ជាតិ
សង្គមជាតិ
ជប៉ុន បន្តជួយលើកកម្ពស់គុណភាព និងប្រសិទ្ធិភាពប្រព័ន្ធច្បាប់ នៅកម្ពុជា
20, Jan 2024 , 2:39 pm        
រូបភាព
ជំនួបរវាងលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន(ស្ដាំ) និងលោក Riyuji Koizumi រដ្ឋមន្ត្រី នៃក្រសួងយុត្តិធម៌ជប៉ុន(ឆ្វេង)។ រូបភាពពីទំព័រហ្វេសប៉ុក ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន៕
ជំនួបរវាងលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន(ស្ដាំ) និងលោក Riyuji Koizumi រដ្ឋមន្ត្រី នៃក្រសួងយុត្តិធម៌ជប៉ុន(ឆ្វេង)។ រូបភាពពីទំព័រហ្វេសប៉ុក ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន៕
បន្ទាប់ពីបញ្ចប់គម្រោង «អភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌» ២៥ឆ្នាំ(៥ជំហាន)រួចមក រដ្ឋាភិបាលជប៉ុន នឹងបន្តគម្រោងនេះ នៅក្នុងជំហានទី៦។ គម្រោងនេះ គឺមានចក្ខុវិស័យរួមគ្នារវាងកម្ពុជា-ជប៉ុន ដើម្បីពង្រឹង និងជំរុញឱ្យមានភាពប្រសើរឡើងនូវគុណភាព និងប្រសិទ្ធិភាព នៃប្រព័ន្ធច្បាប់ និងតុលាការនៅកម្ពុជា។

 
ការសម្រេចខាងលើនេះ ត្រូវបានធ្វើឡើងនាជំនួប រវាង លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រួមជាមួយ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន លោក Riyuji Koizumi នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ បើតាមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន «គម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌»ជំហានទី៦ មានរយៈពេល៥ឆ្នាំដែលភាគីជប៉ុននឹងបន្តផ្ដល់ជំនួយបច្ចេកទេសនេះ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ រហូតដល់ដំណាច់ឆ្នាំ ២០២៧។ គម្រោងនេះចូលរួមចំណែកផ្ដល់ជំនួយបច្ចេកទេសតាមរយៈ JICA ដែលបានរៀបចំច្បាប់ក្នុងវិស័យរដ្ឋប្បវេណីនៅកម្ពុជា តាំងពីឆ្នាំ១៩៩៩មក។ 
 
«ជប៉ុនរីករាយក្នុងការជួយផ្នែកបច្ចេកទេស ខាងវិស័យច្បាប់នៅកម្ពុជា អាស្រ័យដោយការពង្រឹងវិស័យច្បាប់ ជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ការពារប្រយោជន៍ប្រជាជន និងសណ្តាប់ធ្នាប់សង្គម»។ នេះជាការលើកឡើងរបស់លោក Riyuji Koizumi ដោយបានបញ្ជាក់យ៉ាងដូច្នេះ៖ « ជប៉ុន ក៏ដូចកម្ពុជា មានចក្ខុវិស័យរួមក្នុងការពង្រឹង និងជំរុញវិធាននៃច្បាប់ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធិភាព នៃប្រព័ន្ធច្បាប់ និងតុលាការ ក្នុងន័យធ្វើយ៉ាងណា យើងអភិវឌ្ឍសម្បូរសប្បាយជាមួយគ្នា។»
 
បើតាម លោក Riyuji Koizumi បច្ចុប្បន្ន ក្រសួងយុត្តិធម៌ជប៉ុន ក៏កំពុងរៀងចំកែលម្អច្បាប់ពាក់ព័ន្ធនឹងពលករ កម្មសិក្សាការីបរទេស ពលករ កម្មសិក្សាការីកម្ពុជា ដែលមកធ្វើការ និងសិក្សានៅជប៉ុន ឱ្យបានកាន់តែល្អប្រសើរឡើង និងមានផលវិជ្ជមាននៅពេលខាងមុខ ផងដែរ។ 
 
ក្នុងនាមរដ្ឋាភិបាលកម្ពុជា លោក ទុយ រី បានសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅចំ ពោះរដ្ឋាភិបាលជប៉ុន ដែលបានរួមចំណែកផ្តល់ជំនួយបច្ចេកទេស តាមរយៈ JICA ដើម្បីរៀបចំច្បាប់ក្នុងវិស័យរដ្ឋប្បវេណីនៅកម្ពុជា។ 
 
គួរជម្រាបថា ជំនួបរវាងលោក ទុយ រី និង Riyuji Koizumi បានធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរបានបើកកិច្ចប្រជុំកំពូលរំលឹកខួបលើទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ 
 
យោងតាមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នាជំនួបរវាងមេដឹកនាំកំពូលទាំងពីរ ប្តេជ្ញាពង្រឹង និងពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ អប់រំ វិស័យច្បាប់ និងផ្នែកយុត្តិធម៌ ផងដែរ៕ 
 

Tag:
 ThmeyThmey
 ជប៉ុន
  វិស័យច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com