RFI
សុខភាព
អន្តរជាតិ
មហារីកបាតភ្នែកជាជំងឺដែលមានកើតច្រើនលើកុមារ
20, Jan 2024 , 8:19 pm        
រូបភាព
ប្រសីភ្នែកស្តាំស នៃកុមារដែលមានជំងឺមហារីកបាតភ្នែក។ Pak Sang Lee
ប្រសីភ្នែកស្តាំស នៃកុមារដែលមានជំងឺមហារីកបាតភ្នែក។ Pak Sang Lee
ដោយ៖ អៀង សុខម៉ិញ
 
ជំងឺមហារីកមួយដែលមានកើតយ៉ាងញឹកញាប់លើទារក/កុមារ គឺមហារីកបាតភ្នែក។ ជំងឺមហារីកនេះ អាចព្យាបាលបានជាសះស្បើយ ក្នុងកំរិតប្រមាណ៩៥%នៅប្រទេសក្នុងប្រទេសជឿនលឿន និង៩០%នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែចាំបាច់ត្រូវនាំកុមារនិងទារក មកព្យាបាលឱ្យបានទាន់ពេលវេលា។ តើត្រូវធ្វើដូចម្តេចទើបដឹងថាកុមារ ឬទារកមានជំងឺមហារីកបាតភ្នែក ? តើការព្យាបាលជំងឺប្រភេទនេះ មានលក្ខណៈធ្ងន់ធ្ងរយ៉ាងណា ?

 
បាតភ្នែក ជាសរីរាង្គដ៏សំខាន់មួយរបស់ភ្នែក និងគំហើញ ព្រោះវាមានតួនាទីជាអ្នកទទួលរូបភាព ប្រៀបដូចហ្វីលផ្តិតរូបបញ្ជូនប្រសីភ្នែក សម្រាប់បញ្ជូនទៅឱ្យខួរក្បាលវិភាគថាជាអ្វី។ នៅពេលបាតភ្នែករងគ្រោះ របើក រហើប ប៉ះទង្គិច នោះសមត្ថភាពមើលរបស់យើងក៏ត្រូវធ្លាក់ទៅតាមនោះដែរ។ មានជំងឺជាច្រើនដែលកើតលើបាតភ្នែក តែជំងឺដែលកើតញឹកញាប់ខ្លាំងលើក្មេងនិងទារក គឺជំងឺសរសៃបាតភ្នែក ជំងឺរលាកបាតភ្នែក និងកាន់តែធ្ងន់ធ្ងរថែមទៀតគឺជំងឺមហារីកបាតភ្នែក។



 
មហារីកបាតភ្នែក ជាជំងឺមហារីកមួយដែលច្រើនមានកើតលើកុមារ មុនអាយុ៥ឆ្នាំ និង២/៣ជាកុមាររស់នៅក្នុងប្រទេសក្រីក្រ និងមានចំណូលទាប។ អាចធ្វើកុមារពិការភ្នែកអស់មួយជីវិត និងស្លាប់បាន ជំងឺមហារីកបាតភ្នែកនេះ មិនមែនជាប្រភេទជំងឺមិនស្មុគស្មាញខ្លាំងក្នុងការព្យាបាលឡើយ គ្រាន់តែជួនកាលជំងឺនេះ ក្រផ្តល់រោគសញ្ញាប៉ុណ្ណោះ និងយឺតពេលសម្រាប់ការព្យាបាល។
 
រោគសញ្ញានៃជំងឺ ដែលគេជួបប្រទះញឹកញាប់ជាងគេ គឺ
 
មានស្រមោលសជះពីក្នុងភ្នែក នៅពេលបញ្ចាំងភ្លើងត្រូវ ឬនៅពេលថតរូប (៥០%)
ភ្នែកស្រឡេវ ឬកែក (២០%)
មើលមិនច្បាស់ ដោយដុំសាច់មហារីកដុះប៉ះពាល់ដល់ស្រទាប់បាតភ្នែក (២០%)
ឈឺគ្រាប់ភ្នែក ឡើងក្រហម ណែន លៀន។ នេះជារោគសញ្ញាដែលបញ្ជាក់ថាជំងឺបានវិវឌ្ឍដល់ដំណាក់កាលមួយជិតហួសពេលទៅហើយ
ករណីជំងឺមហារីកបាតភ្នែក ចំនួនពាក់កណ្តាល កើតមានតាំងពីកំណើត។ ទារកមានផ្ទុកហ្សែនមិនប្រក្រតី តាំងពីចេញពីផ្ទៃម្តាយមក។ ភាពមិនប្រក្រតីនៃហ្សែននេះ នឹងធ្វើឱ្យបាតភ្នែករងគ្រោះ យូរឬឆាប់ទៅជាជំងឺមហារីក ក្នុងទម្រង់ជាដុំសាច់ស្លូតឬកាចខ្លាំង។
 
ការព្យាបាល
 
ប៉ុន្តែជាសំណាងល្អ ការព្យាបាលជំងឺមហារីកបាតភ្នែក មានប្រសិទ្ធភាពដល់ទៅប្រមាណ៩៥% នៅប្រទេសកម្ពុជា ជាក់ស្តែងនៅមន្ទីរពេទ្យកុមារអង្គរក្រុងសៀមរាប និងដល់៩៩%នៅប្រទេសជឿនលឿន៕
 

Tag:
 នាទីសុខភាពនិងអនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com