាក់ឆ្អើរ កញ្ញា រស់ សំនិត វ័យ៣៣ឆ្នាំបានឱ្យដឹងថា កញ្ញាចាប់ផ្តើមរបរនេះប្រមាណ២ឆ្នាំមកហើយ ដែលជារបរលក្ខណៈគ្រួសារ។ ខែនេះសម្បូរត្រីកំភ្លាញ កញ្ចុះ និងប្រភេទត្រីស្រកាខ្លះ។ 


 
ថ្ងៃខ្លះកញ្ញា សំនិត អាចឆ្អើរបានត្រី៤០ចង្កាក់ ថ្ងៃខ្លះលើស ឬតិចជាងនេះ សម្រាប់លក់ឱ្យអតិថិជនដែលមកទិញដល់ផ្ទះ។ កញ្ញាប្រាប់ថា ត្រីមិនសូវសម្បូរច្រើនទេ ខុសពីឆ្នាំទៅ ដែលមានត្រីច្រើន អាចឱ្យអ្នកភូមិច្រើនគ្រួសារឆ្អើរលក់បាន។ 
 
ជាមួយគ្នានេះ កញ្ញា សំនិត ក៏បានចែករំលែកពីបច្ចេកទេសឆ្អើរត្រីឱ្យស្រួយឆ្ងាញ់ផងដែរ។តាមបទពិសោធន៍កន្លងមក ប្រសិនចង់ឱ្យត្រីស្រួលល្អ បន្ទាប់ពីឆ្អើរថ្ងៃទី១រួច គឺត្រូវយកមកឆ្អើរមួយស្របក់ទៀតនៅព្រឹកថ្ងៃទី២ សឹមលក់។ កញ្ញា សំនិត លើកឡើងដូចនេះ។
 
«មួយចង្កាក់យើងអាចលក់បាន១,២០០រៀល ហើយមួយថ្ងៃអាចបានប្រាក់មួយម៉ឺនពីរម៉ឺនរៀល វារៀងពិបាកដែរ ក្ដៅ។ នេះជាការលើកឡើងរបស់ពលរដ្ឋភូមិគោកក្ដុល កញ្ញា សំនិត ដោយបន្តថា ពេលខ្លះកញ្ញាត្រូវចេញទៅរកអុសខ្លួនឯង និងខ្លះទិញពលរដ្ឋក្នុងភូមិដែលរកនៅព្រៃក្បែរផ្ទះ ដែលជាដើមឈើងាប់ៗ។ 


 
នៅមិនឆ្ងាយពីផ្ទះកញ្ញា សំនិត អ្នកស្រី មាន ហូន ក៏កំពុងញាប់ដីញាប់ជើង ដោត និងរៀបត្រី ដាក់ឆ្អើរលើភ្លើងផងដែរ។ ថ្ងៃរៀងជ្រេបន្ដិចទៅហើយ ស្រ្តីវ័យ៦០ឆ្នាំរូបនេះ អោនងើបៗម្នាក់ឯង ដោយគ្មានកូនចៅនៅជួយទេ។ ស្រ្តីរូបនេះប្រាប់ថា ត្រីទិញទាំងអស់ត្រូវទិញពីគេ ដែលថ្ងៃខ្លះទិញបាន១០គីឡូ ខ្លះក៏ហត់ដល់១០០គីឡូក៏មានដែរឱ្យតែមានត្រី។ 
 
«ឱ្យតែមានម៉ូយមកយើងដល់ផ្ទះ។ ត្រីកញ្ចុះលក់បានមួយចង្កាក់១៥០០រៀល តែត្រីនេះពិបាកដោតបន្ដិច តែបើត្រីស (ត្រីស្រកា) ១០០គីឡូក៏យកដែរ។ ត្រីកញ្ចុះងាយឆ្អើរ បើត្រីសដាក់ភ្លើងរៀងខ្លាំងបន្ដិច។ ពេលឆ្អើរកុំឱ្យមានផ្សែងខ្លាំង មិនអ៊ីចឹងទេខ្មៅត្រី»។
 
ក្នុងរបរនេះជាង២០ឆ្នាំ អ្នកស្រី មាន ហូន បញ្ជាក់ថា បានចាប់ផ្តើមការងារនេះតាំងពីអ្នកស្រីនៅក្រមុំ។ ស្រ្តីរូបនេះបញ្ជាក់ថា នេះជារបរប្រពៃណីសម្រាប់អ្នកទន្លេសាប ដ្បិតវាហត់នឿយបន្ដិច មិនសូវចំណេញច្រើន តែអ្នកស្រីនៅតែចង់បន្តរបរនេះមិនចង់ឱ្យបាត់បង់ឡើយ៕



Tag:
 ត្រីឆ្អើរ
  កំពង់ភ្លុក
© រក្សាសិទ្ធិដោយ thmeythmey.com