RFI
សុខភាព
អន្តរជាតិ
លំអងផ្លាសិ្ទក ផ្តល់ហានិភ័យដល់សុខភាពមនុស្សយ៉ាងណា ?
21, Jan 2024 , 10:39 am        
រូបភាព
អ្នកវិទ្យាសាស្ត្រវិភាគទឹកសមុទ្ទឃើញមានមីក្រូប្លាស្ទិក ។ Reuters
អ្នកវិទ្យាសាស្ត្រវិភាគទឹកសមុទ្ទឃើញមានមីក្រូប្លាស្ទិក ។ Reuters
ដោយ៖ អៀង សុខម៉ិញ
 
នៅឆ្នាំ២០៥០ មហាសមុទ្ទនឹងមានប្លាស្ទិកច្រើនជាងត្រី ! ពិភពលោកផលិតប្លាស្ទិក១០តោនក្នុងមួយនាទី ហើយជារៀងរាល់ពីរនាទី មួយតោនប្លាស្ទិកបញ្ចប់ជីវិតនៅក្នុងសមុទ្ទ។ ទ្វីបប្លាស្ទិក រីកធំធាត់កាន់តែជារាល់ថ្ងៃ ! ផ្លាស្ទិក បំផ្លាញជីវិតសត្វរស់នៅក្នុងទឹក ត្រី ដែលជាអាហាររបស់មនុស្សលោក។ ហើយកាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវបានរកឃើញថា ប្លាស្ទិកក៏មានជ្រាបដល់ក្នុងខ្លួនមនុស្សដែរ។ បើដូច្នេះមែន តើមនុស្សលោក នឹងអាចប្រឈមគ្រោះថ្នាក់យ៉ាងណា ?


 
ប្លាស្ទិកមិនមែនត្រឹមតែជាសម្រាមបំផ្លាញទេសភាពឆ្នេរសមុទ្ទ បរិស្ថាន បំពុលទឹក បំពុលដី សម្លាប់សត្វរស់នៅក្នុងទឹក លើគោក និងប្រើពេលវេលារាប់រយឆ្នាំដើម្បីបំផ្លែងរូបរាងដើមទេ តែប្លាស្ទិកអាចបន្សល់ទុកនូវដានមូលេគុលរបស់ខ្លួនស្ទើរជារៀងរហូតក្នុងធម្មជាតិ។ នារយៈពេលប៉ុន្មានខែឆ្នាំចុងក្រោយនេះ គេបានឃើញ និងឮព័ត៌មានជាច្រើននិយាយអំពី ប្លាស្ទិកជាប្រភពនៃសម្រាមគរលើឆ្នេរខ្សាច់អូរឈើទាលក្រុងកំពង់សោមដ៏ស្រល់ថ្លា អណ្តើក-ត្រី សត្វសមុទ្ទ ស្លាប់ដោយថប់ខ្យល់ក្នុងថង់ប្លាស្ទិក  ស្បោង-កាកសំណល់ស្រោមអនាម័យធ្វើពីប្លាស្ទិក ក្នុងពោះត្រីទន្លេ។ល។ និង ។ល។ នេះជាសំណល់ប្លាស្ទិក ដែលគេអាចមើលឃើញដោយផ្ទាល់នឹងភ្នែក ... តែតាមការពិត សំណល់ប្លាស្ទិកមាននៅគ្រប់ទិសទី ខ្លះតូចល្អិតមើលមិនឃើញដោយភ្នែកទទេផង មាននៅក្នុងទឹក លើដី ក្នុងខ្សល់ ហើយមនុស្សលោកបានស្រូប និងបរិភោគចូល ដោយមិនខ្លួនជារៀងរាល់ថ្ងៃ។



 
សូមប្រិយមិត្តចងចាំថា ប្លាស្ទិកត្រូវការពេលវេលាដល់ទៅរាប់ឆ្នាំដើម្បីបំផ្លែងរូបរាងដើម ! តាមរយៈពេលវេលា អាកាសធាតុ ទឹក-ខ្យល់-កម្តៅ-ភ្លើង កម្លាំងកកិត ទង្គិច ផលិតផលប្លាស្ទិកអាចបាក់បែក ក្លាយជាកម្ទេចល្អងធូលី ជាវត្ថុធាតុល្អិតៗឆ្មារៗ ប៉ុន្តែសារធាតុដើមជាប្លាស្ទិករបស់វាមិនរលាយបាត់បង់ធ្វើធម្មជាតិទេ។ សារធាតុប្លាស្ទិកដ៏តូចល្អិត ទាំងអស់នេះ ត្រូវបានអ្នកស្រាវជ្រាវរកឃើញមានយ៉ាងច្រើន និងស្ទើរគ្រប់ត្រី សត្វ ក្នុងទឹកប្រៃ ទឹកសមុទ្ទ ទឹកទន្លេបឹងបួរ ចំនួន១១៤ប្រភេទ ក្នុងនោះជាងពាក់កណ្តាលជាត្រីឬគ្រឿងសមុទ្ទដែលមនុស្សលោកទទួលទានជាអាហារប្រចាំថ្ងៃ។
 
ហើយគួរឱ្យភ្ញាក់ផ្អើលបន្ថែមទៀត កាលពីថ្ងៃអង្គារទី២៣តុលា នៅឯទីក្រុងវីយែន រដ្ឋធានីប្រទេសអូទ្រីស ក្រុមអ្នកស្រាវជ្រាវមួយក្រុម បានបង្ហាញលទ្ធផលសិក្សាសាកល្បង លើកដំបូងរបស់ខ្លួន ដែលផ្តោតទៅលើសារធាតុប្លាស្ទិក ទៅកាន់អង្គសន្និសីទអន្តរជាតិលើកទី១ ស្តីពីសុខភាពផ្នែកប្រព័ន្ធរំលាយអាហាររបស់មនុស្ស ថាសារធាតុប្លាស្ទិក បានពិតជាបានជ្រាបចូលទៅក្នុងប្រព័ន្ធរំលាយអាហាររបស់មនុស្សយើង តាមរយៈ ចំណីអាហារ ឬទឹកដែលយើងបរិភោគ។
 
ក្រុមអ្នកស្រាវជ្រាវ បានរកឃើញសារធាតុប្លាស្ទីក នៅក្នុងលាមកមនុស្ស ទំហំ ចន្លោះពី៥០ ទៅ៥០០មីក្រូមែត្រ។ ពោល គឺជាទំហំតូចបំផុត យ៉ាងធំបំផុតត្រឹមប៉ុនសរសៃសក់ និងដែលពេលខ្លះមិនអាចមើលឃើញដោយភ្នែកទទេទេ។ ដោយសារទំហំដ៏តូចនេះទើបអ្នកស្រាវជ្រាវ ប្រើពាក្យថា មីក្រូប្លាស្ទិក។ បើតាមការសន្និដ្ឋាន សំណល់សារធាតុប្លាស្ទិកទាំងនេះ បានជ្រាបចូលទៅក្នុងប្រព័ន្ធរំលាយអាហាររបស់មនុស្ស តាមរយៈ ការទទួលទានត្រីឬគ្រឿងសមុទ្រ ជាចំណីអាហារ ព្រមទាំងការបរិភោគទឹក ដែលច្រកក្នុងដបប្លាស្ទិក។
 
សារធាតុប្លាស្ទិក ដែលគេបានរកឃើញមាន ៩ប្រភេទ ភាគច្រើនជាងគេជាសារធាតុ Polypropylène ដែលជាសារធាតុ ប្លាស្ទិកប្រើប្រើនសម្រាប់ផលិតជាដបជ័រ និងគំរបដបទឹក។ សារធាតុ២ទៀតដែលមានច្រើនគួរសមដែរ គឺ សារធាតុ Polystyrène ដែលមាន ជាទូទៅនៅក្នុងប្រអប់ស្នោរ សម្រាប់ការវេចខ្ចប់ចំណីអាហារ និងសារធាតុ Polyéthylène ដែលជាបន្សំធ្វើថង់ឬស្បោងប្លាស្ទិក។
 
ចុះបើសារធាតុប្លាស្ទិក ឬមីក្រូប្លាស្ទិក បានជ្រាបចូលទៅក្នុងខ្លួនមនុស្ស យ៉ាងដូច្នេះតើវានឹងបង្កជាផលវិបាកដល់សុខភាពយ៉ាងណា?
 
ពុំទាន់មានអ្នកស្រាវជ្រាវណាហ៊ានផ្តល់ចម្លើយដោយជាក់លាក់ជូនពិភពលោកយើងទេ នាពេលនេះ ព្រោះគេត្រូវការសិក្សាបន្ថែមជាច្រើនដំណាក់ទៀត ដើម្បីបានដឹងអំពីផលប៉ះពាល់ចំពោះសុខភាពកំរិតណាផង និងដើម្បីបានយល់ថាសារធាតុប្លាស្ទិកទាំងនោះនឹងទៅកកផ្តុំក្នុងខ្លួនមនុស្សឬក៏ត្រូវរំលាយចេញតាមលាមកមកក្រៅវិញអស់ !
 
ប៉ុន្តែបើតាមលោកសាស្ត្រាចារ្យ Philippe Schwabl មកពីសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទីក្រុងវីយែន ដែលដឹកនាំការស្រាវជ្រាវនេះ បានលើកឡើងថាក្នុងការស្រាវជ្រាវមុនៗ ដែលធ្វើនៅលើសត្វ បានបង្ហាញថា សារធាតុប្លាស្ទិក បានជ្រាបចូលទៅក្នុងប្រព័ន្ធរំលាយអាហាររបស់សត្វ ដូចជាក្រពះ ពោះវៀនជាដើម ហើយថែមទាំងបានជ្រាបទៅនៅក្នុងឈាម ថ្លើម និងប្រម៉ាត់ របស់សត្វទាំងនោះទៀតផង។
 
ការសិក្សាផ្សេងទៀត ក៏បានបង្ហាញឱ្យឃើញរួមមកហើយ ថាត្រីនិងសត្វសមុទ្ទ រងទុក្ខវេទនារួចជាស្រេចទៅហើយដោយសារសារធាតុប្លាស្ទិក។ ការពិសោធន៍បានបង្ហាញថាសារធាតុមីក្រូប្លាស្ទិក បានបំផ្លាញសុខភាពសត្វរស់នៅក្នុងទឹក ដូចជាត្រី អណ្តើក រាប់ទាំងសត្វស្លាបផងយ៉ាងខ្លាំង ៖ បំពង់រំលាយត្រូវស្ទះ លែងសូវឃ្លាន ប្តូរឥរិយាបថអាហារ។ ជាលទ្ធផលសត្វលូតលាស់ធំធាត់ និងបន្តពូជលែងសូវល្អ។ ដោយសារក្រពះមានផ្ទុកពេញទៅដោយសារធាតុប្លាស្ទិក សត្វខ្លះត្រូវងាប់ដោយអត់ឃ្លាន។
 
មីក្រូប្លាស្ទិកមានឥទ្ធិពលប៉ះពាល់លើដំណើរការសរីរាង្គផង និងសំយោគគីមីក្នុងខ្លួនសត្វទៀត។ ដើម្បីបានយល់កាន់តែច្បាស់អំពីឥទ្ធិពលនៃមីក្រូប្លាស្ទិកចំពោះសុខភាព លោកស្រី ឆែលស៊ី រ៉ូចម៉ាន់ Chelsea Rochman សាស្ត្រាចារ្យបរិស្ថាននៃសកលវិទ្យាល័យតូរ៉ង់តូប្រទេសកាណាដា បានដឹកនាំធ្វើការសិក្សាពិសោធន៍មួយលើសត្វត្រី។ លទ្ធផលនៃការសិក្សាប្រៀបដូចជាសញ្ញាជួងដាស់អាសន្ន ស្តីអំពីគ្រោះថ្នាក់នៃប្លាស្ទិក ! លោកស្រីបានចិញ្ចឹមត្រីជាពីរក្រុម ៖ មួយក្រុមចិញ្ចឹមក្នុងកែវពិសោធន៍ មានទឹកសមុទ្ទ លាយដោយសារធាតុមីក្រូប្លាស្ទិក (ប្រភេទម្សៅ polyéthylène ដែលគេប្រើសម្រាប់ផលិតស្បោងប្លាស្ទិក) និងមួយក្រុមទៀត នៅក្នុងកែវ មានទឹក “ស្អាត” គ្មានសារធាតុប្លាស្ទិក។ ពីរបីខែក្រោយមក អ្នកវិទ្យាសាស្ត្រយើង បានសង្កេតឃើញថា កូនត្រីដែលចិញ្ចឹមក្នុងទឹកមានសារធាតុប្លាស្ទិក មានថ្លើមលូតលាស់ខ្លាំងខុសប្រក្រតី មានកោលិកាវិវឌ្ឍន៍ក្នុងទម្រង់ជាកោសិកាមហារីក។ ប៉ុន្តែកោសិកាមហារីកនេះមិនមែនបង្កឡើងដោយផ្ទាល់ដោយប្លាស្ទិកទេ ! តែដោយសារបន្សំសារធាតុគីមីដ៏ច្រើនដែលគេដាក់បន្ថែមដើម្បីឱ្យផលិតផលប្លាស្ទិកនោះមានលក្ខណៈទន់ ជ្រាយ ងាយបត់បែន ឬមិនងាយឆេះ ។ល។ និង ។ល។
 
ការសិក្សាពិសោធន៍មួយទៀត លើសត្វ គ្រំ សត្វអយស្ទ័រ បានបង្ហាញថា សត្វណាដែលប្រឈមនឹងសារធាតុប្លាស្ទិកប្រភេទ polystyrène ច្រើន ផលិតមេជីវិតបានតិច ហើយស្ពែម៉ាតូហ្ស៊ូអ៊ីតមិនសូវរវើកខ្លាំងទេ។
 
បញ្ជីឈ្មោះសត្វទឹកសាប និងទឹកប្រៃ រងគ្រោះដោយសារធាតុគីមីមានច្រើនដល់ទៅរាប់រយប្រភេទឯណោះ។
 
ដូច្នេះបើមនុស្សណាទទួលទានអាហារ ជាត្រីសាច់គ្រឿងសមុទ្ទមានផ្ទុកសារធាតុមីក្រូប្លាស្ទិកច្រើននោះនឹងពុំសូវមានសមត្ថភាពផ្នែកបន្តពូជ ឬងាយកើតជំងឺមហារីកដែរឬយ៉ាងណា ?! អ្នកវិទ្យាសាស្ត្រពិបាកផ្តល់ចម្លើយទម្លាក់កំហុសតែទៅលើអាហារត្រីនិងគ្រឿងសមុទ្ទណាស់ ព្រោះសារធាតុមីក្រូប្លាស្ទិកមិនមែនមានតែនៅក្នុងត្រី សាច់គ្រឿងសមុទ្ទនេះឯណា។ សូម្បីតែនៅក្នុងបរិស្ថានជុំវិញខ្លួនយើង កណ្តាលក្រុង ក្នុងផ្ទះ ក្នុងខ្យល់ដែលយើងស្រូបដង្ហើមចូលរាល់ថ្ងៃ ឬទឹកម៉ាស៊ីន ឬទឹកច្រកក្នុងដប ព្រមទាំងចំណីអាហារបន្លែសាច់ផ្សេងទៀត ក៏មានបង្កប់សារធាតុប្លាស្ទិកដែរ។
 
វត្ថុប្លាស្ទិកមួយ មិនមែនផលិតដោយបន្សំតែម្យ៉ាងទេ ! តែមានលាយសារធាតុគីមីជាច្រើនមុខទៀតណាស់។ សារធាតុគីមីខ្លះ ជាភ្នាក់ងារបង្កឱ្យមានបញ្ហាអ័រមូននៃការលូតលាស់ប្រព័ន្ធប្រសាទ។ សារធាតុគីមីខ្លះទៀត ត្រូវបានដាក់សម្រាប់កាត់បន្ថយចំហេះ ឬហៅថា ភ្នាក់ងារពន្យឺតភ្លើង ដែលអាចបំផ្លាញការលូតលាស់ខួរក្បាលរបស់ទារកនៅក្នុងផ្ទៃ និងទារកទើបនឹងកើត។ សារធាតុគីមីខ្លះទៀត ដែលគេបញ្ចូលក្នុងប្លាស្ទិកដែរ អាចភ្នាក់ងារបង្កឱ្យមានជំងឺមហារីក ឬការបង្កកំណើតមិនប្រក្រតីតែម្តង។
 
ជាទូទៅ សមាសភាគគីមីភាគច្រើនក្នុងប្លាស្ទិក បានធ្វើឱ្យសុខភាពសត្វក្នុងមន្ទីរពិសោធន៍ចុះខ្សោយ ក្នុងកំរិតមួយដែលរដ្ឋាភិបាលប្រទេសខ្លះចាត់ទុកតិចតួចនិងគ្មានគ្រោះថ្នាក់ដល់មនុស្សទេ។
 
ការសិក្សាអំពីឥទ្ធិពលប៉ះពាល់ចំពោះសុខភាពមនុស្សបង្កឡើងដោយការបរិភោគត្រីនិងគ្រឿងសមុទ្ទមានផ្ទុកសារធាតុមីក្រូផ្លាសិ្ទក នៅមានលក្ខណៈស្មុគស្មាញណាស់ ព្រោះគេនៅមិនទាន់យល់ដឹងសោះនៅឡើយអំពីរបៀបឬដំណើរប្រែទម្រង់និងការចំអិនគ្រឿងសមុទ្ទឬត្រីនោះទៅអាចប្តូរផ្លាស់ជាតិពុលប្លាស្ទិកបានយ៉ាងណាទេ ហើយវាអាចឆ្លងមកមនុស្សក្នុងកំរិតណានៅឡើយទេ។
 
ហេតុដូច្នេះបានជា ក៏អ្នកវិទ្យាសាស្ត្រនៅតែមានកង្វល់ជានិច្ចចំពោះផលវិបាកនៃប្លាស្ទិកចំពោះសុខភាពមនុស្ស ពីព្រោះមីក្រូប្លាស្ទិកមានវត្តមានកាន់តែច្រើនឡើងៗ និងស្ទើរគ្រប់ទិសទី អាចបំបែកខ្លួនទៅជាល្អងតូច ១០០ពាន់លាន/ម៉ែត្រមើលមិនឃើញដោយភ្នែកទទេ។ ចាស! ប្លាស្ទិកជារបកគំឃើញដ៏អស្ចារ្យ ងាយស្រួលប្រើ មាំ ស្រាល ជាប់ល្អ តែគុណសម្បត្តិក៏ច្រើន គុណវិបត្តិក៏ធ្ងន់ធ្ងរវិញដែរ !
 
នៅពេលណាលម្អងប្លាស្ទិកកាន់តែតូច វាកាន់ងាយជ្រាប និងស្រូបចូលក្នុងខ្លួន ហើយរសាត់រត់ពេញជាលិកានិងសរីរាង្គយើង ដែលអត់មិនព្រួយបារម្ភមិនបានឡើយ។ គ្រាន់តែពេលនេះអ្នកស្រាវជ្រាវមិនទាន់មានវិធីសាស្ត្រគណនា និងវិភាគ ផ្តល់ទិន្នន័យដែលមនុស្សបានស្រូបវាចូល។ គេរំពឹងថានឹងអាចផ្តល់ចម្លើយលម្អិតបាន នៅរវាងពី៥ទៅឆ្នាំទៀតខាងមុខ។
 
ក្នុងពេលដែលអ្នកស្រាវជ្រាវកំពុងបន្តខិតខំសិក្សា យើងគ្រប់គ្នាបានដឹងហើយអំពីផលប៉ះពាល់របស់បំណែកប្លាស្ទិកចំពោះសុខភាពសត្វ ដូច្នេះយើងក៏គួរតែចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចាត់វិធានការទប់ស្កាត់ការបំពុលបរិស្ថាន ចោលសម្រាមប្លាស្ទិក កុំឱ្យធ្លាក់ទៅសមុទ្ទ ទៅក្នុងទន្លេបឹងបួរឬប្រភពទឹកផ្សេងៗ ទៅបំពុលត្រី។ ត្រីជាអាហារដ៏ល្អជាងគេសម្រាប់សុខភាព ដោយវាអាចជួយកាត់គ្រោះកើតជំងឺសរសៃឈាមបេះដូង ! ត្រីជាអាហារមានកំរិតអាហារូបត្ថម្ភខ្ពស់ជាងសាច់ផ្សេងៗទៀតឆ្ងាយណាស់៕
 

Tag:
 នាទីសុខភាពនិងអនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com